Admin, 16 May 2026
អត្ថបទផ្សាភ្ជាប់ពីមុន៖ក្រុមហ៊ុន Beijing Hyundai បង្ហាញរូបរាងរថយន្ត Ioniq V ស៊េរីថ្មីក្នុងពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026
រថយន្ត Ioniq V ធ្លាប់បានបង្ហាញខ្លួនជាសកលក្នុងពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026កាលពីខែមេសាកន្លងទៅ ដែលជាផ្នែកនៃយុទ្ធសាស្ត្រពង្រីកទីផ្សាររថយន្តអគ្គិសនី (EV) របស់ Hyundai នៅក្នុងប្រទេសចិន។
គ្រោងតួ E-GMP ជាមួយយុទ្ធសាស្ត្រថាមពលពីរប្រភេទ
Ioniq V ត្រូវបានបង្កើតឡើងនៅលើគ្រោងតួអគ្គិសនី E-GMP របស់ Hyundai និងមានជម្រើសទាំងប្រភេទអាគុយសុទ្ធ (BEV) និងប្រភេទអគ្គិសនីពន្យារចម្ងាយ (EREV)។ ឯកសារចុះបញ្ជីបង្ហាញថា រថយន្ត Sedan នេះគាំទ្របច្ចេកវិទ្យាសាកថ្មលឿនកម្រិត 800V និងប្រើប្រាស់ប្រព័ន្ធបើកបរអគ្គិសនីដែលមានប្រសិទ្ធភាពខ្ពស់។ ម៉ូដែលនេះក៏មានការសហការជាមួយដៃគូបច្ចេកវិទ្យាជាច្រើនដូចជា Momenta, Qualcomm, CATL, Baidu Wenxin (large language models) និង Volcano Engine ផងដែរ។
រថយន្តនេះមានវិមាត្រ៖ បណ្តោយប្រវែង 8,900 មីឡីម៉ែត្រ, ទទឹងប្រវែង 1,890 មីឡីម៉ែត្រ, កម្ពស់ 1,470 មីឡីម៉ែត្រ និងមានប្រវែងចន្លោះកង់មុខក្រោយ 2,900 មីឡីម៉ែត្រ។
រូបរាងខាងក្រៅបែប Coupe
Ioniq V ប្រើប្រាស់ការរចនាបែប Fastback Sedan ដែលមានតួខ្លួនទាប ជំនួសឱ្យរចនាបថ SUV រាងប្រអប់ដែលគេច្រើនឃើញទូទៅក្នុងទីផ្សារ EV របស់ចិន។ ចំណុចលេចធ្លោពីឯកសារ MIIT រួមមាន ទ្វារគ្មានស៊ុម កង់ដែលមានរចនាបថ Aerodynamic ធំៗ និងអំពូលកន្ទុយក្រោយវែងជាប់គ្នាប្រភេទ "star-track"។ ក្រុមហ៊ុន Beijing Hyundai បានឱ្យដឹងថា ម៉ូដែលនេះត្រូវបានបង្កើតឡើងដោយក្រុមរចនារបស់ Hyundai ប្រចាំប្រទេសចិន សម្រាប់តម្រូវចិត្តអតិថិជនចិនដោយផ្ទាល់។
ផ្នែកខាងក្នុង ក្រុមហ៊ុនបានបញ្ជាក់ពីការបំពាក់អេក្រង់ 4K ស្តើងបំផុតទំហំ 27 អ៊ីញ ប្រព័ន្ធភ្លើងលម្អក្នុងកាប៊ីន និងប្រព័ន្ធបង្ហាញព័ត៌មានលើកញ្ចក់មុខ (HUD) ដែលមានឈ្មោះថា “Cyber Eye”។
ឈីប Qualcomm 8295 និងប្រព័ន្ធ Momenta
ម៉ូដែលនេះត្រូវបានរំពឹងថានឹងប្រើប្រាស់ឈីបកាប៊ីនបញ្ជា Snapdragon 8295 របស់ Qualcomm រួមជាមួយការគាំទ្រប្រព័ន្ធ AI ភ្លោះ (dual AI large-model)។ ក្រុមហ៊ុន Hyundai ក៏បានលើកឡើងថា Ioniq V នឹងប្រើប្រាស់មុខងារជំនួយការបើកបរ L2+ ពីក្រុមហ៊ុន Momenta។
នៅក្នុងពិព័រណ៍រថយន្តក្រុងប៉េកាំងកាលពីខែមេសា លោក José Muñoz នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Motor បានមានប្រសាសន៍ថា ក្រុមហ៊ុនគ្រោងនឹងដាក់សម្ពោធម៉ូដែលថ្មីចំនួន 20 នៅក្នុងប្រទេសចិន ក្នុងរយៈពេល 5 ឆ្នាំខាងមុខ រួមមានទាំងប្រភេទ EV, EREV, Hybrid និងរថយន្តប្រើសាំង។
បរិបទទីផ្សារក្នុងប្រទេសចិន
យោងតាម China EV DataTracker ការលក់របស់ Hyundai ក្នុងប្រទេសចិនសម្រេចបាន 8,909 គ្រឿង ក្នុងខែមីនា ឆ្នាំ 2026 ដែលធ្លាក់ចុះ 17.6% ធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុនកាន់កាប់ចំណែកទីផ្សារបាន 0.5% ក្នុងខែនោះ។ Hyundai លក់បាន 6,603 គ្រឿងក្នុងខែកុម្ភៈ និង 11,401 គ្រឿងក្នុងខែមករា ឆ្នាំ 2026។
Ioniq V គឺជាផលិតផល EV សំខាន់ដំបូងគេបង្អស់ ដែលត្រូវបានដាក់សម្ពោធក្រោមយុទ្ធសាស្ត្រថ្មីរបស់ Hyundai ក្នុងការធ្វើមូលដ្ឋានីយកម្មផលិតផលសម្រាប់ទីផ្សារប្រទេសចិន។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
