Admin, 29 January 2026
កាលពីថ្ងៃទី 26 ខែមករា (ឆ្នាំ 2026) រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារនៃប្រទេសចិន បានបញ្ចេញនូវស្តង់ដារជាតិជាកាតព្វកិច្ច "លក្ខខណ្ឌតម្រូវជាមូលដ្ឋានសម្រាប់ ប្រព័ន្ធ បញ្ជាចង្កូតរថយន្ត" ដែលនឹងត្រូវចូលជាធរមានជាផ្លូវការនៅថ្ងៃទី 01 ខែកក្កដា 2026។ យោងតាមទូរទស្សន៍មជ្ឈិមបក្សចិន ស្តង់ដារនេះបានបញ្ជាក់យ៉ាងច្បាស់នូវលក្ខខណ្ឌបច្ចេកទេស និងវិធីសាស្ត្រសាកល្បងសម្រាប់ប្រព័ន្ធបញ្ជាចង្កូតតាមខ្សែ (Steer-by-wire - SbW) ព្រមទាំងលក្ខខណ្ឌសុវត្ថិភាពមុខងារសម្រាប់ប្រព័ន្ធចង្កូតបែបប្រពៃណី និងឧបករណ៍ជំនួយចង្កូតផ្សេងៗទៀត។ខុសពីប្រព័ន្ធចង្កូតបែបប្រពៃណីដែលប្រើប្រាស់បច្ចេកវិទ្យា មេកានិច និងអ៊ីដ្រូលីកដើម្បីបញ្ជាយានយន្ត ប្រព័ន្ធ SbW ពឹងផ្អែកជាចម្បងលើគ្រឿងអេឡិចត្រូនិកដើម្បីគ្រប់គ្រងការបើកបរ។
យោងតាមការស្រាវជ្រាវពីក្រុមហ៊ុន TechSci Research ទីផ្សារប្រព័ន្ធ SbW នឹងកើនឡើងពី 4.61 ពាន់លានដុល្លារក្នុងឆ្នាំ 2025 ដល់ 7.21 ពាន់លានដុល្លារនៅត្រឹមឆ្នាំ 2031។ ដោយសារបច្ចេកវិទ្យាឆ្លាតវៃបានក្លាយជាទំនោរចម្បងក្នុងការអភិវឌ្ឍរថយន្ត រថយន្តឆ្លាតវៃ មិនត្រឹមតែតំណាងឱ្យការបើកបរដោយស្វ័យប្រវត្តិ និងការប្រើប្រាស់ អគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការតភ្ជាប់ឆ្លាតវៃផងដែរ។ SbW គឺជាសមាសភាគ ដ៏សំខាន់នៃរថយន្តឆ្លាតវៃ និងរថយន្តបើកបរដោយស្វ័យប្រវត្តិ ដោយសារវាមានភាពជាក់លាក់ខ្ពស់ ភាពងាយស្រួល ក្នុងការបញ្ជា និងភាពបត់បែនក្នុងការរចនា។
ខ្លឹមសារសំខាន់ៗនៃ "លក្ខខណ្ឌតម្រូវជាមូលដ្ឋានសម្រាប់ប្រព័ន្ធបញ្ជាចង្កូតរថយន្ត"
ស្តង់ដារជាតិរបស់ចិននេះ មានផ្នែកសំខាន់ៗចំនួនបួន៖
1. ការពង្រឹងការធានាសុវត្ថិភាព៖ ផ្ដោតលើការកែលម្អបទប្បញ្ញត្តិករណីមានការខូចខាត (Failure) សម្រាប់ប្រព័ន្ធ SbW ដោយបញ្ជាក់ច្បាស់ពីយុទ្ធសាស្ត្រឆ្លើយតបសុវត្ថិភាព ក្នុងស្ថានភាពខុសៗគ្នា ដូចជាការដាច់ចរន្តអគ្គិសនី ការបរាជ័យនៃការបញ្ជូនការគ្រប់គ្រង និងការបរាជ័យនៃការបញ្ជូនថាមពល ដើម្បីធានាសុវត្ថិភាពក្នុងការបើកបរ។
2. ការកែលម្អយន្តការផ្ដល់សញ្ញាអាសន្ន៖បញ្ជាក់ច្បាស់ពីវិធីសាស្ត្រផ្ដល់សញ្ញាអាសន្ន នៅពេលដែលប្រព័ន្ធ SbW មានភាពចាស់ ឬមានសមត្ថភាពមិនគ្រប់គ្រាន់ ដើម្បីកាត់បន្ថយ ហានិភ័យ និងធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាពក្នុងរយៈពេលវែង។
3. ការធានានូវប្រតិបត្តិការដែលគួរឱ្យទុកចិត្ត៖ដោយសារប្រព័ន្ធបញ្ជាចង្កូតកាន់តែពឹង ផ្អែកខ្លាំងលើប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិក (គ្រប់គ្រងដោយ Software ទាំងស្រុង) ផ្នែកនេះបញ្ជាក់ពីលក្ខខណ្ឌសុវត្ថិភាពមុខងារសម្រាប់ប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិច ដើម្បីការពារហានិភ័យដែលបង្កឡើងដោយភាពមិនប្រក្រតីនៃប្រព័ន្ធអគ្គិសនី/អេឡិចត្រូនិក។
4. ការពង្រឹងការអនុវត្តស្តង់ដារ៖ ផ្ដោតលើលទ្ធភាពនៃការអនុវត្តស្តង់ដារ ជាមួយនឹង ការកែប្រែលក្ខខណ្ឌតម្រូវសម្រាប់ការធ្វើតេស្តផ្ទៀងផ្ទាត់សុវត្ថិភាពមុខងារ និងផ្តល់មូលដ្ឋាន បច្ចេកទេសសម្រាប់ស្ថាប័នត្រួតពិនិត្យក្នុងការធ្វើតេស្ត និងវាយតម្លៃឯកសារពាក់ព័ន្ធ៕
ប្រភព៖ China News:(China Central TV)
ប្រែសំរួល៖ Chea SokNang (AC Auto)
