Admin, 19 November 2026
ថ្មីៗនេះ Zontes បានប្រកាសចេញម៉ូតូ Naked ថ្មីមួយដែលបំពាក់នូវម៉ាស៊ីន 3 ស៊ីឡាំងដ៏គួរឱ្យចាប់អារម្មណ៍។ ម៉ាស៊ីននេះមានទំហំ 847cc ដែលធ្វើឱ្យវាធំជាងម៉ាស៊ីនដែលបំពាក់នៅលើម៉ូតូ Triumph Street Triple ជំនាន់បច្ចុប្បន្ននេះ។ ដូច្នេះហើយម៉ូឌេលនេះ វាផលិតកម្លាំងបានខ្លាំងជាងឆ្ងាយ គឺ 150bhp បើប្រៀបធៀបទៅនឹង 130bhp។ តួលេខនេះក៏ខ្ពស់ជាងកម្លាំង 120bhp ដែលម៉ាស៊ីន 3 ស៊ីឡាំង 890cc របស់ Yamaha ផលិតបាននៅលើម៉ូឌែល MT-09 ផងដែរ។ តាមពិតទៅ តួលេខនេះគឺប្រហាក់ប្រហែលគ្នាច្រើនទៅនឹងកម្លាំង 140bhp ពីម៉ូឌែល Brutale RR Ottantesimo របស់ MV Agusta ឬសូម្បីតែ Brutale Serie Oro ដែលមានកម្លាំង 148bhp ចេញពីម៉ាស៊ីន 3 ស៊ីឡាំង 931cc របស់វា។ និយាយឱ្យខ្លី កម្លាំង 150bhp ចេញពីម៉ាស៊ីន 3 ស៊ីឡាំង 847cc គឺជាតួលេខដែលអាចប្រកួតប្រជែងបានយ៉ាងខ្លាំងនៅក្នុងផ្នែកទីផ្សារម៉ូតូ Nakedនាពេលបច្ចុប្បន្ននេះផងដែរ។
ទម្ងន់ និងគ្រឿងបំពាក់ជើងក្រោម
ម៉ូតូដែលប្រើប្រាស់ម៉ាស៊ីននេះ គឺម៉ូឌែល Zontes ZT853-R ក៏មានទម្ងន់ដែលអាចប្រកួតប្រជែងបានផងដែរ គឺ 183 គីឡូក្រាម (183kg)។ ទម្ងន់នេះគឺស្រាលជាង Street Triple ស្តង់ដារ 5 គីឡូក្រាម, ស្រាលជាង MT-09 ស្តង់ដារ (ដែលមិនប្រើប្រអប់លេខ Y-AMT) 10 គីឡូក្រាម និងស្រាលជាងម៉ូឌែល MV Agusta ទាំងពីរជាង 10 គីឡូក្រាម។ នេះគឺជាតួលេខដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតសំរាប់ម៉ូឌែលនេះ។ ទស្សនាវដ្តីអាល្លឺម៉ង់ Motorrad បានកត់សម្គាល់ថា ទម្ងន់ដ៏ស្រាលនេះ (ដែលស្រាលជាងម៉ូតូ Naked ទំហំតូចជាងនៅក្នុងត្រកូលរបស់ Zontes គឺម៉ូឌែល ZT703-R ដល់ទៅ 15 គីឡូក្រាម) អាចបណ្តាលមកពីការកាត់បន្ថយសម្ភារៈប្រើប្រាស់នៅក្នុងគ្រោងឆ្អឹង និងម៉ាស៊ីន ដែលនៅលើម៉ូឌែល 853 ទាំងគ្រោងឆ្អឹង និងម៉ាស៊ីនហាក់ដូចជាមានជញ្ជាំងស្តើងជាងម៉ូឌែល 703។ បន្ថែមពីនេះ ទម្ងន់ក៏អាចត្រូវបានកាត់បន្ថយនៅលើវង់កង់ និងគ្រឿងបន្លាស់ជើងក្រោមផ្សេងទៀត ដូចជា៖
- ប្រព័ន្ធបូម៖ លើកនេះផ្គត់ផ្គង់ដោយក្រុមហ៊ុន KYB។
- ប្រព័ន្ធហ្វ្រាំង៖ ក្រុមហ៊ុន Brembo គឺជាអ្នកទទួលបន្ទុកលើការចាប់ហ្វ្រាំងរបស់ ZT853-R។
មិនទាន់មានការកំណត់តម្លៃសម្រាប់ម៉ូឌែល ZT853-R នៅឡើយទេ ទោះបីជាគេអាចរំពឹងថាវានឹងមានតម្លៃថ្លៃជាងម៉ូឌែល ZT703-R ដែលមានតម្លៃ 8,978 ដុល្លាអាមេរិក ក៏ដោយ។ អ្វីដែលយើងដឹងច្បាស់នោះគឺ ម៉ូតូនីត្រូវបានគ្រោងទុកថានឹងមកដល់ទ្វីបអឺរ៉ុបនៅចុងរដូវក្តៅ ឆ្នាំ 2027ខាងមុខនេះ។
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
