Admin, 03 September 2026
ក្រុមហ៊ុន Royal Enfield បានដាក់លក់ម៉ូឌែលពិសេស Classic 350 Gorkha Edition នៅក្នុងប្រទេសឥណ្ឌា ដែលជាការសម្តែងការគោរព និងផ្តល់កិត្តិយសដល់វរយោធិន Gorkha (Gorkha Regiment) នៃកងទ័ពជើងគោកឥណ្ឌា។
ជម្រើសពណ៌ថ្មីនេះ ត្រូវបានបំពាក់គួបផ្សំជាមួយរូបរាង និងលម្អិតស្ទីល Gorkha ពិសេសនៅលើធុងសាំង និងបន្ទះដែកចំហៀងតួរ។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីចំណុចទាំងនេះ មិនមានការផ្លាស់ប្តូររូបរាងធំដុំនោះទេ បើធៀបទៅនឹងម៉ូឌែល Classic 350 ស្តង់ដារ។
លក្ខណៈបច្ចេកទេស និងកម្លាំងម៉ាស៊ីន
ម៉ូឌែល Gorkha Edition ប្រើប្រាស់ម៉ាស៊ីនស៊ីឡាំងទោល ត្រជាក់ដោយខ្យល់/ប្រេង ទំហំ 349cc ដូចគ្នា ដែលផលិតកម្លាំងសេះបាន 20.2bhp នៅកម្រិត 6,100 ជុំ/នាទី និងកម្លាំងរមួល 27 ញូតុនម៉ែត្រ នៅកម្រិត 4,000 ជុំ/នាទី។
វាក៏ត្រូវបានបំពាក់ដោយប្រអប់លេខ 5 វគ្គ ដូចគ្នាទៅនឹងម៉ូឌែល Classic 350 ផ្សេងទៀតដែរ ខណៈដែលប្រព័ន្ធបូម និងប្រព័ន្ធហ្វ្រាំងនៅតែរក្សាទុកដដែល មិនមានការផ្លាស់ប្តូរឡើយ៖
- ប្រព័ន្ធបូមមុខ៖ ប្រភេទ Telescopic ទំហំ 41mm ជាមួយនឹងចម្ងាយយោល 130 មីលីម៉ែត្រ។
- ប្រព័ន្ធបូមក្រោយ៖ ប្រភេទ បូមឌុប (twin shock absorbers) ជាមួយនឹងកម្រិតសារ៉េកម្លាំងយោលមុន (preload) បាន 6 កម្រិត។
- ប្រព័ន្ធហ្វ្រាំងមុខ៖ ថាសហ្វ្រាំងទោលទំហំ 300mm គួបផ្សំជាមួយដង្កាប់ហ្វ្រាំងពីរស៊ីឡាំង (twin-piston caliper)។
- ប្រព័ន្ធហ្វ្រាំងក្រោយ៖ ថាសហ្វ្រាំងតូចជាងមុនបន្តិចទំហំ 270mm ជាមួយដង្កាប់ហ្វ្រាំងស៊ីឡាំងទោល (single-piston caliper)។
- ប្រព័ន្ធសុវត្ថិភាព៖ ប្រើប្រាស់ប្រព័ន្ធហ្វ្រាំង ABS ពីរប៉ុស្តិ៍ (Dual-channel ABS) ដើម្បីបង្កើនសុវត្ថិភាពក្នុងការចាប់ហ្វ្រាំង។
និមិត្តរូប និងអត្ថន័យនៃគំនូរ
ទោះបីជាក្រុមហ៊ុន Royal Enfield បានរក្សាព័ត៌មានអំពីម៉ូតូថ្មីនេះឱ្យមានកម្រិតបន្តិចក៏ដោយ ប៉ុន្តែក្រុមហ៊ុនបានឱ្យដឹងថា ម៉ូឌែល Gorkha Edition ត្រូវបាន «បង្កើតឡើងដើម្បីផ្តល់កិត្តិយសដល់បេតិកភណ្ឌរបស់កងទ័ព Gorkhas ដោយម៉ូឌែល Classic 350 Gorkha Edition ថ្មីនេះ បង្ហាញពីភាពរឹងមាំ ភាពស្មោះត្រង់ និងភាពអត់ធ្មត់នៃវរយោធិនដ៏ល្បីល្បាញមួយនេះនៃកងទ័ពជើងគោកឥណ្ឌា»។
ដូចដែលអ្នកអាចមើលឃើញនៅលើបន្ទះដែកចំហៀងតួរ គឺមានរូប ដាវពីរខ្វែងគ្នា ដែលត្រូវបានគេហៅថា Khukri។ នេះគឺជាការរំលឹកទៅដល់កាំបិតរាងកោងដែលជាអាវុធអត្តសញ្ញាណរបស់ទាហាន Gorkha។ វាក៏តំណាងឱ្យពាក្យស្រែកប្រយុទ្ធដ៏ល្បីល្បាញរបស់ពួកគេគឺ ‘Aayo Gorkhali’ ដែលមានន័យថា «កងទ័ព Gorkhas មកដល់ហើយ»។
ដោយសារតែទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកងទ័ពជើងគោកឥណ្ឌា ម៉ូតូមួយនេះហាក់ដូចជាមិនទំនងជានឹងត្រូវនាំចេញទៅលក់នៅចក្រភពអង់គ្លេស ឬទីផ្សារអន្តរជាតិផ្សេងទៀតនោះឡើយ។
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
