Admin, 14 November 2026

             រថយន្តទំហំមធ្យមស៊េរីថ្មី Ora 7 របស់ក្រុមហ៊ុន Great Wall Motor នឹងត្រូវ បានដាក់លក់នៅក្នុងខែវិច្ឆិកា នេះបើយោងតាមព័ត៌មានដែលទទួលបានកាលពីថ្ងៃទី 10 ខែវិច្ឆិកា ដោយ Autohome។ Ora 7 គឺជាម៉ូដែលថ្មីស្រឡាងទាំងស្រុង វា នឹងមកជាពីរទម្រង់តួខ្លួន គឺប្រភេទ Shooting brake (wagon) និងប្រភេទ Fastback។

ការរចនា និងវិមាត្រតួខ្លួន

ទាំងពីរជម្រើសនេះ ដើរតាមរចនាប្រចាំត្រកូលរបស់ម៉ាក Ora។ ផ្នែកខាងមុខ មានប៉ាណាបិទជិតស្ថិតនៅចន្លោះចង្កៀងមុខរាងមូល។ ផ្នែកខាងក្រោយ ទម្រង់តួខ្លួនទាំងពីរប្រើប្រាស់ចង្កៀងក្រោយដូចគ្នា ដែលឆ្លុះបញ្ចាំងពីការរចនានៃផ្នែកខាងមុខ។

Ora 7 មានវិមាត្រតួខ្លួន៖ បណ្តោយប្រវែង 4,820 មីឡីម៉ែត្រ, ទទឹង 1,870 មីឡីម៉ែត្រ និងកម្ពស់ 1,520 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ(wheelbase) 2,870 មីឡីម៉ែត្រ។

កាប៊ីនខាងក្នុង និងប្រព័ន្ធជំនួយការបើកបរ

ទម្រង់តួខ្លួនទាំងពីរ ទទួលបានការរចនាកាប៊ីនខាងក្នុងដូចគ្នា និងការរចានាផ្ទៃខាងក្នុងជុំវិញអ្នកធ្វើដំណើររួមមាន៖

  • ចង្កូត3ពហុមុខងារ  (three-spoke multifunction steering wheel)
  • បណ្តុំកុងទ័រឌីជីថលពេញលេញ (fully digital instrument cluster)
  • អេក្រង់ touch screen កណ្តាលបែបអណ្តែតខ្នាតធំ

នៅខាងក្នុង ប្រអប់បញ្ជាកណ្តាលរាងអក្សរ T បន្ថែមនូវបន្ទះសាកថ្មទូរស័ព្ទឥតខ្សែ និងប្រអប់កាន់កែវទឹកចំនួនពីរផងដែរ។​ប្រព័ន្ធជំនួយការបើកបរ គឺអាស្រ័យលើវគ្គជម្រើស។ អ្នកទិញអាចជ្រើសរើសរវាងប្រព័ន្ធប្រើប្រាស់កាមេរ៉ាសុទ្ធ ឬការរៀបចំដែលបន្ថែមសេនស័រ LiDAR។

ប្រព័ន្ធថាមពល និងចម្ងាយបើកបរ

មកទល់ពេលនេះ មានតែទម្រង់ Shooting brake ប៉ុណ្ណោះដែលត្រូវ បានចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT)។ វគ្គដែលបានចុះបញ្ជី ប្រើប្រាស់ម៉ូទ័រចំនួនពីរ៖

  • ម៉ូទ័រមុខ៖ 160 kW (215 សេះ)
  • ម៉ូទ័រក្រោយ៖ 150 kW (201 សេះ)
  • កម្លាំងទិន្នផលសរុប៖ 310 kW (416 សេះ)

Ora 7 ក៏លេចមុខនៅក្នុងកញ្ចប់ទី 32 នៃបញ្ជីឈ្មោះយានយន្តប្រើថាមពលថ្មីដែលត្រូវ បានលើកលែងពន្ធលើការទិញយានយន្តរបស់រដ្ឋាភិបាលផងដែរ។ បញ្ជីឈ្មោះនោះ បង្ហាញពីកញ្ចប់អាគុយចំនួនពីរ គឺ 58.3 kWh និង 68.9 kWh ដែលប្រភេទទាំងពីរគឺជាអាគុយ LFP មកពីក្រុមហ៊ុន Svolt ជាមួយនឹងការវាយតម្លៃចម្ងាយបើកបរ CLTC  535 គីឡូម៉ែត្រ (ប្រហែល 433 គីឡូម៉ែត្រ WLTP), 560 គីឡូម៉ែត្រ (ប្រហែល 454 គីឡូម៉ែត្រ WLTP) និង 630គីឡូម៉ែត្រ (ប្រហែល 510 គីឡូម៉ែត្រ WLTP)។ វាគួរតែត្រូវបានគេកត់សម្គាល់ថា ម៉ូដែល Ora Lightning Cat កាលពីមុន ត្រូវបានដាក់លក់នៅក្នុងទីផ្សារប្រទេសថៃ ក្រោមឈ្មោះ Ora 07។ ដូច្នេះ Ora 7 អាចត្រូវ បានមើលឃើញថាជាម៉ូដែលជំនាន់ក្រោយនៃ Ora Lightning Cat។​ក្នុងនាមជាម៉ាកយីហោរងរបស់ Great Wall Motor ម៉ាក Ora ផ្តោតជាសំខាន់លើយានយន្តថាមពលថ្មី ប៉ុន្តែក៏មានផ្តល់ជូននូវម៉ូដែលប្រើម៉ាស៊ីនសាំងផងដែរ។ កាលពីខែមុន ម៉ាក Ora លក់យានយន្តបានចំនួន 12,187 គ្រឿង ដែលកើនឡើង 115.8% ធៀបនឹងឆ្នាំមុន និងកើនឡើង 8.8% ធៀបនឹងខែមុន។ នេះ គឺជាលទ្ធផលលក់ដ៏ល្អបំផុតរបស់ម៉ាកយីហោមួយនេះ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ។



ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)