Admin, 17 March 2026
ចាប់តាំងពីក្រុមហ៊ុន Ford និង Ram បានបញ្ឈប់ការលក់រថយន្តCommercial Vans ធុនតូច របស់ ពួកគេនៅក្នុងសហរដ្ឋអាមេរិកកាលពីប៉ុន្មានឆ្នាំមុនមក វិស័យនេះស្ទើរតែគ្មានជម្រើស សម្រាប់អតិថិជនឡើយ។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ Ram បានដឹងថា ការសម្រេច ចិត្តបញ្ឈប់ការផលិត ProMaster City បន្ទាប់ពីម៉ូដែលឆ្នាំ 2022 បានធ្វើឱ្យអតិថិជនជាច្រើន ដូចជា ជាងជំនាញ ក្រុមហ៊ុនដឹកជញ្ជូន និងសេវាកម្មរថយន្តឈ្នួល ពិបាកក្នុងការស្វែងរក ជម្រើសថ្មី។ ហេតុនេះហើយ ទើបការចាប់កំណើតសារជាថ្មីនៃ Ram ProMaster City 2027 បានមកដល់ ដែលមានទំហំធំជាងមុន និងផ្តល់នូវសមត្ថភាពកាន់តែទូលំទូលាយ។
ខណៈពេលដែល ProMaster City ថ្មីនេះ ចែករំលែកត្រឹមតែឈ្មោះជាមួយជំនាន់មុន ប៉ុន្តែបច្ចុប្បន្ន Ram គឺជាម៉ាកទី6 ដែលប្រើប្រាស់ platform រថយន្តCommerical Van ធុនមធ្យមជាសកលរបស់ Stellantis ដែលជាគ្រឹះសម្រាប់ម៉ូដែល Fiat Scudo, Citroën Dispatch, Vauxhall Vivaro និងម៉ូដែលផ្សេងៗទៀត។ កំណែរបស់ Ram ដែលនឹងត្រូវផលិតក្នុងប្រទេសតួកគី និងលក់ក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក គឺដំណើរការដោយម៉ាស៊ីន Turbocharged 1.6លីត្រ 4 ស៊ីឡាំង ដែលបង្កើតកម្លាំងបាន 166 សេះ និងកម្លាំងរមួល 299Nm ម៉ាស៊ីននេះត្រូវបានភ្ជាប់ជាមួយប្រអប់លេខអូតូ 8 វគ្គល្បឿន បញ្ជូនកម្លាំងទៅកង់មុខ (មិនមានជម្រើសប៉ុងពីរ AWD ឡើយ)។ Ram រំពឹងថា ProMaster City ថ្មីនឹងអាចអូស សណ្តោងបានប្រហែល 907 kg។
ទំហំ និងសមត្ថភាពដឹកជញ្ជូន
បើប្រៀបធៀបជាមួយ ProMaster City ស៊េរីចាស់ ជំនាន់ថ្មីនេះមានប្រវែងវែងជាងមុនជិត 609mm ហើយប្រវែងចន្លោះកង់មុខក្រោយត្រូវបានពង្រីកពី 3,109mm ដល់ 3,276mm។ ទោះបីជាវែងជាងមុន ប៉ុន្តែ Ram និយាយថាវាមានរង្វង់បត់ (Turning radius) ស្ទើរតែដូចមុន ដដែល។ ជាមួយនឹងកម្ពស់ទាបជាង 1,955mm Ram អះអាងថា វាជារថយន្តពាណិជ្ជកម្ម Class 2 តែមួយគត់ដែលមានកម្ពស់ទាបជាង 2,032mm ដែលអនុញ្ញាតឱ្យវាអាចចូលចត ក្នុងយានដ្ឋាន និងអគារចំណតភាគច្រើនបានយ៉ាងងាយស្រួល។
ផ្នែកខាងក្នុងមានលំហធំទូលាយសម្រាប់ផ្ទុកទំនិញ ដោយមានផ្ទៃបាតវែងជាង 2,743mm ដែលអាចដាក់បន្ទះសម្ភារៈសំណង់ទំហំ 4x8 ឬកម្រាលឈើ (Pallets) ស្តង់ដារអាមេរិក ចំនួនពីរបាន។ សរុបមក Ram និយាយថា តំបន់ផ្ទុកទំនិញផ្តល់នូវលំហទំហំ 4728 litre។ អតិថិជនអាចជ្រើសរើសទ្វារក្រោយពីរប្រភេទ៖ ជាប្រភេទបិទបើកឡើងលើដូចរថយន្ត SUV ឬជាប្រភេទរុញបើកសងខាង (Barn-door) ដែលអាចបើកបានដល់ 180 ដឺក្រេ។
លក្ខណៈបច្ចេកទេស និងផាសុកភាពខាងក្នុង
នៅខាងក្នុង ProMaster City គ្រប់គ្រឿងមកជាមួយមុខងារស្តង់ដារគួរឱ្យទាក់ទាញ រួមមាន៖
- អេក្រង់កុងទ័រឌីជីថលទំហំ 10 អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំដូចគ្នា។
- ប្រព័ន្ធ Apple CarPlay និង Android Auto ជាស្តង់ដារ។
- កៅអីខាងមុខមានមុខងារកម្តៅ, ប្រព័ន្ធរុករក (Navigation) និងកញ្ចក់មើលក្រោយ បែបឌីជីថល។
- សម្រាប់ម៉ូដែល SLT នឹងបន្ថែមនូវសេនស័រចូលចតខាងមុខ និងកន្លែងសាកថ្ម ទូរស័ព្ទឥតខ្សែ។
ម៉ូដែលទាំងពីរ (Tradesmen និង SLT) មានជម្រើសជាប្រភេទរថយន្តដឹកទំនិញ (Cargo) ឬរថយន្តដឹកអ្នកដំណើរ (Passenger) ដែលអាចផ្ទុកមនុស្សបាន 5 ឬ 8នាក់ (កៅអី 3 ជួរ)។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ រថយន្តឆ្នាំ 2027 នេះបានប្រើប្រាស់រូបសញ្ញា (Logo) ថ្មីរបស់ Ram ដែលរំលឹកទៅដល់រូបសញ្ញារបស់រថយន្តអគ្គិសនី Ram 1500 REV ដែលត្រូវបាន បញ្ឈប់ការផលិត។
តម្លៃ និងការដាក់លក់
Ram បញ្ជាក់ថា ProMaster City ថ្មីនឹងចាប់ផ្តើមឱ្យកុម្ម៉ង់នៅពាក់កណ្តាលឆ្នាំនេះ ហើយការ ផលិតនឹងចាប់ផ្តើមនៅក្នុងត្រីមាសទីបួន។ នៅពេលដែលរថយន្តស្តង់ដារអាមេរិកចេញលក់ជាផ្លូវការក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ 2027 Ram មានគោលដៅដាក់តម្លៃចាប់ផ្តើម ក្រោម 40,000 ដុល្លារអាមេរិក (ដែលតម្លៃនេះសម្រាប់ទីផ្សារក្រៅប្រទេសបានគិតបញ្ចូលទាំងលទ្ធភាពនៃពន្ធនាំចូលផងដែរ)៕
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
