Admin, 31 March 2026
បញ្ហាយឺតយ៉ាវនៃគ្រឿងបន្លាស់អាចនឹងក្លាយជារឿងអតីតកាលសម្រាប់ក្រុមហ៊ុន MV Agusta បន្ទាប់ពីភាពជាដៃគូថ្មីជាមួយ DHL Supply Chains បានចាប់ផ្តើម ដែលមានន័យថា ប្រតិបត្តិការភស្តុភារ និងឃ្លាំងគ្រឿងបន្លាស់របស់ប្រេនអ៊ីតាលីមួយនេះ នឹងត្រូវគ្រប់គ្រងដោយ DHL ទាំងស្រុង។
ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពី MV Agusta បានគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួនឡើងវិញ ពេញលេញ រួមទាំងការចែកចាយ និងការអភិវឌ្ឍន៍ បន្ទាប់ពីបានសម្រេចចិត្តបំបែកខ្លួនចេញ ពីក្រុមហ៊ុន KTM ក្នុងឆ្នាំ 2025 ពោលគឺមិនដល់មួយឆ្នាំផង បន្ទាប់ពី MV Agusta ត្រូវបានទិញ ដោយក្រុមហ៊ុន Pierer Mobility។ គោលបំណងនៃភាពជាដៃគូយុទ្ធសាស្ត្រថ្មីនេះ គឺដើម្បី ពង្រឹងប្រសិទ្ធភាព ភាពច្បាស់លាស់ និងបទពិសោធន៍អតិថិជន តាមរយៈការគ្រប់គ្រង ភស្តុភារនៃគ្រឿងបន្លាស់ និងគ្រឿងតុបតែងឱ្យកាន់តែប្រសើរឡើង។
Antonio Lombardo, CEO of DHL Supply Chain Italy, and MV Agusta CEO Luca Martin
នៅចុងឆ្នាំ 2025 ប្រតិបត្តិការឃ្លាំងគ្រឿងបន្លាស់ និងភស្តុភារទាំងអស់របស់ MV Agusta ត្រូវបានផ្ទេរទៅឱ្យ DHL Supply Chain យ៉ាងពេញលេញ។ បច្ចុប្បន្ន ក្រុមហ៊ុន DHL ជាអ្នកគ្រប់គ្រងជាផ្លូវការលើរាល់សកម្មភាពរក្សាទុកក្នុងឃ្លាំង ខណៈដែលក្រុមហ៊ុន DHL Express នៅតែបន្តកាន់កាប់ផ្នែកចែកចាយ។ យោងតាម MV Agusta ភាពជាដៃគូជាមួយ DHL មានគោលដៅដោះស្រាយចំណុចសំខាន់ៗចំនួនបី រួមមាន៖ "ការគ្រប់គ្រងការបញ្ជា ទិញឱ្យមានប្រសិទ្ធភាពជាងមុន, ការធានាការដឹកជញ្ជូនឱ្យបានទាន់ពេលវេលា [និង] ការផ្តល់ ដំណោះស្រាយជាក់ស្តែងចំពោះបញ្ហាគ្រឿងបន្លាស់កាលពីមុន ដែលធ្លាប់ប៉ះពាល់ដល់ ភ្នាក់ងារចែកចាយ និងអតិថិជន"។
MV Agusta ក៏កំពុងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធព័ត៌មានវិទ្យា (IT) ថ្មី ដើម្បីពង្រឹងភាពត្រឹមត្រូវ នៃបញ្ជីសារពើភណ្ឌ និងការឆ្លើយតបឱ្យបានរហ័ស។ ជាថ្មីម្តងទៀតគោលដៅនៃ យុទ្ធសាស្ត្រនេះ គឺដើម្បីធ្វើឱ្យបទពិសោធន៍ទូទៅរបស់អតិថិជនកាន់តែល្អប្រសើរ។
MV Agusta Superveloce 1000 RS
ថ្លែងអំពីកិច្ចព្រមព្រៀងថ្មីនេះ លោក Luca Martin នាយកប្រតិបត្តិ (CEO) នៃ MV Agusta បានមានប្រសាសន៍ថា៖"ការចាប់ដៃគូជាមួយ DHL គឺជាជំហានដ៏សំខាន់មួយក្នុងការប្តេជ្ញា ចិត្តរបស់យើង មិនត្រឹមតែក្នុងការផ្តល់ជូននូវម៉ូតូដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ នូវបទពិសោធន៍នៃការក្លាយជាម្ចាស់ម៉ូតូ ដែលឆ្លុះបញ្ចាំងពីឧត្តមភាពនៃប្រេនរបស់យើង និងវិធីសាស្ត្រដែលផ្ដោតលើអតិថិជនជាចម្បង។កិច្ចសហការនេះអនុញ្ញាតឱ្យយើងតម្រឹមសមត្ថភាពភស្តុភារ ឱ្យស្របទៅនឹងការរំពឹងទុកដ៏ខ្ពស់របស់អតិថិជន និងបណ្តាញភ្នាក់ងារ ចែកចាយរបស់យើងនៅទូទាំងពិភពលោក។"
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
