Admin, 18 March 2026

               តើអ្នកធ្លាប់ចាប់ផ្ដើមគម្រោងអ្វីមួយ ទិញឧបករណ៍ និងសម្ភារៈគ្រប់យ៉ាងដែលត្រូវការ រួចធ្វើវាបាន 90 ភាគរយទៅហើយ តែស្រាប់តែសម្រេចចិត្តបោះបង់វាចោល ហើយចាប់ ផ្ដើមសារជាថ្មីដែរឬទេ? ភ្លាមៗនោះ គម្រោងដែលគ្រោងចំណាយពេលមួយសប្តាហ៍ និងអស់ប្រាក់ 200 ដុល្លារ បែរជាត្រូវចំណាយពេលដល់ទៅបីសប្តាហ៍ និងអស់ប្រាក់ 400 ដុល្លារវិញ។

ក្រុមហ៊ុន Porsche ទើបតែបានឆ្លងកាត់បទពិសោធន៍ស្រដៀងគ្នានេះដែរ ប៉ុន្តែជំនួស ឱ្យការខាតបង់ប្រាក់ពីរបីរយដុល្លារ ក្រុមហ៊ុនផលិតរថយន្តនេះបែរជាកត់ត្រានូវការ ធ្លាក់ចុះ ប្រាក់ចំណេញក្នុងឆ្នាំ 2025 តិចជាងឆ្នាំ 2024 រហូតដល់ទៅ ប្រហែល 5.8 ពាន់លានដុល្លារ អាមេរិក។ ដោយសារតែបញ្ហានេះ នាយកប្រតិបត្តិថ្មីរបស់ Porsche លោក Michael Leiters កំពុងសម្លឹងមើលការផលិតរថយន្តដែលមានរឹមប្រាក់ចំណេញខ្ពស់ ដើម្បីនាំយកប្រាក់ ចំណេញត្រឡប់មកដូចដើមវិញ។

លោក Leiters បានមានប្រសាសន៍នៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ Porsche ថា៖

"យើងកំពុងពិនិត្យមើលលើម៉ូដែល និងកំណែប្រែថ្មីៗ ដែលស្ថិតនៅពីលើរថយន្តស្ព័រទ្វារ ពីរនាពេលបច្ចុប្បន្ន និងនៅពីលើម៉ូដែល Cayenne របស់យើង។"

ជាអកុសល ថ្នាក់ដឹកនាំរូបនេះមិនបានបញ្ជាក់លម្អិតជាងនេះទេ ហើយអ្នកនាំពាក្យរបស់ Porsche ក៏បានបដិសេធសំណើពីសារព័ត៌មាន ក្នុងការបកស្រាយបន្ថែមលើសម្តីរបស់លោក Leiters ដែរ។

ម៉ូដែលថ្មីលើសពី Cayenne និងរថយន្តស្ព័រ

ម៉ូដែលថ្មីដែលអាចស្ថិតនៅពីលើ Cayenne គឺច្បាស់ណាស់ថាជា SUV កៅអី ៣ ជួរ កូដ "K1" ដែល Porsche បានពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ប៉ុន្តែម៉ូដែលថ្មីដែលស្ថិតនៅ ពីលើស្រឡាយរថយន្តស្ព័រទ្វារពីរ គឺនៅមានភាពស្រពិចស្រពិលនៅឡើយ។

នេះអាចមានន័យថាជាកំណែប្រែដែលមានតម្លៃថ្លៃ និងផ្តាច់មុខជាងមុននៃម៉ូដែល 911 (ដូចជា GT2 RS ជាដើម)។ ប៉ុន្តែសម្ដីរបស់លោក Leiters ក៏អាចជាការបង្ហើបអំពីអ្វីដែលស្រដៀង នឹងអ្នកបន្តវេនពី 918 Spyder ផងដែរ។ ខណៈពេលដែល Ferrari កំពុងដាក់លក់ម៉ូដែល F80 និង McLaren កំពុងបង្កើត W1 វាដល់ពេលដែល Porsche ត្រូវបង្កើតរថយន្តប្រភេទ Halo car (រថយន្តតំណាងម៉ាក) ដែលធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល។


តម្រុយបច្ចេកវិទ្យា និងម៉ាស៊ីន

Porsche មិនបានបន្សល់ទុកតម្រុយច្រើនអំពីម៉ូដែល Halo car នេះទេ។ ក្រុមហ៊ុនបានចុះប៉ាតង់បច្ចេកវិទ្យាម៉ាស៊ីនថ្មីៗមួយចំនួនក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ រួមមាន៖

  1. ការរចនាម៉ាស៊ីន 6 វគ្គ (Six-stroke design) ក្នុងឆ្នាំ 2024។
  2. ម៉ាស៊ីន Tri-turbo W-18 ដែលមានស៊ីឡាំង 3 ជួរ។

ទោះបីជាបច្ចេកវិទ្យាទាំងនេះមិនទាន់ត្រៀមខ្លួនសម្រាប់ផលិតក៏ដោយ ប៉ុន្តែ Porsche ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលចូលចិត្តបង្កើតអ្វីដែលមិននឹកស្មានដល់។ រថយន្តអគ្គិសនីគំរូ Mission X ឆ្នាំ 2023 ក៏អាចជាទិសដៅមួយដែរ ប៉ុន្តែដោយសារកង្វះ ការចាប់អារម្មណ៍លើរថយន្តអគ្គិសនីកម្រិតកំពូល (Ultra-high-end EV) វាកម្រនឹងក្លាយជា ជម្រើសសម្រាប់ផលិតណាស់។

ប្រសិនបើក្រុមហ៊ុនចង់យកគំនិតចាស់ៗមកប្រើវិញ Porsche ក៏អាចរស់រានឡើងវិញ នូវម៉ាស៊ីន Twin-turbo 5.0-liter flat-eight ដែលខ្លួនធ្លាប់បានអភិវឌ្ឍសម្រាប់អ្នកបន្តវេន 918 ប៉ុន្តែត្រូវបានលុបចោលវិញនៅពេលនោះ។ ក្នុងស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន ការយកម៉ាស៊ីន ដែលអភិវឌ្ឍបានពាក់កណ្តាលមកធ្វើបន្ត អាចនឹងមានសន្សំសំចៃជាងការរចនាអ្វីថ្មី ពីបាតដៃទទេមកវិញ។


ព័ត៌មានអំពី SUV ម៉ូដែល K1

ព័ត៌មានជុំវិញ K1 មានភាពច្បាស់លាស់ជាងរថយន្ត Supercar។ ជំនួសឱ្យការចេញលក់ជា ប្រភេទអគ្គិសនីសុទ្ធដូចការគ្រោងទុកដំបូង K1 នឹងបង្ហាញខ្លួនជាមួយនឹងជម្រើសម៉ាស៊ីនសាំង និង Plug-in Hybrid (PHEV)។ យើងដឹងថា SUV ថ្មីនេះនឹងមានកៅអី 3 ជួរ ហើយខណៈដែល ដំបូងឡើយវាគ្រោងនឹងចេញលក់ក្នុងឆ្នាំ 2027 ការបន្ថែមពេលវេលាអភិវឌ្ឍន៍ដើម្បីប្តូរពី EV មកជាម៉ាស៊ីនចំហេះវិញ អាចនឹងធ្វើឱ្យពេលវេលានៃការមកដល់របស់វាត្រូវបានពន្យារពេល៕

ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)