Admin, 01 February 2026

​​​​​​          យោងតាមការចុះផ្សាយរបស់សារព័ត៌មាន IT-home ក្រុមហ៊ុន MG បានបញ្ចេញ រូបភាពTeaserនៃរថយន្ត Sedan អគ្គិសនីសុទ្ធម៉ូដែលថ្មីមួយ ដែលនេះជាការបង្ហាញ ឱ្យឃើញមុននូវរថយន្តប្រើថាមពលអាគុយនៅក្នុងត្រកូល Sedan របស់ខ្លួន និងជាសញ្ញានៃការពង្រីកផលិតផលរថយន្តអគ្គិសនីរបស់ MG បន្ថែមទៀត។

រូបភាពTeaser នោះបានបង្ហាញពីប្រភេទរថយន្ត Sedan ដែលមានរាងបែប Coupe (ដំបូលទាបទៅក្រោយ), មានបំពាក់សេនស័រ LiDAR នៅលើដំបូល និងមានដៃទ្វារបែបលាក់ មួយផ្នែក (Semi-hidden door handles)។ បច្ចុប្បន្ន ក្រុមហ៊ុន MG មិនទាន់បានបង្ហើបពីឈ្មោះ ជាផ្លូវការ, លក្ខណៈបច្ចេកទេស, ចម្ងាយបើកបរ, កាលបរិច្ឆេទសម្ពោធ ឬតម្លៃលក់នៅឡើយ ទេ។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មិនទាន់បានបញ្ជាក់ថា តើម៉ូដែលនេះនឹងត្រូវដាក់ចូលខ្សែ សង្វាក់ផលិតកម្មនៅពេលណា ឬវាមានទំនាក់ទំនងយ៉ាងណាចំពោះផលិតផល MG ដែលមានស្រាប់នោះទេ។


ការរចនា និងការប្រៀបធៀបជាមួយម៉ូដែលផ្សេងៗ៖ រូបរាងខាងក្រៅនៃរថយន្ត Sedan ថ្មីនេះ មើលទៅមានភាពស្រដៀងគ្នាខ្លាំងទៅនឹង MG7 ដែលបច្ចុប្បន្នកំពុងដាក់លក់ ជាប្រភេទ រថយន្ត Sedan ខ្នាតមធ្យមប្រើម៉ាស៊ីនសាំង។ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនក៏បានពណ៌នាថា រូបរាងរបស់រថយន្តនេះមានភាពប្រហាក់ប្រហែលទៅនឹង SAIC Z7 ដែលជារថយន្ត Sedan មួយផ្សេងទៀតអភិវឌ្ឍដោយក្រុមហ៊ុនមេ SAIC ដែលមានរូបរាងបែប Coupe និងមានបំពាក់ ឧបករណ៍ LiDAR លើដំបូលដូចគ្នា។ ទោះជាយ៉ាងណា ក្រុមហ៊ុន SAIC MG មិនទាន់បាន ផ្តល់ការបញ្ជាក់ជាផ្លូវការអំពីការប្រើប្រាស់រចនាបថរួមគ្នា ឬការចែករំលែកគ្រោងឆ្អឹងរថយន្ត (Platform) រវាងម៉ូដែលទាំងនេះនៅឡើយទេ។

រថយន្ត MG7 ម៉ាស៊ីនសាំងបច្ចុប្បន្ន មានតម្លៃនៅក្នុងប្រទេសចិនចន្លោះពី ប្រហែល 19,740  ដល់ 25,620 ដុល្លារអាមេរិក)។ ចំណែកតម្លៃដែលមានការឧបត្ថម្ភធនបណ្តោះអាសន្នគឺស្ថិតក្នុងចន្លោះពី ប្រហែល 16,720 ដល់ 22,160 ដុល្លារអាមេរិក។ តម្លៃទាំងនេះគឺសំដៅតែលើ MG7 ម៉ាស៊ីនសាំងប៉ុណ្ណោះ និងមិនមែនជាតម្លៃសម្រាប់រថយន្តអគ្គិសនីដែលទើបតែបង្ហាញរូបរាង Teaser នេះទេ។


ព័ត៌មានបន្ថែមអំពី MG7 ម៉ាស៊ីនសាំង៖ ម៉ូដែល MG7 ម៉ាស៊ីនសាំង មានជម្រើសកម្លាំងម៉ាស៊ីនពីរប្រភេទ៖

  • ម៉ាស៊ីន 1.5T: ផ្តល់កម្លាំង 188 សេះ និងកម្លាំងរមួល 300 ញូតុនម៉ែត្រ ប្រើប្រាស់ប្រអប់លេខអូតូស្ងួត 7 វគ្គ (7-speed wet dual-clutch)។
  • ម៉ាស៊ីន 2.0T: ផ្តល់កម្លាំងអតិបរមា 261 សេះ (192 គីឡូវ៉ាត់) និងកម្លាំងរមួល 405ញូតុនម៉ែត្រ ប្រើប្រាស់ប្រអប់លេខអូតូ 7 វគ្គ។ លក្ខណៈបច្ចេកទេសទាំងនេះ គឺជាទិន្នន័យយោងសម្រាប់ម៉ូដែលដែលមានស្រាប់ប៉ុណ្ណោះ ហើយមិនទាន់មាន ការបញ្ជាក់សម្រាប់រថយន្ត Sedan អគ្គិសនីថ្មីនៅឡើយទេ។



ក្រៅពីរូបភាពTeaser មួយសន្លឹកនេះ MG មិនទាន់បានបញ្ចេញព័ត៌មានបន្ថែម អំពីគ្រោង ឆ្អឹងរថយន្ត, ការកំណត់រចនាសម្ព័ន្ធអាគុយ, កម្លាំងម៉ូទ័រ, ប្រព័ន្ធជំនួយការបើកបរ ឬចំណាត់ ថ្នាក់របស់វានៅក្នុងត្រកូលផលិតផលរបស់ម៉ាកនៅឡើយទេ។ ការបំពាក់ឧបករណ៍ LiDAR បញ្ជាក់ពីការរួមបញ្ចូលនូវផ្នែករឹង (Hardware) សម្រាប់ជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់ ប៉ុន្តែសមត្ថភាពមុខងាររបស់វានៅមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ។

នេះគឺជាការបង្ហាញឱ្យដឹងជាសាធារណៈលើកដំបូងនៃរថយន្ត Sedan អគ្គិសនីសុទ្ធរបស់ MG ខណៈដែលលក្ខណៈបច្ចេកទេស ឈ្មោះ និងព័ត៌មានលម្អិតនៃការដាក់ លក់លើទីផ្សារនៅ តែជាអាថ៌កំបាំង៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)