Admin, 31 July 2026

                 នៅពេលក្រឡេកមើលដំបូង អ្នកអាចនឹងគិតថា ម៉ូតូរូបរាងអនាគត (futuristic) មួយនេះទើបតែរំកិលខ្លួនចេញពីស្ទូឌីយោឌីហ្សាញម៉ូតូគំរូ មិនមែនចេញពីរោងជាងកែច្នៃម៉ូតូធម្មតានោះឡើយ។ ប៉ុន្តែនៅខាងក្រោមតួខ្លួនអាលុយមីញ៉ូមដុសខាត់យ៉ាងរលោង និងបន្ទះដែករចនារូបរាងយ៉ាងផ្ជិតផ្ចង់ គឺមានបង្កប់នូវអ្វីដែលយើងស្គាល់យ៉ាងច្បាស់ នោះគឺម៉ូតូ Ducati Monster 821

រោងជាងកែច្នៃម៉ូតូរបស់វៀតណាម Bandit9 បានបើកបង្ហាញស្នាដៃចុងក្រោយបង្អស់របស់ខ្លួន ដែលជាម៉ូតូផលិតតាមការកុម្ម៉ង់ពិសេស (made-to-order) ដោយបានបកស្រទាប់ខាងក្រៅនៃម៉ូឌែល Monster ឱ្យសល់ត្រឹមគ្រឿងបេះដូងចម្បង រួចបង្កើតវាឡើងវិញទៅជារូបរាងដែលក្រុមហ៊ុនពិពណ៌នាថាជា "ទម្រង់ហូរចូលគ្នាតែមួយ" (single flowing form)។ ជាលទ្ធផល ម៉ូតូនេះស្ទើរតែគ្មានចំណុចប្រហាក់ប្រហែលផ្នែករូបរាងខាងក្រៅទាល់តែសោះ ធៀបនឹងម៉ូតូ naked roadster ដើមរបស់វា បើទោះជាវានៅតែរក្សាទុកនូវម៉ាស៊ីន 821cc Testastretta V-twin និងរចនាសម្ព័ន្ធគ្រោងឆ្អឹង (trellis frame) របស់ Ducati ក៏ដោយ។

កម្លាំងម៉ាស៊ីន និងសមត្ថភាព ថាមពលរបស់វាបានមកពីម៉ាស៊ីន V-twin វ៉ាល់8 ទំហំ 821cc ដើមរបស់ម៉ូតូ ដោយផលិតកម្លាំងបាន 110bhp និងកម្លាំងរមួល 89 Nm។ ក្រុមហ៊ុន Bandit9 អះអាងថា វាអាចស្ទុះពី ០-៩៦ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ 3.3 វិនាទី ល្បឿនអតិបរមា 201 គីឡូម៉ែត្រ/ម៉ោង និងមានទម្ងន់ស្ងួតប្រហែល 175 គីឡូក្រាម ដែលមានន័យថាសមត្ថភាពបើកបររបស់វានៅតែរក្សាបានល្អដូចម៉ូឌែល Monster ស្តង់ដារដែរ បើទោះជាមានការកែប្រែរូបរាងយ៉ាងខ្លាំងក្លាក៏ដោយ។

ការរចនាតួខ្លួន និងគ្រឿងបំពាក់ ចំណុចដែលត្រូវលើកយកមកនិយាយធំបំផុត គឺប្រាកដជាផ្នែកតួខ្លួនខាងក្រៅ (bodywork) ហើយ។ អ្វីៗស្ទើរតែទាំងអស់ដែលអ្នកមើលឃើញ គឺត្រូវបានកែច្នៃដោយដៃ (hand-fabricated) ដោយអាលុយមីញ៉ូមដុសខាត់ត្រូវ បានរំលេចបញ្ចូលគ្នាយ៉ាងរលូនជាមួយនឹងបន្ទះកាបោនហ្វាយបឺ (carbon fibre) កម្រិតប្រើប្រាស់ក្នុង MotoGP ដើម្បីបង្កើតបានជារូបរាងប្លែកភ្នែកតែមួយគ្មានមុខត។ សូម្បីតែបំពង់ស៊ីម៉ាំង, កញ្ចក់មើលក្រោយ, កាងភក់, គម្របបូមមុខ និងគម្របធុងសាំង សុទ្ធតែត្រូវបានរចនាឡើងវិញជាពិសេសសម្រាប់គម្រោងមួយនេះ។

