Admin, 3 hours ago

           ការដាក់សម្ពោធម៉ូដែល Omoway OMO-X គឺប្រព្រឹត្តិនៅប្រទេសសិង្ហបុរីគឺជាព្រិត្តការណ៍ ដ៏អស្ចារ្យមួយ ដែលអ្នកស្រឡាញ់វិស័យម៉ូតូចង់ប្រថ្នាទៅទីនោះ ដើម្បីមើលម៉ូតូស្កូតឺ "រ៉ូបូត" ដែលមានសមត្ថភាពរក្សាតុល្យភាពដោយខ្លួនឯងនេះ ព្រោះវាជារឿងដ៏សំខាន់មួយ។ ការបង្កើតម៉ូតូដែលអាចឈរដោយខ្លួនឯង (Self-balancing) គឺជាក្តីស្រមៃដែលក្រុមហ៊ុនផលិតម៉ូតូធំៗជាច្រើនបានព្យាយាមសម្រេចឱ្យបាន។ Harley-Davidson ធ្លាប់បានសិក្សាលើបច្ចេកវិទ្យានេះ ដោយប្រើប្រាស់ឧបករណ៍រក្សាលំនឹង (Gyroscopes) បំពាក់ក្នុងកាបូបចំហៀងម៉ូតូ ខណៈដែល Yamaha ធ្លាប់បានបញ្ចេញម៉ូដែល Motobot និង Motoroid 1 និង 2 ដែលជាការខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់។ Honda ប្រហែលជាប្រេនល្បីបំផុតដែលបានស្រាវជ្រាវលើប្រធានបទនេះ ហើយស្ទើរតែឈានដល់ដំណាក់កាលផលិតទៅហើយជាមួយប្រព័ន្ធ Honda Riding Assist កាលពីឆ្នាំ 2017

ចំណុចសំខាន់សម្រាប់ Omoway គឺថា គ្មានក្រុមហ៊ុនណាមួយដែលរៀបរាប់ខាងលើ អាចឈានដល់ការផលិតទ្រង់ទ្រាយធំដើម្បីលក់ជូនអតិថិជនបានឡើយ។ នេះហើយជាអ្វីដែលធ្វើឱ្យ OMO-X ក្លាយជាការចាប់អារម្មណ៍ខ្លាំង ព្រោះវាមិនមែនគ្រាន់តែជាម៉ូតូគំរូ (Working concept) នោះទេ ប៉ុន្តែវាកំពុងឈានចូលខ្សែសង្វាក់ផលិតកម្មពិតប្រាកដ។


របាំបាឡេលើម៉ូតូ Omoway

ដើម្បីបង្ហាញពិភពលោកឱ្យឃើញពីសមត្ថភាពរបស់ម៉ូតូនេះ ក្រុមហ៊ុនផលិតម៉ូតូមួយនេះត្រូវបានរៀបចំនៅJewel ក្នុងព្រលានយន្តហោះ Changi នៃប្រទេសសិង្ហបុរី ដែលជាកន្លែងសម្បូរទៅដោយហាងទំនិញ សួនទឹកធ្លាក់ក្នុងផ្ទះដ៏ធំបំផុត និងព្រៃទឹកភ្លៀងដ៏ស្រស់ស្អាត។

នៅទីនេះ OMO-X បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង។ ដើម្បីបង្ហាញពីសមត្ថភាពរក្សាតុល្យភាព ម៉ូតូបានចេញមកពីក្រោយវាំងនន ដោយបើកបរទៅមុខដោយខ្លួនឯង និងបញ្ជាដោយខ្លួនឯងយ៉ាងរលូន។ អ្វីដែលអស្ចារ្យបំផុតនោះគឺ មានអ្នករាំរបាំបាឡេម្នាក់ឈរយ៉ាងស្ងៀមស្ងាត់នៅលើកៅអីម៉ូតូ ហើយចាប់ផ្តើមរាំតាមចង្វាក់ភ្លេង ខណៈពេលដែលម៉ូតូកំពុងធ្វើចលនាជុំវិញឆាក។ នេះគឺជាការរួមបញ្ចូលគ្នារវាងតុល្យភាពដ៏ល្អឥតខ្ចោះរបស់អ្នករាំ ផ្គូផ្គងជាមួយស្ថិរភាពដ៏រឹងមាំនៃម៉ូតូ។ ទោះបីជាគាត់ប្តូរជំហរទម្ងន់ខ្លួនក៏ដោយ ក៏ម៉ូតូនៅតែមានលំនឹង ហើយសូម្បីតែពេលគាត់ចុះពីលើម៉ូតូ ក៏វាមិនមានការរញ្ជួយសូម្បីតែបន្តិច។


តើវាពិតជាមានទីផ្សារមែនឬ?

