Admin, 23 May 2026

កាលពីថ្ងៃទី21 ខែឧសភា ឆ្នាំ 2026 គណនី X ផ្លូវការរបស់ក្រុមហ៊ុន Tesla បានបង្ហាញពីប្លង់មេជាសកលចុងក្រោយបង្អស់សម្រាប់ប្រព័ន្ធ FSD (Supervised) របស់ខ្លួន ដោយបានបញ្ជាក់យ៉ាងច្បាស់ថា បច្ចេកវិទ្យានេះឥឡូវនេះអាចគាំទ្រជាមួយតំបន់ប្រទេសចិនបានហើយ។ ទោះបីជាការប្រកាសនេះជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក៏ដោយ ក៏ក្រុមហ៊ុន Tesla ប្រចាំប្រទេសចិន មិនទាន់បានបង្ហាញកាលបរិច្ឆេទជាក់លាក់សម្រាប់ការទម្លាក់កម្មវិធី (software rollout) នេះទៅដល់អតិថិជនក្នុងស្រុកនៅឡើយទេ។

កាលពីដើមឆ្នាំនេះ នាយកប្រតិបត្តិលោក Elon Musk បានប្រកាសថា Tesla នឹងប្តូរទៅប្រើប្រាស់ទម្រង់បង់ប្រាក់ប្រចាំខែ (subscription-only) សម្រាប់ប្រព័ន្ធ FSD នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ក្នុងតម្លៃ 99 ដុល្លារក្នុងមួយខែ ជាមួយនឹងការសាកល្បងប្រើប្រាស់ដោយឥតគិតថ្លៃរយៈពេល 30 ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសចិន បច្ចុប្បន្នក្រុមហ៊ុននៅតែរក្សាជម្រើសទិញដាច់តែម្តង (one-time buyout) សម្រាប់កញ្ចប់ "Full Self-Driving" នេះ ក្នុងតម្លៃ ៦ប្រហែល 9,400 ដុល្លារអាមេរិក។ ចំណែកឯសេវាកម្មបង់ប្រាក់ប្រចាំខែសម្រាប់អ្នកប្រើប្រាស់ចិន មិនទាន់ត្រូវបានដាក់ឱ្យប្រើប្រាស់នៅឡើយទេ។

សញ្ញានៃការបើកសម្ពោធដ៏កៀកកិតនៅក្នុងប្រទេសចិន បានលេចឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ បច្ចុប្បន្ន Tesla កំពុងជ្រើសរើសបុគ្គលិកផ្នែកបច្ចេកទេសតេស្តប្រព័ន្ធបើកបរស្វ័យប្រវត្តិ (Autopilot Test Technicians) សម្រាប់ការសាកល្បងលើផ្លូវថ្នល់ជាក់ស្តែងនៅក្នុងទីក្រុងធំៗចំនួន 9រួមមាន៖ ប៉េកាំង ស៊ាងហៃ ធានជីន ឆុងឈីង ក្វាងចូវ សិនជិន ឆេងឌូ វូហាន និងស៊ូចូវ។ តួនាទីទាំងនេះ ដែលស្ថិតនៅក្រោមផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) បញ្ជាក់ពីការបង្កើនល្បឿនក្នុងការធ្វើមូលដ្ឋានីយកម្មសមត្ថភាពរបស់ប្រព័ន្ធ FSD

ក្នុងអំឡុងពេលប្រកាសលទ្ធផលហិរញ្ញវត្ថុត្រីមាសទី 1 ឆ្នាំ 2026 កាលពីថ្ងៃទី 23 ខែមេសា ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Tesla បានថ្លែងថា ក្រុមហ៊ុនកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរគ្រប់គ្រងរបស់ចិន។ គោលដៅគឺដើម្បីទទួលបានការអនុម័តពេញលេញសម្រាប់ប្រព័ន្ធ FSD នៅក្នុងប្រទេសចិន ត្រឹមត្រីមាសទី 3 នៃឆ្នាំ 3036។ ដើម្បីគាំទ្រដល់កាលវិភាគនេះ ក្រុមហ៊ុន Tesla ប្រចាំប្រទេសចិន បានធ្វើបច្ចុប្បន្នភាពសៀវភៅណែនាំរបស់អ្នកបើកបរទៅជាកំណែ 2026.14 កាលពីដើមខែឧសភា ដែលឥឡូវនេះរួមបញ្ចូលទាំងការណែនាំពីមុខងារពេញលេញនៃប្រព័ន្ធ FSD V14 នេះបើយោងតាមការចុះផ្សាយរបស់ Ifeng

ផ្នែកបច្ចេកវិទ្យា Tesla បានចាប់ផ្តើមដាក់ពង្រាយប្រព័ន្ធ FSD V14.3.3 នៅក្នុងទីផ្សារក្រៅប្រទេសរួចហើយ។ ប្រព័ន្ធនេះឥឡូវនេះផ្តល់នូវការវាយតម្លៃលំហរបានច្បាស់លាស់ជាងមុន និងការសម្គាល់ផ្លាកសញ្ញាចរាចរណ៍បានប្រសើរជាងមុន។

ចំពោះទិន្នន័យទីផ្សារ កាលពីខែមេសា ឆ្នាំ 2026 ក្រុមហ៊ុន Tesla លក់រថយន្តបាន 25,956គ្រឿងនៅក្នុងប្រទេសចិន ដែលធ្លាក់ចុះ 9.7% ធៀបនឹងឆ្នាំមុន និងធ្លាក់ចុះ 53.7% ធៀបនឹងខែមុន។ ក្នុងចំណោមចំនួននោះ ម៉ូដែល Model Y គ្របដណ្តប់រហូតដល់ 22,990គ្រឿង ដែលធ្វើឱ្យវាក្លាយជារថយន្តលក់ដាច់បំផុតលំដាប់ទី 3 នៅក្នុងទីផ្សារប្រទេសចិន សម្រាប់ខែនោះ។


ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)