Admin, 21 November 2026
ក្រុមហ៊ុន Xpeng (នឹងរៀបចំព្រឹត្តិការណ៍ 2026 AI Day របស់ខ្លួន នៅថ្ងៃទី 25 ខែវិច្ឆិកា នៅក្នុងទីក្រុងក្វាងចូវ (Guangzhou) ដែលជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ដើម្បីដាក់បង្ហាញសមិទ្ធផលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ចុងក្រោយបង្អស់របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនមួយនេះ ដែលលើផ្នែក Physical AI។
ក្រុមហ៊ុន បានប្រកាសនៅលើបណ្តាញសង្គម Weibo កាលពីថ្ងៃព្រហស្បតិ៍ ថា ព្រឹត្តិការណ៍ AI Day ឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «Origin» (ប្រភពដើម) ក្នុងគោលបំណងស្វែងយល់ពីដែនកំណត់នៃ AI នាពេលអនាគត ដោយចាប់ផ្តើមចេញពីប្រភពដើមនៃពិភពរូបវន្ត។ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមនៅម៉ោង 2:00 រសៀល តាមម៉ោងនៅទីក្រុងប៉េកាំង។ លោក He Xiaopeng ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Xpeng បានមានប្រសាសន៍នៅលើ Weibo ថា ក្រុមហ៊ុននឹងចែករំលែកទស្សនៈ និងការអនុវត្តចុងក្រោយបង្អស់របស់ខ្លួន ស្តីពីការវិវត្តនៃ Physical AI នៅក្នុងព្រឹត្តិការណ៍នេះ ដោយស្វែងយល់ពីរបៀបដែលម៉ូដែល AI និងរូបរាងកាយរូបវន្ត វិវឌ្ឍន៍ទៅមុខរួមគ្នា។ លោកបានលាតត្រដាងថា រ៉ូបូតមនុស្សយន្ត Iron របស់ Xpeng នឹងឡើងមកលើឆាកដើម្បីធ្វើអន្តរកម្មផ្ទាល់ជាមួយទស្សនិកជននៅក្នុងព្រឹត្តិការណ៍នេះ ខណៈដែលក្រុមហ៊ុនក៏នឹងធ្វើបទបង្ហាញពីរបៀបដែលបច្ចេកវិទ្យា Turing AI ផ្លាស់ប្តូរបទពិសោធន៍យានយន្តសម្រាប់អ្នកប្រើប្រាស់ផងដែរ។
លោក He បានមានប្រសាសន៍ថា ដើម្បីឱ្យ AI អាចផ្លាស់ប្តូរពិភពលោកបាន វាទាមទារឱ្យមានការដោះស្រាយបញ្ហាប្រឈមនានា រួមមានរបៀបដែល ផ្នែក software និង hardware សហការគ្នានៅក្នុងពិភពរូបវន្ត, របៀបដែលសមត្ថភាពម៉ូដែលត្រូវ បានបញ្ចេញឱ្យអស់លទ្ធភាពនៅក្នុងតួខ្លួនដែលមានកំណត់ និងរបៀបដែលតួខ្លួននាំយកទិន្នន័យឆ្លើយតបពីពិភពពិតត្រឡប់ទៅឱ្យម៉ូដែលវិញ។ ព្រឹត្តិការណ៍នេះ ត្រូវ បានកំណត់កាលវិភាគមុនពិព័រណ៍យានយន្ត Guangzhou Auto Show ឆ្នាំ 2026 ដែលនឹងបើកទ្វារនៅថ្ងៃទី 27 ខែវិច្ឆិកា ហើយកាលវិភាគសំខាន់ៗពីក្រុមហ៊ុនគូប្រជែងក្នុងស្រុករបស់ Xpeng នៅថ្ងៃតែមួយនេះ ធ្វើឱ្យថ្ងៃទី 25 ខែវិច្ឆិកា ក្លាយជាកាលបរិច្ឆេទដែលត្រូវ បានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត សម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនីរបស់ប្រទេសចិន។
ចំណែកឯក្រុមហ៊ុន Nio Inc នឹងរៀបចំព្រឹត្តិការណ៍បច្ចេកវិទ្យាច្នៃប្រឌិត Nio IN 2026 របស់ខ្លួននៅទីក្រុងក្វាងចូវ នៅថ្ងៃទី 25 ខែវិច្ឆិកា ដើម្បីបង្ហាញពីសមិទ្ធផល AI របស់ខ្លួន ខណៈដែលក្រុមហ៊ុន Li Auto ត្រូវ បានកំណត់ថានឹងរាយការណ៍លទ្ធផលហិរញ្ញវត្ថុត្រីមាសទីបីរបស់ខ្លួន មុនពេលទីផ្សារភាគហ៊ុនអាមេរិកបើកដំណើរការនៅថ្ងៃដដែលនោះ។
Xpeng បានលាតត្រដាងរ៉ូបូតមនុស្សយន្ត Iron ជំនាន់ក្រោយ និងផែនការរថយន្តតាក់ស៊ីគ្មានអ្នកបើកបរ (robotaxi) របស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ 2025 AI Day កាលពីថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំមុន ហើយបាននិងកំពុងពន្លឿនការផលិតក្នុងបរិមាណច្រើន (mass production) និងការធ្វើពាណិជ្ជកម្មលើអាជីវកម្មដែលពាក់ព័ន្ធនៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុន បានដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មរ៉ូបូតមនុស្សយន្តរបស់ខ្លួននៅក្នុងខែកញ្ញា ហើយលោក He បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំរបាយការណ៍ប្រាក់ចំណូលកាលពីថ្ងៃទី 16 ខែវិច្ឆិកា ថា លោកមានទំនុកចិត្តថា ការផលិតក្នុងបរិមាណច្រើននឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ឬនៅខែមករាឆ្នាំក្រោយ ដោយការប្រគល់ផលិតផលនឹងចាប់ផ្តើមនៅត្រីមាសទីពីរនៃឆ្នាំក្រោយ។
បន្ថែមពីនេះ រថយន្ត Xpeng Yoyo ដែលបំពាក់ដោយបន្ទះឈីប Turing AI អភិវឌ្ឍដោយក្រុមហ៊ុនផ្ទាល់ បានទទួលការអនុម័តកាលពីខែតុលា សម្រាប់ប្រតិបត្តិការសាកល្បងរថយន្តតាក់ស៊ីគ្មានអ្នកបើកបរកម្រិត 4 (Level 4 robotaxi) នៅទូទាំងទីក្រុងក្វាងចូវ ហើយថ្មីៗនេះ ក្រុមហ៊ុនក៏បានបង្កើតផ្នែកសេវាកម្មវិស្វកម្ម AI (AI Engineering Services division) ដើម្បីផ្គត់ផ្គង់បច្ចេកវិទ្យារបស់ខ្លួនទៅឱ្យដៃគូខាងក្រៅផងដែរ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