Omoway OMO-X ពិតជាគួរឱ្យចាប់អារម្មណ៍លើចំណុចមួយចំនួន។ ទីមួយ គឺស្ថិរភាពដ៏អស្ចារ្យរបស់វា។ ទីពីរ វាជាបច្ចេកវិទ្យាដ៏ខ្ពស់បំផុតនៅលើយានយន្តពីរកង់ ដែលវាមិនត្រឹមតែអាចរក្សាតុល្យភាពដោយខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបើកបរដោយស្វ័យប្រវត្តិ (Autonomous) ទៀតផង។ វាក៏អាច "មើលឃើញ" អ្វីៗនៅជុំវិញខ្លួននៅលើដងផ្លូវ ចាប់សញ្ញាយានយន្ត និងគ្រោះថ្នាក់ ដើម្បីបញ្ចៀសការប៉ះទង្គិច។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ Omoway ទើបតែបង្កើតឡើងក្នុងឆ្នាំ 2024 ប៉ុណ្ណោះ ដែលមានន័យថាវាគ្រាន់តែជា "ទារក" ក្នុងឧស្សាហកម្មផលិតម៉ូតូ។ ទោះជាយ៉ាងនេះក្តី វាអាចរចនា អភិវឌ្ឍ និងផលិតម៉ូតូប្រភេទនេះបាន ដែលនេះជាជំហានដែល Honda, Yamaha និង Harley-Davidson បានបរាជ័យ។

Omoway ជឿជាក់ថា ឥឡូវនេះគឺជាពេលវេលាដែលត្រូវឱ្យមនុស្សជិះម៉ូតូដែលមានតុល្យភាពដោយខ្លួនឯង ដើម្បីបំបែករបាំងនៃការភ័យខ្លាចក្នុងការរៀនជិះម៉ូតូ។ Omoway ចាត់ទុកការរក្សាតុល្យភាពម៉ូតូ ជាចំណុចពិបាកបំផុតមួយក្នុងការរៀន។ ការដកយកភារកិច្ចនេះចេញពីអ្នកជិះ ហើយប្រគល់ទៅឱ្យឧបករណ៍ Control Moment Gyroscope នឹងជួយកាត់បន្ថយហានិភ័យនៃការដួលសម្រាប់អ្នកជិះដែលមិនទាន់មានបទពិសោធន៍។


សេចក្តីសន្និដ្ឋាន

ទោះបីជា Omoway យកចិត្តទុកដាក់ខ្លាំងលើការផលិត OMO-X ក៏ដោយ ប៉ុន្តែព័ត៌មានលម្អិតបច្ចេកទេសមួយចំនួននៅតែជាអាថ៌កំបាំងនៅឡើយ ដូចជា៖ ទម្ងន់, កម្លាំងម៉ាស៊ីន, ចម្ងាយជិះ និងរយៈពេលសាកថ្ម។ ចំណុចមូលដ្ឋានទាំងនេះហើយដែលនឹងសម្រេចថា តើ OMO-X គ្រាន់តែជាវត្ថុចម្លែកសម្រាប់ទស្សនា ឬជាមធ្យោបាយធ្វើដំណើរក្នុងទីក្រុងដ៏គួរឱ្យជឿជាក់មួយ។

អ្វីដែល Omoway បានធ្វើគឺពិតជាក្លាហានណាស់ ក្នុងការរុញច្រានបច្ចេកវិទ្យាដែលធ្លាប់តែជា "ល្បិចបង្ហាញលើឆាក" ឱ្យក្លាយជាការពិតនៃផលិតកម្ម។ តើអ្នកជិះពិតជាចង់បានម៉ូតូស្កូតឺដែលមានតុល្យភាពខ្លួនឯង និងបើកបរដោយស្វ័យប្រវត្តិឬយ៉ាងណា គឺជាសំណួរមួយផ្សេងទៀត ប៉ុន្តែសម្រាប់ពេលនេះ OMO-X កំពុងសាកល្បងចំណង់អាហាររបស់មនុស្សចំពោះពិភពម៉ូតូដែលមានលក្ខណៈប្លែកពីមុន។


ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors