Admin, 11 March 2026
យោងតាមព័ត៌មានផ្តាច់មុខដែលទទួលបានដោយសារព័ត៌មានចិន 36Kr បានឱ្យដឹងថា ក្រុមហ៊ុន Mercedes-Benz បានចាប់ផ្តើមការអភិវឌ្ឍ platform រថយន្តអគ្គិសនីថ្មីមួយនៅ ក្នុងប្រទេសចិន ដោយប្រើប្រាស់ស្ថាបត្យកម្មអគ្គិសនីរបស់ក្រុមហ៊ុន Geely។
នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ 130 ឆ្នាំរបស់ Mercedes-Benz ដែលក្រុមហ៊ុន បានប្រគល់សិទ្ធិអភិវឌ្ឍន៍ដោយឯករាជ្យសម្រាប់ platform រថយន្តថ្មី ទៅឱ្យមជ្ឈមណ្ឌល ស្រាវជ្រាវនៅក្រៅប្រទេសអាល្លឺម៉ង់។ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ក្រុមហ៊ុនផលិតរថយន្តប្រណីតអាល្លឺម៉ង់ប្រចាំនៅក្នុងប្រទេសចិន នឹងដើរតួជា ទីស្នាក់ការកណ្តាលពិភពលោកសម្រាប់ការអភិវឌ្ឍរថយន្តធុនតូច (Compact vehicle) ខណៈដែលមជ្ឈមណ្ឌលអភិវឌ្ឍន៍នៅអាល្លឺម៉ង់នឹងផ្តោតលើរថយន្តធុនមធ្យម និងធុនធំ។
Mercedes-Benz has initiated development of a new electric vehicle platform in China using Geely's electrical architecture. Credit: Piston.my
គម្រោង "Phoenix" និងការផ្លាស់ប្តូរជាយុទ្ធសាស្ត្រ
ប្រភពពីឧស្សាហកម្មដែលដកស្រង់ដោយ 36Kr បានបង្ហើបថា Mercedes-Benz បានដាក់ដំណើរការ platform ថ្មីមួយដែលមានឈ្មោះកូដថា “Phoenix” ដែលនឹងគាំ ទ្រដល់រថយន្តអគ្គិសនីកម្រិតបឋម (Entry-level) នៅទូទាំងពិភពលោក។ Platform នេះត្រូវបានគ្រោងទុកថានឹងចាប់ផ្តើមផលិតនៅជុំវិញឆ្នាំ 2030 ដោយនឹងបញ្ចូលនូវ ស្ថាបត្យកម្មអគ្គិសនី GEEA របស់ Geely។ នៅពេលបញ្ចប់ វានឹងមកជំនួស platform MMA បច្ចុប្បន្នរបស់ Mercedes ហើយនឹងត្រូវប្រើដើម្បីផលិតរថយន្តធុនតូច រួមមានម៉ូដែល A-Class, B-Class, GLA, GLB និង CLA សម្រាប់ទីផ្សារពិភពលោក។
យោងតាម 36Kr ថ្នាក់ដឹកនាំរបស់ Mercedes-Benz បានចុះទៅកាន់មជ្ឈមណ្ឌល R&D របស់ Geely នៅ Hangzhou Bay ជាញឹកញាប់ចាប់តាំងពីចុងខែមករាមក។ ក្រុមហ៊ុនយក្សទាំងពីរ កំពុងចរចាលើកិច្ចសហប្រតិបត្តិការក្នុងកម្រិតគ្រឿងអេឡិចត្រូនិករថយន្ត និងស្ថាបត្យកម្ម អគ្គិសនី។
Geely company. Credit: CGTN
"ស្នូល" នៃរថយន្តឆ្លាតវៃ
ស្ថាបត្យកម្មអេឡិចត្រូនិក និងអគ្គិសនី (EE architecture) គឺជាគ្រឹះសម្រាប់រថយន្តឆ្លាតវៃ ឌីជីថល និងការតភ្ជាប់ ដែលគាំទ្រដល់ប្រព័ន្ធជំនួយការបើកបរទំនើប និងកាប៊ីនបញ្ជាឆ្លាតវៃ (Smart cockpits)។ វាត្រូវបានក្រុមហ៊ុនផលិតរថយន្តជាច្រើនចាត់ទុកថាជា "ស្នូល" នៃរថយន្តឆ្លាតវៃទំនើប។
ប្រភពបានបង្ហាញថា បច្ចុប្បន្ន Mercedes-Benz កំពុងធ្វើការផ្ទៀងផ្ទាត់ភស្តុតាងនៃគំនិត (Proof-of-concept) ដោយផ្អែកលើស្ថាបត្យកម្ម GEEA 4.0 របស់ Geely ដែលត្រូវបានរចនាឡើងសម្រាប់ទាំងរថយន្តចំហេះក្នុង និងរថយន្តអគ្គិសនី។ ចំណែកស្ថាបត្យកម្ម GEEA 3.0 ដែលបានបង្ហាញខ្លួនដំបូងនៅក្នុងម៉ូដែល Geely Galaxy E5 ក្នុងឆ្នាំ 2024 សម្រេចបានការលក់ជាងមួយលានគ្រឿងរួចទៅហើយ។
ការកាត់បន្ថយថ្លៃដើម និងប្រសិទ្ធភាពផលិតកម្ម
ប្រភពជិតស្និទ្ធនឹង Mercedes-Benz បានប្រាប់ 36Kr ថា៖"ក្នុងរយៈពេល1-2 ឆ្នាំកន្លងមកនេះ Mercedes បានសិក្សាអំពី 'មន្តអាគមនៃការសន្សំសំចៃថ្លៃដើម' របស់ប្រទេសចិន ក្នុងការ ផលិតរថយន្ត។"
ការកាត់បន្ថយថ្លៃដើមហាក់ដូចជាគោលដៅចម្បងនៅពីក្រោយការសម្រេចចិត្តជាយុទ្ធសាស្ត្រនេះ។ កាលពីចុងឆ្នាំមុន លោក Ola Källenius នាយកប្រតិបត្តិរបស់ Mercedes-Benz បាន បើកកិច្ចប្រជុំជាច្រើនជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រនា ពេលអនាគត។ ប្រភពផ្ទៃក្នុងបានប្រាប់ 36Kr ថា៖ "របៀបកាត់បន្ថយថ្លៃដើម និងសម្រេច បាននូវប្រាក់ចំណេញ គឺជាប្រធានបទស្នូល"។ មានសេចក្តីរាយការណ៍ថា Mercedes-Benz មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិស្វកម្មរថយន្តរបស់ចិន។ បន្ទាប់ពីធ្វើការសិក្សាវះកាត់ ពិនិត្យរចនាសម្ព័ន្ធ (Teardown study) លើរថយន្ត Zeekr 001 (ម៉ាកសញ្ញាក្រោមក្រុមហ៊ុន Geely Group) វិស្វកររបស់ Mercedes បានទទួលស្គាល់នូវគុណភាពបច្ចេកទេស របស់រថយន្តនេះ ខណៈដែលកត់សម្គាល់ថាវាមានតម្លៃដើមទាបជាងរថយន្ត Mercedes យ៉ាងខ្លាំង។
Zeekr 001. Credit: Zeekr
ការផ្លាស់ប្តូរនិន្នាការពិភពលោក
កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីនិន្នាការកើនឡើង ដែលក្រុមហ៊ុនផលិតរថយន្តសកល ស្វែងរកជំនាញបច្ចេកវិទ្យារបស់ចិនក្នុងវិស័យរថយន្តអគ្គិសនីឆ្លាតវៃ។
- Volkswagen បានចាប់ដៃគូជាមួយ Xpeng។
- Stellantis បានសហការជាមួយ Leapmotor។
- Renault បានសហការជាមួយ Geely។
- Ford ក៏ត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយ Geely លើប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងកម្មវិធីតភ្ជាប់ឆ្លាតវៃផងដែរ។
នេះគឺជាការផ្លាស់ប្តូរត្រឡប់មកវិញនៃយុទ្ធសាស្ត្រ "ទីផ្សារដោះដូរបច្ចេកវិទ្យា" ដែលធ្លាប់មាននៅក្នុងឧស្សាហកម្មរថយន្តរបស់ចិនអស់រយៈពេលជាច្រើនទសវត្សរ៍។ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនចិនកំពុងនាំចេញបច្ចេកវិទ្យាស្នូលទៅឱ្យក្រុមហ៊ុនយក្សសកល ដែលកំពុងជួបការលំបាកក្នុងការអភិវឌ្ឍកម្មវិធី (Software) សម្រាប់រថយន្តអគ្គិសនី និងរថយន្តឆ្លាតវៃ៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
