Admin, 08 March 2026

           ទីផ្សាររថយន្ត SUV ខ្នាតធំដែលមានសមត្ថភាព Off-road ខ្ពស់ ដែលរថយន្ត 2026 Toyota 4Runner TRD Pro កំពុងប្រកួតប្រជែង អាចនឹងមិនសូវមានគូប្រជែងច្រើនដូចផ្នែក​រថយន្តភីកអាប់នោះទេ ប៉ុន្តែវាមិនមែនមានន័យថាក្រុមហ៊ុនផលិតរថយន្តអាច​ធ្វើឱ្យធ្លាក់ចុះ​នូវគុណភាពក្នុងប្រភេទនេះបានឡើយ។ វាជារឿងដ៏ល្អដែល Toyota បានបង្ហាញភាពលេច​ធ្លោលើវិស័យផ្លូវលំបាក (Dirt) យ៉ាងយូរអង្វែង ខណៈដែលខ្លួនកំពុងដាក់សម្ពោធ 4Runner ជំនាន់ថ្មីនេះ។


បើនិយាយពីលក្ខណៈបច្ចេកទេសទូទៅ ម៉ូដែល TRD Pro និង Trailhunter គឺស្ទើរតែដូចគ្នាទាំងស្រុង។ ពួកវាប្រើប្រាស់ម៉ាស៊ីន Hybrid ដូចគ្នាគឺ 2.4 លីត្រ Turbocharged i-Force Max I-4។ ពួកវាក៏មានមុំឡើងចំណោត (Approach) មុំចុះចំណោត (Departure) និងកម្ពស់បាតពីដីដូចគ្នា រួមទាំងថាសកង់ និងសំបកកង់ដូចគ្នាទៀតផង។ ភាពខុសគ្នានៃទម្ងន់គឺមានតិចតួចបំផុត ដោយ TRD Pro ស្រាលជាង Trailhunter តែ 20Kg តែប៉ុណ្ណោះ។


ការប្រៀបធៀបប្រព័ន្ធបូម៖ ល្បឿនលឿន ធៀបនឹង ការបរយឺតៗ


ចំណុចដែលរថយន្តទាំងពីរនេះខុសគ្នា គឺគោលដៅនៃការប្រើប្រាស់។ Trailhunter ត្រូវបានបង្កើតឡើងសម្រាប់ការធ្វើដំណើរផ្សងព្រេងបែប Overlanding ក្នុងល្បឿនយឺតៗ និងសម្រាកកាយ។ ចំណែកឯ TRD Pro វិញ គឺជា "អ្នករត់លើវាលខ្សាច់" (Desert runner) ដែលត្រូវបានរចនាឡើងសម្រាប់បើកបរក្នុងល្បឿនលឿនលើផ្លូវខ្សាច់ និងផ្លូវដី។

  • TRD Pro ប្រើប្រាស់បូម Fox Racing QS3 ដែលមានប្រព័ន្ធ Internal Bypass។ ប្រព័ន្ធនេះផ្ដល់នូវភាពទន់ភ្លន់បំផុតនៅពេលបើកបរក្នុងល្បឿនលឿនលើផ្លូវលំបាក ប៉ុន្តែវាមិនសូវផ្ដល់នូវស្ថិរភាពល្អប៉ុន្មានទេនៅលើផ្លូវកៅស៊ូ (រថយន្តមានការ​ឃ្លីងឃ្លោង​ខ្លាំង)។ នេះគឺជាអ្វីដែលអ្នកត្រូវលះបង់ដើម្បីទទួលបានភាពងាយស្រួលក្នុងពេលបើកបរ​​លឿន​នៅលើផ្លូវដី។



ម៉ាស៊ីន Hybrid គឺជាចំណុចផ្លាស់ប្តូរដ៏សំខាន់


នៅក្នុងការធ្វើតេស្តល្បឿន រថយន្ត SUV របស់យើងអាចស្ទុះពី ០ ដល់ 96 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 7.1 វិនាទី។ លទ្ធផលនេះល្អជាងម៉ូដែល Trailhunter បន្តិច។ ប្រព័ន្ធកម្លាំង Hybrid ដែលមានកម្លាំង 326សេះ និងកម្លាំងរមួល 630Nm ធ្វើឱ្យ 4Runner ជំនាន់ថ្មីនេះក្លាយ ជារថយន្តដែលស្ទុះលឿនបំផុត។

  • ការស៊ីប្រេង៖ 4Runner TRD Pro ឆ្នាំ 2026 ទទួលបានកម្រិតស៊ីប្រេងប្រហែល 10.2 លីត្រ/100 គីឡូម៉ែត្រ ។
  • ចម្ងាយបើកបរ៖ ជាមួយនឹងធុងសាំងធំ វាអាចបើកបរបានចម្ងាយសរុបប្រហែល 703គីឡូម៉ែត្រ ក្នុងសាំងមួយធុងពេញ។



វាមិនមែនជារថយន្តដែលមានតម្លៃថ្លៃបំផុតនោះទេ


បើនិយាយពីតម្លៃ 2026 Toyota 4Runner TRD Pro មានតម្លៃធូរជាងគូប្រជែងដូចជា Jeep Wrangler 4xe និង Ford Bronco Raptor។

  • តម្លៃចាប់ផ្តើមរបស់ Toyota គឺ 69,695 ដុល្លារអាមេរិក។
  • រថយន្តដែលយើងបានធ្វើតេស្ត (បូករួមទាំងជម្រើសបន្ថែមដូចជា ម៉ាស៊ីនបូមខ្យល់ជាប់ ឡាន, ឆ្នូតដំបូល ARB, និងបន្ទះដែកការពារបាត) មានតម្លៃសរុប 74,868 ដុល្លារអាមេរិក។

ខណៈពេលដែលមិនមានជម្រើសណាដែលថា "ខុស" នៅក្នុងទីផ្សារប្រភេទនេះ ប៉ុន្តែ Toyota អាចជាជម្រើសដំបូងគេ ប្រសិនបើអ្នកចង់បានរថយន្តប្រភេទ Hybrid ដែលមានសមត្ថភាព​ខ្ពស់។ ប្រសិនបើអ្នកសម្រេចចិត្តជ្រើសរើស 4Runner អ្នកនឹងទទួលបានរថយន្តដែលមាន​សមត្ថភាពខ្លាំង និងត្រៀមខ្លួនរួចជាស្រេចដើម្បីនាំអ្នកទៅគ្រប់ទីកន្លែងក្នុងពិភពលោក ចេញពីជម្រកផលិតកម្មភ្លាមៗតែម្ដង៕


ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)