Admin, 21 March 2026
ក្រុមហ៊ុនផលិតប្រព័ន្ធ Lidar របស់ចិន Hesai បានប្រកាសនៅថ្ងៃទី 18 ខែមីនានេះ នូវភាពជាដៃគូជាមួយក្រុមហ៊ុន Niu Technologies ដើម្បីផ្គត់ផ្គង់សេនស័រ Lidar សម្រាប់យានយន្តអគ្គិសនីកង់ពីរ ដែលនេះជាជំហានថ្មីមួយក្នុងការរីកសាយភាយបច្ចេកវិទ្យានេះឱ្យហួសពីដែនកំណត់នៃរថយន្តប្រើប្រាស់ទូទៅ។
Hesai បានបញ្ជាក់ថា ប្រព័ន្ធ FTX fully solid-state blind-spot lidar របស់ខ្លួន ត្រូវបានជ្រើសរើសសម្រាប់ផលិតផលរបស់ Niu ដើម្បីបង្កើនសុវត្ថិភាពក្នុងការបើកបរក្នុងទីក្រុង។ សេនស័រនេះនឹងត្រូវបំពាក់ដំបូងគេនៅលើម៉ូដែល NXT2 ដែលទើបនឹងដាក់សម្ពោធរបស់ Niu ហើយម៉ូតូអគ្គិសនីកម្លាំងខ្លាំងម៉ូដែល NX2 ក៏នឹងប្រើប្រាស់សេនស័រប្រភេទនេះដូចគ្នា។
ការប្រកាសនេះបានធ្វើឡើងទន្ទឹមនឹងព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីឆ្នាំ 2026 របស់ Niu ដែលក្នុងនោះក្រុមហ៊ុនក៏បានបង្ហាញនូវ NIU AIOS ដែលជាប្រព័ន្ធប្រតិបត្តិការ AI សម្រាប់យានយន្តពីរកង់ និងបានណែនាំម៉ូដែលថ្មីៗដែលបំពាក់បច្ចេកវិទ្យា AI ផងដែរ។យោងតាម Hesai ប្រព័ន្ធ FTX ផ្តល់នូវជ្រុងមួយមើលទៅអតិបរមាដល់ 180° × 140° ដែលអនុញ្ញាតឱ្យប្រព័ន្ធចាប់សញ្ញាអ្នកថ្មើរជើង យានយន្ត និងស្ថានភាពផ្លូវដ៏ស្មុគស្មាញក្នុងគ្រប់លក្ខខណ្ឌអាកាសធាតុ។ កម្រិតភាពច្បាស់ (Resolution) របស់សេនស័រនេះ គឺខ្លាំងជាងជំនាន់មុនដល់ទៅជាងពីរដង ខណៈដែលទម្ងន់ត្រូវបានកាត់បន្ថយរហូតដល់ 66%។
ប្រព័ន្ធ Lidar នេះត្រូវបានរចនាឡើងសម្រាប់ចាប់សញ្ញា blind-spot និងការមើលក្នុង ចម្ងាយជិត ហើយអាចចាប់បាននូវឧបសគ្គដែលនៅក្នុងស្ថានភាពទាបៗ ដែលជួយបង្កើនសុវត្ថិភាពនៅលើផ្លូវទីក្រុងដ៏មមាញឹក។ នៅក្នុងប្រព័ន្ធចាប់សញ្ញាគ្រប់ទិសទីរបស់ Niu ប្រព័ន្ធ FTX ដំណើរការរួមគ្នាជាមួយបន្ទះឈីបកុំព្យូទ័រវៃឆ្លាត Sunrise series របស់ក្រុមហ៊ុន D-Robotics។
មូលហេតុចម្បងដែលបច្ចេកវិទ្យានេះកំពុងឈានជើងចូលក្នុងទីផ្សារម៉ូតូស្កូតឺ និងម៉ូតូធំ គឺដោយសារតែ "តម្លៃ"។ Hesai បាននិយាយថា ខ្លួនបានកាត់បន្ថយតម្លៃ Lidar ពីខ្ទង់តម្លៃខ្ពស់ កាលពីមុន មកនៅត្រឹមប្រហែល 200 ដុល្លារអាមេរិក ប៉ុណ្ណោះ តាមរយៈការធ្វើ សមាហរ ណកម្មបន្ទះឈីប និងការផលិតក្នុងទ្រង់ទ្រាយធំ ដែលជាការធ្លាក់ចុះតម្លៃរហូតដល់ 99.5%។ ប្រៀបធៀបទៅនឹងកាលពី 10 ឆ្នាំមុន គ្រឿង Lidar ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា មានតម្លៃរហូតដល់ទៅជាង 43,600 ដុល្លារ។
ការផ្លាស់ប្តូរនេះបង្ហាញឱ្យឃើញថា ប្រព័ន្ធ Lidar កំពុងងាកចេញពីការប្រើប្រាស់តែលើ រថយន្តអគ្គិសនីលំដាប់ខ្ពស់ (High-end EVs) មកកាន់ផលិតផលប្រើប្រាស់ដែលមាន តម្លៃសមរម្យវិញ។ កាលពីខែមករា ក្រុមហ៊ុន BYD ក៏បានដាក់បញ្ចូលជម្រើស Lidar សម្រាប់រថយន្តធុនតូចម៉ូដែល Seagull (តម្លៃប្រហែល 10,000 ដុល្លារ) ផងដែរ។
Hesai គឺជាអ្នកផ្គត់ផ្គង់ Lidar ដ៏ធំបំផុតមួយរបស់ចិន ដែលសេនស័រចម្ងាយឆ្ងាយរបស់ខ្លួន ត្រូវបានប្រើប្រាស់រួចហើយនៅក្នុងកម្មវិធីរថយន្តតាក់ស៊ីគ្មានមនុស្សបើក (Robotaxi) រួមមាន Baidu, Pony.ai, WeRide និង Zoox។ កិច្ចព្រមព្រៀងចុងក្រោយជាមួយ Niu បង្ហាញថា ការធ្លាក់ចុះនៃថ្លៃដើមសេនស័រ កំពុងចាប់ផ្តើមបើកទីផ្សារឱ្យកាន់តែទូលំទូលាយ រួមទាំង ទីផ្សារយានយន្តកង់ពីរផងដែរ៕
ប្រភព៖ China News
ប្រែសំរួល៖ AC Motors
