Admin, 13 March 2026
ក្រុមហ៊ុន Suzuki កំពុងផ្តល់ការកែប្រែរូបរាងថ្មីដល់ម៉ូតូបែបបុរាណ Suzuki Katana របស់ខ្លួន ក្នុងចំនួនកំណត់បំផុត ដោយមានត្រឹមតែ 45គ្រឿងប៉ុណ្ណោះសម្រាប់ម៉ូដែលថ្មី ដែលមានឈ្មោះ យ៉ាងសាមញ្ញថា “Limited Edition” (LE)។
ម៉ូដែល Katana សម័យទំនើប បានយកតាមរចនាបថដើមរបស់ Suzuki Katana រួចជាស្រេច ទៅហើយ ដូចជាតួខ្លួនដែលមានរាងជ្រុងស្រួច ថ្នាំពណ៌ប្រាក់ និងផ្នែកខាងមុខដែលមិនអាច ច្រឡំបាន។ ចំពោះកំណែ LE ថ្មីនេះ បានបន្ថែមនូវការតុបតែងផ្នែកសោភ័ណភាព និងការកែ សម្រួលឧបករណ៍បន្តិចបន្តួចដើម្បីឱ្យវាកាន់តែមានភាពទាក់ទាញ។
Suzuki Katana Limited Edition model
ការផ្លាស់ប្តូរដែលច្បាស់បំផុតគឺផ្នែករូបរាង ដោយម៉ូតូនីមួយៗនឹងមានបិទស្ទីគ័រលេខរៀង សម្គាល់ពីលេខ 1 ដល់លេខ 45។ ម៉ូតូនេះបំពាក់ជាមួយបន្ទះការពារធុងសាំងប្រភេទកាបោន (carbon-like tank pad), ដែកការពារតួ (frame sliders) និងកន្ទុយក្រោយពណ៌ខ្មៅ។ លើសពីនេះ ក៏មានឈុតស្ទីគ័រពណ៌ខ្មៅ និងពណ៌ប្រាក់ដែលមានឈ្មោះថា “The Edge” ដែល Suzuki និយាយថាវាមានបំណងសង្កត់ធ្ងន់លើខ្សែបន្ទាត់ជ្រុងស្រួចរបស់ Katana។
អតិថិជនក៏ទទួលបានរបស់បន្ថែមមួយចំនួនទៀតផងដែរ រួមមាន កម្រាលជើងក្នុងហ្គារ៉ាសពណ៌ខ្មៅដែលមានរូបសញ្ញា Katana និងសៀវភៅ "Katana History" មួយក្បាល ដែលរៀបរាប់ពីការវិវត្តនៃម៉ូដែលនេះក្នុងរយៈពេលជាង 4ទសវត្សរ៍។
ការផ្លាស់ប្តូរផ្នែកមេកានិចតែមួយគត់គឺប្រព័ន្ធបំពង់ផ្សែង ដោយកំណែ LE នេះបានប្តូរ បំពង់ផ្សែងស្តង់ដារមកប្រើប្រភេទ Akrapovič slip-on ដែលរចនាឡើងជាពិសេសសម្រាប់ Katana។ ចំណែកឯគ្រឿងបង្គុំផ្សេងទៀត ដូចជាគ្រោងឆ្អឹង ហ្វ្រាំង និងម៉ាស៊ីន គឺនៅរក្សា ដូចម៉ូដែលស្តង់ដារដដែល។
The Suzuki Katana Limited Edition model
លក្ខណៈបច្ចេកទេសសំខាន់ៗរួមមាន៖
- ម៉ាស៊ីន: 4 ស៊ីឡាំងជួរចំណុះ 999 ស៊ីស៊ី (យកចេញពី GSX-R1000) ផលិតកម្លាំងបាន 152 សេះ។
- បច្ចេកវិទ្យា: ប្រព័ន្ធហ្គែរអគ្គិសនី (ride-by-wire), របៀបបើកបរ 3 កម្រិត, ប្រព័ន្ធ គ្រប់គ្រងការអូសទាញ (STCS) 5 កម្រិត និងមានប្រព័ន្ធ Quickshifter ពីផ្លូវជា ស្តង់ដារ។
- គ្រឿងបង្គុំ: គ្រោងឆ្អឹងអាលុយមីញ៉ូម ផ្គូផ្គងជាមួយប្រព័ន្ធបូម KYB និងហ្វ្រាំង Brembo។
- ភ្លើង និងអេក្រង់: ប្រព័ន្ធភ្លើង LED ជុំវិញ និងអេក្រង់បង្ហាញព័ត៌មានប្រភេទ LCD។
ក្រុមហ៊ុន Suzuki បញ្ជាក់ថា Suzuki Katana Limited Edition គឺមានលក់ចាប់ពីពេលនេះតទៅ តាមរយៈភ្នាក់ងារចែកចាយ ប៉ុន្តែគួរឱ្យស្តាយគឺសម្រាប់តែទីផ្សារប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះ។ វាមានតម្លៃ ប្រហែល 17,495 ដុល្លាអាមេរិក ហើយជាមួយនឹងចំនួនត្រឹមតែ 45 គ្រឿង វានឹងត្រូវលក់អស់ក្នុងពេលដ៏ខ្លីបំផុត៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
