Admin, 14 May 2026

                ក្រុមហ៊ុន MG បានបញ្ចេញនូវឈុតរូបភាពជាផ្លូវការដំបូងបង្អស់សម្រាប់រថយន្តប្រភេទ Coupe ម៉ូដែលថ្មីរបស់ខ្លួនគឺ MG 07។ ដោយបង្កើតឡើងនៅលើគ្រោងតួ (platform) សម្រាប់រថយន្តថាមពលថ្មី (NEV) របស់ក្រុមហ៊ុន SAIC រថយន្ត MG 07 ត្រូវបានកំណត់ទីតាំងជារថយន្ត Coupe ស្ព័រដែលមានបច្ចេកវិទ្យាខ្ពស់ តម្រង់ទិសដៅលើកម្រិតតម្លៃចន្លោះពី ប្រហែល 22,100 ដល់ 29,400 ដុល្លារអាមេរិក។ រថយន្តនេះត្រូវបានគេប្រទះឃើញជាលើកដំបូងកាលពីខែកុម្ភៈកន្លងទៅ ហើយរំពឹងថានឹងដាក់សម្ពោធជាផ្លូវការនៅក្នុងឆ្នាំនេះ។

ការរចនាបែបស្ព័រ និងទំនើប

MG 07 ប្រើប្រាស់រូបរាងបែប "fastback" ដែលមានលក្ខណៈទាប និងតួខ្លួនរីកធំ (wide-body)។ ផ្នែកខាងមុខមានការរចនាយ៉ាងរលូន ជាមួយចង្កៀងរាងអក្សរ C ដែលមានបង្កប់គ្រាប់ LED ជាច្រើនគ្រាប់ និងប៉ាណាស្រូបខ្យល់ដែលអាចបិទបើកបាន (active intake grille)។ ចំណុចលេចធ្លោនៃការរចនាគឺ គម្របម៉ាស៊ីនប្រភេទ clamshell ដែលភ្ជាប់គ្នាយ៉ាងស្អាត។

បើពិនិត្យពីចំហៀង MG 07 បង្ហាញពីប្រវែងចន្លោះកង់មុខក្រោយវែង និងកន្ទុយខ្លី។ រថយន្តនេះត្រូវបានបំពាក់ដោយ៖

  • ទ្វារដែលគ្មានស៊ុម (Frameless doors)
  • ដៃទ្វារប្រភេទបង្កប់ពាក់កណ្តាល (Semi-hidden)
  • រន្ធខ្យល់បែប Aerodynamic នៅលើស្លាបកង់
  • យ៉ាន់ស្ព័រពណ៌ពីរតោន ជាមួយដង្កៀបហ្វ្រាំង (brake callipers) មានពណ៌លេចធ្លោ

ផ្នែកខាងក្រោយមានអំពូល LED អូសកាត់ជាប់គ្នា ដែលស៊ីគ្នាយ៉ាងល្អជាមួយដំបូលកញ្ចក់បែប Panoramic។ សម្រាប់ថ្ងៃបង្ហាញខ្លួនដំបូងនេះ MG ក៏បានណែនាំពណ៌ថ្មីពិសេសគឺ ពណ៌ស្វាយ "Morello Purple" ផងដែរ។

ភាពឆ្លាតវៃ និងគ្រឿងបន្លាស់បច្ចេកវិទ្យា

រថយន្តនេះត្រូវបានបំពាក់ដោយប្រព័ន្ធ LiDAR នៅលើដំបូល ហើយវានឹងក្លាយជាម៉ូដែលដំបូងគេដែលប្រើប្រាស់បច្ចេកវិទ្យា Momenta R7 “Enhanced World Model”។ ប្រព័ន្ធនេះដំណើរការដោយឈីបឯកទេសសម្រាប់ម៉ូដែលខ្នាតធំ (large-model) ឈ្មោះថា Momenta X7 ដែលក្រុមហ៊ុនអភិវឌ្ឍឡើងដោយផ្ទាល់។

MG 07 នឹងមានជម្រើសទាំងប្រភេទអគ្គិសនីសុទ្ធ (BEV) និងប្រភេទ Hybrid។ ទោះជាយ៉ាងណាក៏ដោយ កម្លាំងម៉ូទ័រ (kW) ជាក់លាក់ មិនទាន់ត្រូវបានបង្ហាញឱ្យដឹងពេញលេញនៅឡើយទេ។

ស្ថានភាពទីផ្សារ

ម៉ាកយីហោ MG ទទួលបានជោគជ័យខ្លាំងនៅក្រៅប្រទេស (ជាពិសេសនៅអឺរ៉ុប) ជាងនៅក្នុងប្រទេសចិន ដែលប្រហែលជាដោយសារតែមនុស្សនៅតែចាត់ទុកវាជាម៉ាករបស់ចក្រភពអង់គ្លេស។ កាលពីខែកុម្ភៈកន្លងទៅ MG បានប្រកាសថាខ្លួនបានក្លាយជាម៉ាករថយន្តចិនដំបូងគេ ដែលសម្រេចបានការលក់លើសពី 1 លានគ្រឿងនៅក្នុងតំបន់អឺរ៉ុប។

នៅក្នុងទីផ្សារប្រទេសចិន ការលក់របស់ MG បានហក់ឡើងដល់កម្រិតខ្ពស់បំផុត 21,402 គ្រឿង កាលពីខែធ្នូឆ្នាំមុន។ ក្នុងខែមីនាឆ្នាំនេះ MG លក់បាន 18,003 គ្រឿង ដែលជាលទ្ធផលដ៏ល្អប្រសើរមួយនៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លារបស់ប្រទេសចិន។



ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)