Admin, 16 September 2026

           ក្រុមហ៊ុន Bugatti មិនមានទំនាក់ទំនងអ្វីទៀតឡើយជាមួយក្រុមហ៊ុន Volkswagen Group។ ត្រឹមតែរយៈពេលប្រាំឆ្នាំ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តស្ព័រទំនើបរបស់បារាំងមួយនេះ បានក្លាយជាផ្នែកមួយនៃក្រុមហ៊ុនរួមទុន (joint venture) ជាមួយក្រុមហ៊ុនទើបបង្កើតថ្មី (startup) របស់ក្រូអាស៊ី Rimac ដែលមានកម្មសិទ្ធិ 55% ដោយ Rimac Group និង 45% ដោយ Porsche ពេលនេះ Bugatti ស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងរបស់ Rimac ហើយ។ ក្រុមហ៊ុន Porsche បានប្រកាសកាលពីម្សិលមិញថា ខ្លួនបានបញ្ចប់ការលក់ភាគហ៊ុនដែលនៅសល់ទាំងស្រុង នៅក្នុងក្រុមហ៊ុន Bugatti Rimac និងក្រុមហ៊ុនមេ Rimac Group ដោយបានបញ្ចប់ពេលវេលារបស់ Bugatti នៅក្រោមឆ័ត្ររបស់ VW Group ដ៏ធំ។

ប្រតិបត្តិការនេះ ត្រូវ បានបញ្ចប់ជាផ្លូវការនៅថ្ងៃទី 9 ខែកញ្ញាកន្លងទៅ ជាមួយនឹងភាគហ៊ុននៅក្នុង Bugatti Rimac និង Rimac Group ឥឡូវនេះត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធក្រុមហ៊ុនមួយ (consortium) ដឹកនាំដោយក្រុមហ៊ុន HOF Capital ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដូចដែលបានប្រកាសកាលពីដើមឆ្នាំនេះ។ ក្រុមហ៊ុន Porsche AG Group បាននិយាយថា ខ្លួនទទួលបានថវិកាចំនួន ប្រហែល 1.16 ពាន់លានដុល្លារអាមេរិក ពីកិច្ចព្រមព្រៀងនេះ។ ក្នុងចំណោមទឹកប្រាក់សរុបនោះ Porsche បានបញ្ជាក់ថា 290លានដុល្លាអាមេរិក នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ផ្តល់មូលនិធិកាតព្វកិច្ចប្រាក់សោធននិវត្តន៍ (pension obligations)Porsche និយាយថា លំហូរសាច់ប្រាក់សុទ្ធ (net cash flow margin) សម្រាប់អាជីវកម្មយានយន្តរបស់ខ្លួន ដែលជាទូទៅគឺជាកម្រិតនៃការផ្លាស់ប្តូរការលក់ទៅជាសាច់ប្រាក់ពិតប្រាកដ ឥឡូវនេះត្រូវបានរំពឹងថានឹងកើនឡើងដល់ចន្លោះពី 5.5% ដល់ 7.5% សម្រាប់ឆ្នាំ 2026។ កម្រិតនេះ គឺមានការកើនឡើងពីការព្យាករណ៍ឆ្នាំ 2026 កាលពីមុន ដែលមានត្រឹមតែ 3% ដល់ 5%ប៉ុណ្ណោះ។

ការលក់នេះ សម្គាល់នូវទីបញ្ចប់នៃយុគសម័យដ៏សំខាន់មួយសម្រាប់ម៉ាកយីហោ BugattiBugatti បានវិលត្រឡប់មករកភាពល្បីល្បាញសារជាថ្មី ក្រោមការគ្រប់គ្រងរបស់ VW Group ដែលជាផ្នែកមួយនៃចក្ខុវិស័យរបស់អតីតអគ្គនាយកប្រតិបត្តិលោក Ferdinand Piëch ក្នុងការបង្កើតឡើងវិញនូវលំហយានយន្តប្រណីតកម្រិតខ្ពស់ និងសមត្ថភាពខ្ពស់។ ចន្លោះម៉ូដែល Veyron និង Chiron រួមទាំងរថយន្តស៊េរីពិសេសផលិតក្នុងចំនួនកំណត់ជាច្រើនទៀត Bugatti បានក្លាយជាឈ្មោះដ៏ល្បីល្បាញសារជាថ្មី សម្រាប់អ្នកគាំទ្ររថយន្តស្ព័រទំនើបដ៏អស្ចារ្យ។

បន្ទាប់មកនៅក្នុងឆ្នាំ 2021 ក្រុមហ៊ុន Porsche និង Rimac បានបង្កើតក្រុមហ៊ុនរួមទុនមួយឡើង ដែលត្រូវបានរចនាឡើងដើម្បីនាំយកម៉ាកយីហោបារាំងដ៏មានប្រវត្តិមួយនេះ ឆ្ពោះទៅកាន់អនាគត ដោយមានជំនួយពីចំណេះដឹងផ្នែកបច្ចេកវិទ្យាអគ្គិសនីរបស់ Rimac។ កិច្ចសហប្រតិបត្តិការនោះ បានខិតខំបង្កើតផលផ្លែផ្កា ជាមួយនឹងរថយន្តម៉ូដែល Tourbillon ដែលនឹងបង្ហាញខ្លួននាពេលខាងមុខ ដោយបំពាក់ម៉ាស៊ីនសាំង 8.3-liter V-16 អភិវឌ្ឍដោយ Cosworth និងម៉ូទ័រអគ្គិសនីចំនួនបី ពីក្រុមហ៊ុន Rimac

ការផលិតរថយន្ត Tourbillon ត្រូវ បានកំណត់កាលវិភាគចាប់ផ្តើមនៅក្នុងឆ្នាំនេះ ហើយ Bugatti មិនទាន់បានផ្តល់ព័ត៌មានលម្អិតអំពីផែនការសម្រាប់ផលិតផលណាមួយ ហួសពីរថយន្ត Hypercar ចុងក្រោយបង្អស់របស់ខ្លួននៅឡើយទេ ដូច្នេះគេមិនទាន់ច្បាស់ទេថា តើការលក់ភាគហ៊ុនរបស់ Porsche នៅក្នុង Bugatti នឹងមានផលប៉ះពាល់យ៉ាងណាចំពោះក្រុមហ៊ុននាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ជំហាននេះដោយ Porsche មិនមែនជារឿងភ្ញាក់ផ្អើលនោះទេ ដោយសារតែក្រុមហ៊ុនផលិតរថយន្តស្ព័រមួយនេះ បានខ្វះខាតសាច់ប្រាក់នាពេលថ្មីៗនេះ។ Porsche បានវិនិយោគយ៉ាងខ្លាំងលើរថយន្តអគ្គិសនី ដោយបានបញ្ឈប់ការផលិតរថយន្តដែលលក់ដាច់បំផុតរបស់ខ្លួន គឺរថយន្ត SUV ម៉ូដែល Macan ប្រើម៉ាស៊ីនសាំង និងរថយន្តស្ព័រ 718 ប្រើម៉ាស៊ីនសាំង ហើយបានប្រឈមមុខនឹងការធ្លាក់ចុះនៃទិន្នផលលក់នៅក្នុងប្រទេសចិន។ Porsche កំពុងចាប់ផ្តើមផែនការដ៏ធំមួយ ដើម្បីបង្កើនប្រាក់ចំណេញ ហើយការលក់ភាគហ៊ុនរបស់ខ្លួននៅក្នុង Bugatti គឺជាចំណុចចាប់ផ្តើម។


ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)