Admin, 20 hours ago
ក្រុមហ៊ុន Piaggio នៅតែបន្តប្រារព្ធពិធីជប់លៀងខួបកំណើតដ៏ធំរបស់ Vespa យ៉ាងពេញទំហឹង ជាមួយនឹងការបញ្ចេញម៉ូឌែលកំណែទម្រង់ពិសេសមួយទៀត គឺ Vespa Edizione Ottantesimo ដែលជាស៊េរីផលិតឡើងយ៉ាងកម្របំផុត។ បន្ទាប់ពីយើងបានឃើញការបង្ហាញខ្លួននៃម៉ូឌែល Vespa Primavera 80th និង GTS 80th នាឆ្នាំនេះរួចមក ម៉ូឌែល Edizione Ottantesimo នេះបានបន្ថែមចំណុចលេចធ្លោដ៏សំខាន់មួយទៀតសម្រាប់ការអបអរសាទរខួបលើកទី 80 របស់ម៉ាកយីហោនេះ ជាមួយនឹងតួខ្លួនធ្វើពីដែកថែបរឹងមាំ ពណ៌គំនូរផ្ទាល់ខ្លួន និងការរចនាម៉ូដយ៉ាងផ្ជិតផ្ចង់បំផុត។
ទោះបីជាឈ្មោះ Vespa Edizione Ottantesimo មានន័យចំៗថា "កំណែទម្រង់លើកទី 80" ដែលមិនមែនជាឈ្មោះចម្លែកប្លែកអារម្មណ៍ខ្លាំងក៏ដោយ ប៉ុន្តែក្រុមហ៊ុន Piaggio បានជ្រើសរើសទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់ការបើកបង្ហាញម៉ូតូស៊េរីកម្រមួយនេះ ដោយបានបើកកម្របមុខវានៅក្នុងព្រឹត្តិការណ៍ Vespa Days ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលបង្កើតឱ្យមានបរិយាកាស និងទិដ្ឋភាពជីវិតដ៏ស្រស់បំព្រង (la dolce vita)។ ដើម្បីជាការផ្តល់កិត្តិយសដល់ឆ្នាំដែល Vespa ត្រូវបានបង្កើតឡើង ម៉ូតូនីមួយៗនឹងមានវាយលេខរៀង និងផលិតក្នុងចំនួនកំណត់ត្រឹមតែ 1,946 គ្រឿងប៉ុណ្ណោះ នៅទូទាំងពិភពលោក ដោយក្នុងនោះសហរដ្ឋអាមេរិកនឹងទទួលបានត្រឹមតែ 25 គ្រឿងប៉ុណ្ណោះ។
កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា នៅខាងក្រោមថ្នាំពណ៌ថ្មី និងក្រាហ្វិកផ្តាច់មុខរបស់ Edizione Ottantesimo គឺការប្រើប្រាស់គ្រោងឆ្អឹងភាគច្រើននៃម៉ូឌែល Vespa GTS 310 ដែលមានស្រាប់ ដោយដំណើរការដោយម៉ាស៊ីន 310 HPE ស៊ីឡាំងទោល ត្រជាក់ដោយទឹក ស្របតាមស្តង់ដារ Euro 5+ ដែលអាចផលិតកម្លាំងបាន 25 សេះ។
ម៉ូឌែលស៊េរីពិសេសនេះ បំពាក់ដោយ៖
ប្រព័ន្ធភ្លើង LED ជុំវិញ និងកុងទ័រអេក្រង់ពណ៌ TFT ទំហំ 5 អ៊ីញ ដែលអាចភ្ជាប់ជាមួយប្រព័ន្ធ Vespa MIA។
ប្រអប់លេខអូតូ CVT, ប្រព័ន្ធហ្វ្រាំងថាសអ៊ីដ្រូលីក, ប្រព័ន្ធសោឆ្លាតវៃ (keyless ignition) និងភ្លើងជួយបំភ្លឺនៅផ្នែកខាងក្រោយនៃរបាំងមុខ និងក្រោមប្រអប់កែប។
