Admin, 31 January 2026

        ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការថា រថយន្តអគ្គិសនីសមត្ថភាពខ្ពស់លំដាប់បង្គោល របស់ខ្លួន គឺម៉ូដែល SU7 Ultra នឹងក្លាយជារថយន្តចិនដំបូងគេបង្អស់ដែលត្រូវបាន ដាក់បញ្ចូលទៅក្នុងហ្គេមប្រណាំងឡានបែប Simulator ដ៏ល្បីល្បាញ Gran Turismo 7។ រថយន្តនេះនឹងមានវត្តមាននៅក្នុងហ្គេម ចាប់ពីថ្ងៃទី 29 ខែមករា ឆ្នាំ 2026 វេលាម៉ោង 2 រសៀល (ម៉ោងនៅទីក្រុងប៉េកាំង)។

Gran Turismo 7 អភិវឌ្ឍដោយក្រុមហ៊ុន Polyphony Digital សម្រាប់ម៉ាស៊ីន PlayStation ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាហ្គេមប្រណាំងឡានបែប Simulator ឈានមុខគេមួយនៅលើពិភពលោក។ ហ្គេមនេះមានផ្ទុកនូវរថយន្តជាង 500 ម៉ូដែល ដែលត្រូវបានបង្កើតឡើងវិញយ៉ាងផ្ចិតផ្ចង់បំផុតពីបណ្ដាក្រុមហ៊ុនផលិតរថយន្តល្បីៗលើពិភពលោក រួមមាន Nissan, Porsche, BMW និង Mercedes-AMG។ ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ម៉ាករថយន្តរបស់ចិនមិនធ្លាប់មានវត្តមាននៅក្នុងបញ្ជីរថយន្តដ៏ច្រើន សន្ធឹកសន្ធាប់របស់ហ្គេមនេះឡើយ។


ការដាក់បញ្ចូលនេះ តំណាងឱ្យសមិទ្ធផលដ៏អស្ចារ្យសម្រាប់ Xiaomi ដែលទើបតែបាន ឈានជើងចូលក្នុងទីផ្សាររថយន្តនាពេលថ្មីៗនេះ។ SU7 Ultra ដែលជាប្រភេទរថយន្ត សមត្ថភាពខ្ពស់នៃស្រឡាយ Sedan អគ្គិសនីរបស់ Xiaomi បានបង្កើតកេរ្តិ៍ឈ្មោះយ៉ាង ឆាប់រហ័ស ជាការបង្ហាញពីបច្ចេកវិទ្យាវិស្វកម្មរថយន្តរបស់ចិន។ វឌ្ឍនភាពនេះធ្វើឡើងបន្ទាប់ ពីការប្រកាសភាពជាដៃគូរវាង Polyphony Digital និង Xiaomi កាលពីខែមិថុនា ឆ្នាំ 2025 នៅពេលដែលក្រុមហ៊ុនទាំងពីរបានបញ្ជាក់ពីកិច្ចសហការដើម្បីនាំយក SU7 Ultra ចូលទៅក្នុងពិភពប្រណាំងឡាននិម្មិត។

នេះគឺជាសញ្ញានៃការទទួលស្គាល់កាន់តែខ្លាំងជាសកល ចំពោះម៉ាករថយន្តចិន និងសមត្ថភាពបច្ចេកវិទ្យារបស់ពួកគេ។ ជាមួយនឹងលក្ខណៈបច្ចេកទេសរបស់ SU7 Ultra រួមមានប្រព័ន្ធម៉ូទ័រអគ្គិសនីច្រើនគ្រាប់ ដែលអាចបង្កើនល្បឿនពី ០ ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលមិនដល់ 2 វិនាទីផងនោះ វត្តមានក្នុងហ្គេមនេះនឹងផ្តល់ឱ្យអ្នកលេងហ្គេមទូទាំង ពិភពលោក នូវបទពិសោធន៍ផ្ទាល់ជាមួយបច្ចេកវិទ្យា EV កម្រិតខ្ពស់របស់ចិន។


វត្តមានរបស់ Xiaomi SU7 Ultra ក្នុង Gran Turismo 7 ក៏អាចនឹងបើកផ្លូវឱ្យក្រុមហ៊ុនផលិត រថយន្តចិនដទៃទៀតចូលរួមក្នុងហ្គេមនេះផងដែរ ដែលជួយពង្រឹងវត្តមានរបស់ចិននៅក្នុង វប្បធម៌រថយន្តសកល និងវិស័យហ្គេម។ កាលពីខែតុលាឆ្នាំមុន ម៉ាក Yangwang ដែលជាម៉ាកសមត្ថភាពខ្ពស់របស់ក្រុមហ៊ុន BYD ក៏បានប្រកាសថា ម៉ូដែល Yangwang U9 Xtreme នឹងត្រូវដាក់បញ្ចូលក្នុង Gran Turismo 7 នៅលើ PlayStation 5 ក្នុងពេលឆាប់ៗ នេះផងដែរ។ ការដាក់បញ្ចូលនេះធ្វើឡើងបន្ទាប់ពីវាបានបង្កើតកំណត់ត្រារត់ក្នុងសៀគ្វី Nürburgring Nordschleife ក្នុងរយៈពេល 6:59.157 នាទី ដែលធ្វើឱ្យវាក្លាយជារថយន្ត អគ្គិសនីផលិតសម្រាប់លក់ (Production car) ដែលលឿនបំផុតនៅក្នុងសៀគ្វីនេះ និងធ្លាប់សម្រេចបានល្បឿនអតិបរមាដល់ទៅ 496.22 គីឡូម៉ែត្រ/ម៉ោង នៅទីលានសាកល្បង ATP ក្នុងប្រទេសអាល្លឺម៉ង់៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)