ប្រព័ន្ធភ្លើង៖ ប្រើប្រាស់ភ្លើង LED ទាំងស្រុងជុំវិញម៉ូតូ។

គ្រឿងបំពាក់៖ មានប្រដាប់ទ្រជើងកែច្នៃ (custom rearsets), ឈ្នាន់ជើងពិសេស, ដៃគ្រវាត់កង់ក្រោយទោល (single-sided swingarm) ដែលបង្ហាញខ្លួនយ៉ាងលេចធ្លោ និងកែបពូកមានដង់ស៊ីតេខ្ពស់ ដែលត្រូវបានបង្កប់យ៉ាងមានរៀបរយទៅក្នុងតួខ្លួនម៉ូតូ។

ប្រព័ន្ធជើងក្រោម និងហ្វ្រាំង៖ ប្រព័ន្ធបូមត្រូវបានរក្សាទុកពី Monster 821 ដដែល ដោយប្រើបូមមុខ Sachs ទំហំ 43mm និងបូមក្រោយ Sachs អាចសារ៉េកម្រិតយោលបាន។ ដង្កាប់ហ្វ្រាំង Brembo radial monobloc ចាប់លើថាសហ្វ្រាំងមុខឌុបទំហំ 320mm អមដោយថាសហ្វ្រាំងក្រោយទំហំ 240mm ដោយនៅតែរក្សាប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS ពីរប៉ុស្តិ៍ (two-channel ABS) ដើមដដែល។

ភាពកម្រ និងលក្ខខណ្ឌផ្លូវច្បាប់ ដូចគ្នានឹងស្នាដៃភាគច្រើនរបស់ Bandit9 ដែរ ភាពកម្រ (exclusivity) គឺជាផ្នែកមួយនៃភាពទាក់ទាញ។ ការផលិតនឹងត្រូវកំណត់ត្រឹមតែ 9គ្រឿងប៉ុណ្ណោះនៅលើពិភពលោក ដោយម៉ូតូនីមួយៗត្រូវសង់ឡើងតាមការកុម្ម៉ង់ ក្នុងរយៈពេលចន្លោះពី 6 ទៅ 8 ខែ។ អ្នកទិញនឹងទទួលបានអ្នកគ្រប់គ្រងគម្រោងផ្ទាល់ខ្លួន និងទទួលបានការអាប់ដេតដំណាក់កាលផលិតជាទៀងទាត់ មុនពេលម៉ូតូដែលរួចរាល់ត្រូវ បានដឹកជញ្ជូនទៅកាន់ទីតាំងនានា ចាប់ពីចក្រភពអង់គ្លេស រហូតដល់ជប៉ុន អូស្ត្រាលី ឬសហរដ្ឋអាមេរិក។

ចំណុចមួយដែលម្ចាស់ម៉ូតូនាពេលអនាគតត្រូវចងចាំគឺ ក្រុមហ៊ុន Bandit9 មិនធានាលើការចុះបញ្ជីផ្លូវច្បាប់ ឬការអនុម័តសម្រាប់ការជិះលើផ្លូវសាធារណៈ (road registration/homologation) នោះទេ។ ខណៈដែលក្រុមហ៊ុនផ្តល់ជូននូវឯកសារនាំចូល និងឯកសារដឹកជញ្ជូន ការរៀបចំឱ្យម៉ូតូអាចជិះលើផ្លូវបានដោយស្របច្បាប់ គឺស្ថិតនៅលើអតិថិជនផ្ទាល់ និងអាស្រ័យទាំងស្រុងលើបទប្បញ្ញត្តិក្នុងស្រុកនៃប្រទេសនីមួយៗ។

មិនថាអ្នកមើលឃើញវាជារូបចម្លាក់រំកិលបាន ឬជាម៉ូតូ custom ដែលមានតម្លៃថ្លៃហួសហេតុនោះទេ គេមិនអាចប្រកែកបានឡើយថា Bandit9 បានជោគជ័យក្នុងការធ្វើឱ្យម៉ូតូ naked ដ៏ល្បីល្បាញបំផុតមួយរបស់ Ducati ប្រែជាស្ទើរតែមិនអាចចំណាំបានទាល់តែសោះ។ ហើយនោះប្រហែលជាពាក្យសរសើរដ៏ធំបំផុតដែលជាងកែច្នៃម៉ូតូ custom គ្រប់រូបប្រាថ្នាចង់បាន។





ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors