Admin, 04 November 2026
រថយន្ត Supercar Yangwang U9 Xtreme តម្លៃ 3 លានដុល្លារអាមេរិក របស់ក្រុមហ៊ុន BYD ជាមួយនឹងកម្លាំងកំពូលសរុប 2,220 kW (2,977 សេះ) បានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសចិន ដែលទំនងជាក្នុងអំឡុងពេលធ្វើតេស្តសាកល្បងដើម្បីឈានទៅដល់ល្បឿនអតិបរមា 500 គីឡូម៉ែត្រ/ម៉ោង។ ទោះបីជាកង់ក្រោយរបស់រថយន្តត្រូវ បានរបូតដាច់ចេញទាំងស្រុងក៏ដោយ ក៏អ្នកបើកបរមិនបានរងរបួសនោះទេ។
Yangwang U9 Xtreme ជារថយន្តស្ព័រម៉ូទ័រ 4 ដែលឈរនៅលើគ្រោងតួប្រព័ន្ធ Silicon Carbide 1,200 V។ កម្លាំងកំពូលសរុបរបស់វាឡើងដល់ 2,220 kW ដោយផ្តល់នូវផលធៀបកម្លាំងធៀបនឹងទម្ងន់ (power-to-weight ratio) 895 kW (1,200 សេះ) ក្នុងមួយតោន។ U9 Xtreme ប្រើប្រាស់អាគុយទំហំ 80 kWh ជាមួយនឹងបច្ចេកវិទ្យាបញ្ចេញថាមពលកម្រិត 30C (30C discharge technology)។ ម៉ូដែលនេះកាលពីមុនវាបានក្លាយជារថយន្តលឿនបំផុតនៅលើពិភពលោក ដោយសម្រេចបានល្បឿនអតិបរមា 496.22 គីឡូម៉ែត្រ/ម៉ោង នៅឯមជ្ឈមណ្ឌលធ្វើតេស្តយានយន្ត Automotive Testing Papenburg ក្នុងប្រទេសអាល្លឺម៉ង់។
នាពេលថ្មីៗនេះ វាបានបញ្ជាក់ថា Yangwang U9 Xtreme នឹងធ្វើការសាកល្បងដើម្បីទម្លុះកម្រិតល្បឿន 500 គីឡូម៉ែត្រ/ម៉ោង នៅក្នុងអេមីរ៉ាតអារ៉ាប់រួមនាខែវិច្ឆិកា។ ព័ត៌មាននេះត្រូវ បានចេញផ្សាយជាលើកដំបូងដោយអនុប្រធានក្រុមហ៊ុន BYD អ្នកស្រី Stella Li។ បន្ទាប់មក លោក Hu Xiaoqing អគ្គនាយកផ្នែកលក់នៃម៉ាក Yangwang បានបញ្ជាក់ពីបំណងនេះម្តងទៀត។កាលពីថ្ងៃទី2 ខែវិច្ឆិកា វីដេអូ និងរូបថតត្រូវ បានចេញផ្សាយនៅក្នុងប្រទេសចិន ដែលបង្ហាញពីឧបទ្ទវហេតុរបស់ Yangwang U9 Xtreme ក្នុងអំឡុងពេលបើកបរលើទីលានបិទជិត។ យានយន្តបានរអិលខុសគន្លងផ្លូវ ក្នុងល្បឿនលឿន និងបានទៅបុករបាំងរាំងផ្លូវ ដែលបណ្តាលឱ្យកង់ក្រោយរបស់វា ដាច់របូតចេញទាំងស្រុង។ វា ហាក់ដូចជាហេតុការណ៍នេះបានកើតឡើង ក្នុងអំឡុងពេលធ្វើតេស្តសាកល្បងដើម្បីឈានទៅដល់ល្បឿនអតិបរមាប្រហែល 500 គីឡូម៉ែត្រ/ម៉ោង។ ទោះបីជាតួខ្លួនរថយន្តរងការខូចខាតយ៉ាងធ្ងន់ធ្ងរក៏ដោយ អ្នកបើកបរនៅតែមិនមានរងរបួសឡើយ។ យោងតាមរបាយការណ៍ លោកអាចចេញពីរថយន្តដោយខ្លួនឯងបាន។
ឧបទ្ទវហេតុនេះ បង្ហាញពីភាពស្មុគស្មាញទាំងស្រុងនៃកំណត់ត្រាដែល BYD កំពុងតែមានគោលដៅសម្រេចឱ្យបាន។ U9 Xtreme ដំណើរការលើយ៉ាន់កង់ទំហំ 20 អ៊ីញ ប្រភេទ dual five-spoke ផ្គូរផ្គងជាមួយសំបកកង់ semi-slick ម៉ូដែល GitiSport e·Gtr2 Pro។ វាក៏ប្រើប្រាស់នូវកញ្ចប់បរិក្ខារអាកាសឌីណាមិកពិសេស ជាមួយនឹងស្លាបខ្យល់ខាងក្រោយ (rear wing) ដ៏ធំផងដែរ។ ទោះជាយ៉ាងណាក៏ដោយ យើងនឹងឃើញ U9 Xtreme ធ្វើការសាកល្បងឈានទៅដល់ល្បឿន 500 គីឡូម៉ែត្រ/ម៉ោង នៅក្នុងអេមីរ៉ាតអារ៉ាប់រួម។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
