Admin, 30 March 2026

          ក្រុមហ៊ុន SAIC-GM បានដាក់មនុស្សយន្តដែលមានរូបរាងដូចមនុស្ស (Humanoid robots) ទៅក្នុងខ្សែសង្វាក់ផលិតកម្មអាគុយរបស់រថយន្ត Buick ដែលនេះជាករណីដំបូងគេបង្អស់​មួយនៅ​​ក្នុងឧស្សាហកម្មរថយន្តរបស់ប្រទេសចិន ដែលបានបញ្ចូលមនុស្សយន្តឆ្លាតវៃឱ្យ​មកបំពេញការងារផ្ទាល់ក្នុងខ្សែសង្វាក់ផលិតកម្មជាក់ស្តែង។

មនុស្សយន្តនេះមានឈ្មោះថា “Nengzai No. 1” ដែលមានលក្ខណៈពិសេសត្រង់ការប្រើប្រាស់ "ជើងជាកង់" (Wheeled chassis) ដែលខុសប្លែកពីមនុស្សយន្តដើរដោយជើងពីរធម្មតា។ បច្ចុប្បន្ន វាបំពេញការងារក្នុងដំណើរការស្នូលនៃខ្សែសង្វាក់ផលិតកម្មសម្រាប់រថយន្ត Buick Electra E7។


បច្ចេកវិទ្យា និងសមត្ថភាពរបស់ Nengzai No. 1

មនុស្សយន្តវិលកង់នេះ គឺជាលទ្ធផលនៃកិច្ចសហការអភិវឌ្ឍន៍រវាងក្រុមហ៊ុន SAIC-GM និងក្រុមហ៊ុនបច្ចេកវិទ្យាថ្មី Agibot ដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃ។ ភារកិច្ចចម្បងរបស់វាគឺការចាប់កាន់ និងលើកដាក់កោសិកាអាគុយ (Battery cells)។

  • ភាពឆ្លាតវៃ: វាបំពាក់ដោយប្រព័ន្ធចាប់សញ្ញាតាមរយៈការមើលឃើញ (Visual perception) និងមានសមត្ថភាពសម្របសម្រួលដៃទាំងពីរ ដើម្បីកំណត់អត្តសញ្ញាណ​សម្ភារៈ និងរៀបចំផ្លូវដើរដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ពឹងផ្អែកលើការ​កំណត់​កម្មវិធីទុកជាមុនឡើយ។
  • ភាពជាក់លាក់:​​ កម្រិតនៃភាពជាក់លាក់ក្នុងការធ្វើដំណើររបស់វាមានចន្លោះលម្អៀង​ត្រឹមតែ ±0.1 មីលីម៉ែត្រ ប៉ុណ្ណោះ។
  • ការសន្សំសំចៃលំហ: វាប្រើប្រាស់ផ្ទៃដីតិចជាង 15% បើធៀបនឹងម៉ាស៊ីន ស្វ័យប្រវត្តិ បែបប្រពៃណី ដែលជួយបង្កើនប្រសិទ្ធភាពប្រើប្រាស់លំហក្នុងរោងចក្រ។
  • ប្រសិទ្ធភាពការងារ: មនុស្សយន្តនេះធ្វើការក្នុងល្បឿនប្រហែល 2 វិនាទីក្នុងមួយដុំ ដែលស្របតាមស្តង់ដារល្បឿននៃខ្សែសង្វាក់ផលិតកម្មទ្រង់ទ្រាយធំ។

ក្រុមហ៊ុន SAIC-GM ក៏មានគម្រោងពង្រីកវិសាលភាពប្រើប្រាស់មនុស្សយន្តនេះ បន្ថែមទៀត ផងដែរ។ ក្រៅពីប្រភេទកង់វិល ក្រុមហ៊ុនក៏កំពុងធ្វើតេស្តសាកល្បងប្រើប្រាស់មនុស្សយន្ត Humanoid ប្រភេទដើរជើងពីរ នៅក្នុងផ្នែកផលិតកម្ម ឡូជីស្ទីក និងដំណើរការផ្សេងៗទៀត។



អំពី Buick Electra E7

កាលពីខែមករា កន្លងទៅ ម៉ាកសញ្ញា Buick បានប្រកាសថាខ្លួនមានគម្រោងដាក់សម្ពោធ រថយន្ត Electra E7 Hybrid SUV នៅក្នុងប្រទេសចិន ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។

  • លក្ខណៈសម្បត្តិ: ជារថយន្ត SUV ខ្នាតកណ្តាល 5 កៅអី ដែលបង្កើតឡើងនៅលើ ស្ថាបត្យកម្ម Xiao Yao។ វាមានបណ្តោយប្រវែង 4,850mm។
  • សមត្ថភាព: វាអាចបើកបរបានចម្ងាយសរុបរហូតដល់ជាង 1,600 គីឡូម៉ែត្រ (នៅពេលចាក់សាំងពេញ និងសាកថ្មពេញ)។

បច្ចេកវិទ្យា: ម៉ូដែលនេះបំពាក់ដោយប្រព័ន្ធ Plug-in Hybrid និងមានប្រព័ន្ធជំនួយ ការបើកបរឆ្លាតវៃដែលគាំទ្រដោយក្រុមហ៊ុន Momenta

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)