Admin, 29 March 2026

           ម៉ូដែល Royal Enfield Flying Flea C6 ដែលត្រៀមនឹងដាក់សម្ពោធក្នុងពេលឆាប់ៗនេះ បានក្លាយជាចំណងជើងព័ត៌មានដ៏លេចធ្លោ កាលពីចុងសប្តាហ៍មុន បន្ទាប់ពីបានបង្ហាញ ខ្លួននៅលើដងផ្លូវជាលើកដំបូងក្នុងតំបន់អឺរ៉ុប នាព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងក្នុងទីក្រុងរ៉ូម (Rome Marathon)។

ក្បួនដង្ហែក្នុងរដ្ឋធានីនៃប្រទេសអ៊ីតាលីនេះ ត្រូវបានដឹកនាំដោយម៉ូដែលថ្មីសន្លាងមួយនេះ ដោយមានការចូលរួមនៅខ្សែត្រៀមចេញដំណើរពីសំណាក់ម៉ូតូឌីហ្សាញបែបបុរាណ និង វីនធេច (Classic & Vintage) ជាច្រើនគ្រឿងចេញពីប្រវត្តិសាស្ត្ររបស់ ក្រុមហ៊ុនឥណ្ឌា មួយនេះ។ ក្រុមហ៊ុន Royal Enfield មិនទាន់បានបង្ហាញរូបរាងពិតប្រាកដរបស់ Flying Flea C6 នៅឡើយទេ ដោយសារម៉ូដែលអគ្គិសនីនេះត្រូវបានបិទបាំងដោយក្រាហ្វិកបន្លំភ្នែក (Camouflage) សម្រាប់ការបង្ហាញខ្លួនដំបូងលើដងផ្លូវអឺរ៉ុប។

Royal Enfield Flying Flea C6 in Rome


មុនពេលកាំភ្លើងសញ្ញាចាប់ផ្តើមបន្លឺឡើង ម៉ូតូ Royal Enfield ចំនួន 23គ្រឿងបានជិះជាក្បួន តាមដងផ្លូវបុរាណនៃខ្សែផ្លូវម៉ារ៉ាតុង។ នេះមានន័យថា ក្បួនម៉ូតូបានឆ្លងកាត់ទីតាំងបេតិកភណ្ឌ ល្បីៗលើពិភពលោកដូចជា Colosseo, Circo Massimo, Piazza Del Popolo, Piazza Di Spagna និង Piazza Navona ជាដើម។

Flying Flea C6 ត្រូវបានអមដំណើរដោយម៉ូដែលដែលបានម៉ាស៊ីនដំបូងបំផុតរបស់ Royal Enfield គឺម៉ូដែល Quadracycle ឆ្នាំ 1901។ លើសពីនេះ ក៏មានម៉ូដែល 201 កម្លាំង 225cc ឆ្នាំ 1921, ម៉ូដែល Meteor 700cc ឆ្នាំ 1953 និងម៉ូដែល Bullet Trails 350cc ឆ្នាំ 1957 ក៏បាន ចូលរួមក្នុងខ្សែត្រៀមចេញដំណើរនេះផងដែរ។​ ភាពជាដៃគូរវាង Royal Enfield និងអ្នករៀបចំ​កម្មវិធីម៉ារ៉ាតុង ក៏បាននាំឱ្យមានការប្រើប្រាស់ម៉ូតូ Guerrilla 450 និង Himalayan 450 សរុប ចំនួន 30 គ្រឿង ដោយក្រុមការងារគាំទ្រចល័ត ភ្នាក់ងារសណ្តាប់ធ្នាប់ និងអង្គភាព ផ្សព្វផ្សាយ ព័ត៌មាន។

Royal Enfield motorcycles in Rome


ស្រឡាយម៉ូតូបច្ចុប្បន្នរបស់ Royal Enfield ត្រូវបានដាក់បង្ហាញក្នុងព្រឹត្តិការណ៍នេះដោយ ម្ចាស់ម៉ូតូដែលបានជ្រើសរើសមកពីសាខាទីក្រុងរ៉ូមនៃក្លឹប ‘Riders Club of Europe’ (RCE)។ អ្នកជិះទាំងនោះទើបតែបានបញ្ចប់ការជិះជួបជុំសហគមន៍ខួបលើកទី 125 នៃ RCE កាលពី ថ្ងៃសៅរ៍ ទី21 ខែមីនា (មួយថ្ងៃមុនម៉ារ៉ាតុង) ដែលក្នុងនោះសមាជិក RCE បានចូលរួមក្នុងការ ជិះចម្ងាយ 125 គីឡូម៉ែត្រ ដើម្បីអបអរសាទរខួប 125 ឆ្នាំរបស់ប្រេនយីហោនេះ។

គេជឿថាមានអ្នករត់ប្រណាំងប្រហែល 40,000 នាក់បានចូលរួមក្នុងកម្មវិធីម៉ារ៉ាតុងកាល ពីថ្ងៃអាទិត្យមុននេះ ដោយមានតំណាងមកពីប្រមាណ 166 ប្រទេស។

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors