Admin, 11 May 2026
ម៉ាកយីហោ Zeekr របស់ក្រុមហ៊ុន Geely បានប្រកាសជាផ្លូវការថា រថយន្ត Zeekr 009 ស៊េរីអាប់ដេតថ្មី នឹងត្រូវដាក់សម្ពោធនៅថ្ងៃទី 19 ខែឧសភាខាងមុខនេះ។ រថយន្ត MPV កម្រិតខ្ពស់នេះ ធ្លាប់បានបង្ហាញខ្លួននៅក្នុងឯកសារចុះបញ្ជីកាលពីខែមីនា និងបានបើកឱ្យកក់ទុកមុនក្នុងពិព័រណ៍រថយន្តក្រុងប៉េកាំង ដោយមានជម្រើសបីប្រភេទគឺ៖ ស៊េរី 7 កៅអី Ultra, ស៊េរី 7 កៅអី Ultra+ Qijia និងស៊េរី 6 កៅអី Ultra+ Executive។
ការកែលម្អផ្នែកខាងក្នុង
ទោះបីជារូបរាងខាងក្រៅនៅរក្សារចនាបថដដែល ប៉ុន្តែកាប៊ីនខាងក្នុងមានការផ្លាស់ប្តូរថ្មីដូចជា ចង្កូតរចនាឡើងវិញ និងប៊ូតុងបញ្ជាបែបគ្រីស្តាល់ (crystal rotary knob) នៅផ្នែកកុងសូលកណ្តាល។ គ្រឿងបរិក្ខារស្តង់ដាររួមមាន ការកែសម្រួលកៅអីដោយអគ្គិសនីច្រើនទម្រង់ ប្រព័ន្ធខ្យល់ចេញចូល និងប្រព័ន្ធកម្ដៅសម្រាប់គ្រប់កៅអីទាំងអស់។
កៅអីជួរទីពីរឥឡូវនេះផ្តល់ជូននូវកៅអីប្រភេទ Zero-gravity ភ្លោះ ដែលបំពាក់ដោយមុខងារម៉ាស្សា និងច្របាច់ដល់ទៅ 22 ចំណុច។ សម្រាប់កំណែ 7 កៅអី កៅអីជួរទីពីរអាចបង្វិលបាន ហើយមានបំពាក់អេក្រង់ OLED ទំហំ 17 អ៊ីញ នៅលើដំបូលឡានផងដែរ។
ភាពឆ្លាតវៃ និងសុវត្ថិភាព
Zeekr 009 ថ្មី ដំណើរការដោយឈីប Thor-U ដែលមានកម្លាំងគណនាដល់ទៅ 700 TOPS។ វាមកជាមួយប្រព័ន្ធជំនួយការបើកបរ H7G-ASD ជាស្តង់ដារ និងផ្តល់ជូននូវមុខងារសុវត្ថិភាពសកម្ម (active safety) ជាង 70 មុខ។
សមត្ថភាព និងការសាកថ្ម
កំណែម៉ូទ័រភ្លោះរបស់ Zeekr 009 ថ្មី ត្រូវបានតម្លើងទៅជាប្រព័ន្ធអគ្គិសនីកម្លាំងខ្លាំង 900V និងប្រើប្រាស់អាគុយ 6C Qilin ពីក្រុមហ៊ុន CATL។
ប្រព័ន្ធថាមពល និងចម្ងាយបើកបរ៖
- ប្រភេទម៉ូទ័រទោល៖ កម្លាំងអតិបរមា 310 kW (416 សេះ) ស្ទុះពី ០ ដល់ 100គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 6.9 វិនាទី និងបើកបរបានចម្ងាយ 740 គីឡូម៉ែត្រ។
- ប្រភេទម៉ូទ័រភ្លោះ៖ កម្លាំងអតិបរមា 680 kW (912 សេះ) ស្ទុះពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 3.9 វិនាទី និងបើកបរបានចម្ងាយ 720 គីឡូម៉ែត្រ។
ប្រសិទ្ធភាពនៃការសាកថ្ម៖
- ប្រភេទម៉ូទ័រទោល៖ សាកពី 10% ទៅ 80% ចំណាយពេល 0.19 ម៉ោង (ប្រហែល 11នាទី)។
- ប្រភេទម៉ូទ័រភ្លោះ៖ សាកពី 10% ទៅ 80% ចំណាយពេលត្រឹមតែ 0.17 ម៉ោង (ប្រហែល 10 នាទី)។
ប្រព័ន្ធជើងក្រោម៖ រថយន្តនេះបំពាក់ដោយប្រព័ន្ធបូមខ្យល់ (air suspension) ប្រភេទ dual-chamber និងបូមអេឡិចត្រូម៉ាញ៉េទិច CCD dual-valve ដើម្បីបង្កើនភាពរលូន និងផាសុកភាពក្នុងការបើកបរ។
ស្ថានភាពលក់របស់ Zeekr 009 ក្នុងប្រទេសចិន
នៅក្នុងប្រទេសចិន ការលក់ប្រចាំខែរបស់ Zeekr 009 គឺមានចំនួនប្រហែល 1,000 គ្រឿងកាលពីឆ្នាំមុន ប៉ុន្តែបានធ្លាក់ចុះមកក្រោម 1,000 គ្រឿងវិញនៅក្នុងឆ្នាំនេះ បើទោះបីជាធ្លាប់ហក់ឡើងខ្ពស់ដល់ 4,201 គ្រឿង កាលពីខែវិច្ឆិកា ឆ្នាំ 2024 ក៏ដោយ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
