Admin, 16 May 2026
អត្ថបទផ្សាភ្ជាប់ពីមុនៈរថយន្ត SUV អគ្គិសនី MG 4X ដែលបំពាក់អាគុយប្រភេទ Liquid-Solid បានមកដល់ដេប៉ូចែកចាយក្នុងប្រទេសចិនហើយ
កាលពីថ្ងៃទី 11 ខែឧសភា ក្រុមហ៊ុន MG របស់ SAIC បានចាប់ផ្ដើមបើកទទួលការកក់ទុកមុនជាផ្លូវការ (blind pre-orders) សម្រាប់រថយន្តម៉ូដែល MG 4X ដោយប្រកាសតម្លៃណែនាំចាប់ពី ប្រហែល 14,700 ដុល្លារអាមេរិក។ រថយន្តនេះបានដឹកជញ្ជូនមកដល់ដេប៉ូចែកចាយតាំងពីសប្តាហ៍មុន។
ចំពោះការរចនាខាងក្រៅ MG 4X នៅតែរក្សានូវសោភ័ណភាពជាអត្តសញ្ញាណរបស់ម៉ាកយីហោនេះ ដោយមានប៉ាណាខាងមុខជិត ផ្សំជាមួយខ្សែបន្ទាត់ពន្លឺ "star-ring" អូសកាត់ជួរមុខ និងចង្កៀងរាងមូលស្លីម។ ការរចនាប៉ាណាស្រូបខ្យល់ផ្នែកខាងក្រោមបន្ថែមនូវភាពស្ព័រដល់ផ្នែកខាងមុខ។ រថយន្តនេះមានវិមាត្រ៖ បណ្តោយប្រវែង 4,500 មីឡីម៉ែត្រ, ទទឹង 1,849 មីឡីម៉ែត្រ, កម្ពស់ 1,621 មីឡីម៉ែត្រ (ឬ 1,627 មីឡីម៉ែត្រ) និងមានប្រវែងចន្លោះកង់មុខក្រោយ 2,735 មីឡីម៉ែត្រ។
ផ្នែកចំហៀងបង្ហាញពីយ៉ាន់កង់ដែលមានឆ្នូតច្រើន និងដៃទ្វារបែបមេកានិកបុរាណ។ នៅផ្នែកខាងក្រោយ MG 4X បំពាក់ដោយអំពូលកន្ទុយក្រោយវែងជាប់គ្នា និងមានស្លាបកន្ទុយត្រី "ducktail" យ៉ាងស្រស់ស្អាតនៅពីលើចង្កៀង រួមជាមួយស្លាបខ្យល់នៅផ្នែកដំបូលដើម្បីបង្កើនភាពទាក់ទាញ។ សម្រាប់ការបើកបរឆ្លាតវៃ រថយន្តនេះបំពាក់នូវប្រព័ន្ធដែលសហការអភិវឌ្ឍជាមួយក្រុមហ៊ុន Horizon ដែលផ្ដល់នូវមុខងារ NOA (Navigate on Autopilot) លើផ្លូវល្បឿនលឿន និងមុខងារចូលចតដោយស្វ័យប្រវត្តិ។
ផ្នែកខាងក្នុងប្រើប្រាស់ការរចនាបែបព័ទ្ធជុំវិញ (wraparound) ជាមួយពណ៌ពីរតោនយ៉ាងប្រណីត។ នៅក្នុងកាប៊ីនមានចំណុចកណ្ដាលគឺអេក្រង់កុងទ័រ LCD ពេញលេញ និងអេក្រង់កម្សាន្តធំប្រភេទ Floating Touchscreen។ វាក៏មានបំពាក់នូវប្រព័ន្ធតភ្ជាប់ស្មាតហ្វូនទៅនឹងរថយន្តដែលត្រូវបានបង្កើនប្រសិទ្ធភាពដោយ MG និង OPPO ដើម្បីធានាបាននូវអន្តរកម្មយ៉ាងរលូនរវាងឧបករណ៍របស់អ្នកប្រើប្រាស់ និងប្រព័ន្ធបញ្ជារបស់រថយន្ត។
ចំពោះសមត្ថភាព MG 4X ផ្ដល់ជូននូវជម្រើសម៉ូទ័រអគ្គិសនីចំនួនពីរ៖
- ម៉ូទ័រ 125 kW (168 សេះ): ផ្គូរផ្គងជាមួយអាគុយ LFP ទំហំ 53.9 kWh បើកបរបានចម្ងាយ 510 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC)។
- ម៉ូទ័រ 150 kW (201 សេះ): ផ្គូរផ្គងជាមួយអាគុយ Manganese-based lithium-ion (semi-solid) ទំហំ 64.2 kWh បើកបរបានចម្ងាយ 610 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC)។
ដើម្បីលើកទឹកចិត្តដល់អ្នកទិញដំបូង ក្រុមហ៊ុនបានណែនាំកញ្ចប់ "blind order" ដែលមានអត្ថប្រយោជន៍តម្លៃរហូតដល់ ប្រហែល 1,900 ដុល្លារ រួមជាមួយកាដូពិសេសគឺនាឡិកា OPPO Watch X3 តម្លៃ ប្រហែល 400 ដុល្លារ។ រថយន្តថ្មីនេះត្រូវបានរំពឹងថានឹងឈានចូលទីផ្សារជាផ្លូវការនៅចុងខែឧសភានេះ។
កាលពីខែមេសា ការលក់រថយន្តថាមពលថ្មីរបស់ក្រុមហ៊ុន SAIC សម្រេចបាន 142,487 គ្រឿង ដែលជាប់ចំណាត់ថ្នាក់លេខ 2 បន្ទាប់ពី BYD។ ម៉ាកយីហោ MG បានរួមចំណែកយ៉ាងសំខាន់ដល់បរិមាណលក់របស់ SAIC។ កាលពីខែកុម្ភៈកន្លងទៅ MG បានប្រកាសថាខ្លួនជាម៉ាករថយន្តចិនដំបូងគេដែលសម្រេចបានការលក់លើសពី 1 លានគ្រឿងនៅក្នុងតំបន់អឺរ៉ុប។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