ប្រព័ន្ធសុវត្ថិភាពស្តង់ដាររួមមាន៖ ប្រព័ន្ធត្រួតពិនិត្យការអូសទាញ (ASR) និងប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS។
ចំណុចខុសប្លែកនៃការរចនា (Paint & Detailing) តើអ្វីដែលធ្វើឱ្យម៉ូឌែល Edizione នេះខុសប្លែកពីម៉ូឌែល GTS 310 ធម្មតា? និយាយឱ្យខ្លី គឺភាគច្រើនលើ ថ្នាំពណ៌ និងក្រាហ្វិក៖
ពណ៌ និងកែប៖ Piaggio បានប្រើប្រាស់ស្រមោលពណ៌បៃតងពិសេសនៅលើកែប និងវង់កង់ ដែលជានិមិត្តរូបរំលឹកទៅកាន់ម៉ូឌែលពណ៌ទោលដំបូងៗរបស់ Vespa។ ទោះបីជាកែបដេរម៉ូដសមស្របគ្នាមើលទៅដូចជាកែបស្ព័រសម្រាប់ជិះម្នាក់ឯងក៏ដោយ ប៉ុន្តែគម្របខាងក្រោយដែលមានពណ៌ស៊ីគ្នានោះ អាចដកចេញបានដើម្បីផ្ទុកអ្នករួមដំណើរបានយ៉ាងទូលំទូលាយ។
វង់កង់ (Rims)៖ វង់កង់អាលុយមីញ៉ូមទំហំ 12 អ៊ីញ មានការរចនាម៉ូដតម្រាប់តាមរង្វង់កង់ដែកបត់ដែលធ្លាប់បំពាក់លើម៉ូឌែល Vespa 98 កាលពីឆ្នាំ 1946។
លេខ 80 និងលក្ខណៈសម្បត្តិពិសេស៖ មានក្រាហ្វិកលេខ 80 រាង 3D ពណ៌បៃតងយ៉ាងច្បាស់នៅផ្នែកចំហៀងនៃម៉ូតូ។ យោងតាម Piaggio ស្លាកសញ្ញារាងឆកោន (hexagonal) គឺធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពីទម្រង់ក្បាលខ្ចៅ ដើម្បីបង្ហាញពីសិប្បកម្មកែច្នៃដ៏ប្រណីតរបស់ Vespa។ លើសពីនេះ មានការបំពាក់ផ្លាកសញ្ញាអនុស្សាវរីយ៍មានវាយលេខរៀងនៅខាងក្នុងប្រអប់ក្រោមរន្ធកែប។
កញ្ចប់កាដូ និងគ្រឿងបំពាក់បន្ថែម ជាទូទៅ ម៉ូតូស៊េរីពិសេសតែងតែមានកាដូថែមជូន ហើយសម្រាប់ម៉ូឌែលនេះ Vespa បានថែមជូននូវ មួកសុវត្ថិភាពពិសេស ដែលមានពណ៌ និងឌីហ្សាញស៊ីគ្នានឹងម៉ូតូ Ottantesimo ជាមួយលេខ 80 ធំៗនៅខាងក្រោយ។ បន្ថែមពីនេះ Vespa ក៏បានថែមជូន សៀវភៅ Assouline កម្រិតប្រណីតមួយក្បាល ដែលពោរពេញទៅដោយរូបភាពរូបតំណាងរបស់ Vespa និងឯកសារកម្រៗដែលដកស្រង់ចេញពីបណ្ណសារសារមន្ទីររបស់ Piaggio ផងដែរ។
សម្រាប់អ្នកដែលចូលចិត្តតុបតែងម៉ូតូ ក្រុមហ៊ុន Piaggio បានបញ្ជាក់ថា Vespa Edizione Ottantesimo អាចបំពាក់បន្ថែមនូវគ្រឿងបន្លាស់ជាច្រើនដូចជា៖ ធុងអីវ៉ាន់ខាងក្រោយ (top box) មានពណ៌ស៊ីគ្នា ឬគ្រឿងបំពាក់ផ្សេងៗទៀតរួមមាន រ៉ាកដាក់អីវ៉ាន់, ដែកការពារចំហៀង, កាងមុខ និងកញ្ចក់បាំងខ្យល់ជាដើម។
ប្រភព៖ United State
ប្រែសំរួល៖ AC Motors
