Admin, 27 January 2026

           រថយន្តអគ្គិសនីប្រភេទ Sedan ខ្នាតធំ (D-segment) ម៉ូដែល Toyota bZ7 នឹងត្រូវ សម្ពោធលក់ជាផ្លូវការនៅក្នុងខែមីនា ជាមួយនឹងកម្រិតតម្លៃក្នុងរង្វង់ ប្រហែល 29,000 ដុល្លារអាមេរិក។ រថយន្តថ្មីនេះ គឺជាម៉ូដែលដំបូងគេបំផុតនៅក្នុងឧស្សាហកម្មរថយន្ត ដែលរួមបញ្ចូលនូវប្រព័ន្ធអេកូឡូស៊ីឆ្លាតវៃរបស់ Xiaomi និងបំពាក់ដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS 5.0 របស់ Huawei, ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ (ADAS) ប្រើបច្ចេកវិទ្យា Momenta R6 Flywheel AI និងប្រព័ន្ធម៉ូទ័រអគ្គិសនី DriveONE របស់ Huawei។


រូបរាងខាងក្រៅ និងវិមាត្រតួខ្លួន

រូបរាងខាងក្រៅរបស់ Toyota bZ7 មានការរចនាបែប Fastback (ដំបូលទាបទៅក្រោយ) ដោយបំពាក់នូវចង្កៀងបំភ្លឺពេលថ្ងៃរាងអក្សរ C តាមស្ទីលរបស់ Toyota និងមានបន្ទះពន្លឺរត់កាត់ទទឹងនៅចំកណ្តាលផ្នែកខាងមុខ។ នៅលើដំបូលមានបំពាក់ប្រព័ន្ធ LiDAR។ ចំណែកផ្នែកខាងក្រោយវិញ មានចង្កៀងកន្ទុយរត់កាត់ ទទឹងដែលឆ្លុះបញ្ចាំងពី ការរចនាផ្នែកខាងមុខ។ ក្នុងនាមជារថយន្ត Sedan ខ្នាតធំ រថយន្តនេះមានវិមាត្រ៖

  • បណ្តោយ/ទទឹង/កម្ពស់៖ 5,130mm / 1,965mm / 1,506mm។
  • ចម្ងាយពីកង់មុខទៅកង់ក្រោយ (Wheelbase)៖ 3,020mm។
  • ជម្រើសពណ៌៖ មានចំនួន 7 ពណ៌ រួមមាន ពណ៌ក្រហម, ពណ៌ស, ពណ៌ប្រាក់, ពណ៌ប្រផេះ, ពណ៌ខ្មៅ, ពណ៌បៃតង និងពណ៌មាស។



បច្ចេកវិទ្យាជំនួយការបើកបរ (ADAS)

ក្រៅពីប្រព័ន្ធ LiDAR នៅលើដំបូល រថយន្តនេះក៏ត្រូវបានបំពាក់ដោយ រ៉ាដារលកមីលីម៉ែត្រ ចំនួន 5 គ្រាប់, កាមេរ៉ាចំនួន 11 គ្រាប់ និងសេនស័រ Ultrasonic ចំនួន 10គ្រាប់ សម្រាប់ប្រព័ន្ធ ADAS ដោយប្រើប្រាស់បន្ទះឈីបបើកបរស្វ័យប្រវត្តិរបស់ Nvidia។ បច្ចេកវិទ្យា AI របស់ Momenta អាចឱ្យរថយន្តបើកបរដោយស្វ័យប្រវត្តិទាំងក្នុងក្រុង និងលើផ្លូវហាយវ៉េ (NOA), ប្រព័ន្ធជំនួយការចូលចតពីចម្ងាយ និងប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិពេញលេញ។


កម្លាំងម៉ាស៊ីន និងអាគុយ

រថយន្តនេះប្រើប្រាស់ប្រព័ន្ធ DriveONE របស់ Huawei ដែលមានម៉ូទ័រអគ្គិសនីភ្លោះ ផ្តល់កម្លាំងអតិបរមា 207 គីឡូវ៉ាត់ (278 សេះ) និងប្រើប្រាស់អាគុយប្រភេទ Lithium Iron Phosphate របស់ក្រុមហ៊ុន CATL៖

  • កញ្ចប់អាគុយ 88.13 គីឡូវ៉ាត់ម៉ោង៖ ផ្តល់ចម្ងាយបើកបរចន្លោះពី 680Km ទៅ 710 Km (តាមស្តង់ដារ CLTC)។
  • កញ្ចប់អាគុយ 71.35 គីឡូវ៉ាត់ម៉ោង៖ ផ្តល់ចម្ងាយបើកបរបាន 600Km។
  • ល្បឿនអតិបរមារបស់វាគឺ 180 គីឡូម៉ែត្រ/ម៉ោង។



ផ្នែកខាងក្នុង និងគ្រឿងបរិក្ខារ

កាប៊ីនខាងក្នុងបំពាក់ដោយអេក្រង់បញ្ជាកណ្តាលទំហំ 15.6 អ៊ីញ, កុងទ័រឌីជីថល LCD និងអេក្រង់ឆ្លុះលើកញ្ចក់មុខ (HUD) ដែលដំណើរការដោយប្រព័ន្ធ HarmonyOS 5.0 (ជាស្តង់ដារសម្រាប់គ្រប់ប្រភេទម៉ូដែល)។ គ្រឿងបរិក្ខារបន្ថែមរួមមាន៖

  • កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ (Wireless Charging) កម្លាំង 50W សម្រាប់អ្នក ដំណើរខាងមុខ និងខាងក្រោយ។
  • ទូទឹកកកនៅក្នុងរថយន្ត។
  • ប្រព័ន្ធបញ្ជារថយន្តពីចម្ងាយតាមរយៈទូរស័ព្ទដៃ។

ប្រព័ន្ធសំឡេងដែលមានឧបករណ៍បំពងសំឡេង (Speakers) ដល់ទៅ 23 គ្រាប់៕





ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)