Admin, 17 September 2026

              ក្រុមហ៊ុន McLaren កំពុងរៀបចំខ្លួនសម្រាប់ការផ្លាស់ប្តូរដ៏ធំមួយ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខនេះ។ បន្ទាប់ពីបានឆ្លងកាត់ការផ្លាស់ប្តូររចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនជាច្រើន ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្តស្ព័ររបស់អង់គ្លេសមួយនេះ កំពុងរៀបចំដំឡើងកម្រិត និងដាក់លក់រថយន្តស៊េរីថ្មីជាច្រើនម៉ូដែល ខណៈពេលដែលខ្លួនព្យាយាមកែលម្អរូបភាពម៉ាកយីហោសកលរបស់ខ្លួន។ យោងតាមរបាយការណ៍របស់សារព័ត៌មាន Automotive News ម៉ូដែលថ្មីដំបូងគេ ក្នុងចំណោមម៉ូដែលថ្មីទាំងនោះ នឹងជារថយន្តប្រភេទ Hybrid Coupe ដែលត្រូវ បានកំណត់កាលវិភាគមកដល់នាឆ្នាំមុខ។

មានលេខកូដសម្ងាត់ P34 ម៉ូដែលថ្មីនេះ នឹងទាញយកថាមពលចេញពីម៉ាស៊ីនសាំង twin-turbocharged V-6។ ម៉ាស៊ីននោះ នឹងត្រូវភ្ជាប់ទៅនឹងប្រព័ន្ធ Hybrid ក៏ដូចជាប្រព័ន្ធចលនា (transmission) ដែលក្រុមហ៊ុនផលិតរថយន្តបានអភិវឌ្ឍដោយផ្ទាល់ដៃ។ ដូចជារថយន្ត McLaren ទាំងអស់ ម៉ូដែល P34 នឹងប្រើប្រាស់ទម្រង់ម៉ាស៊ីនតាំងនៅផ្នែកកណ្តាល (mid-engine layout) ដោយម៉ាស៊ីនត្រូវបានបំពាក់នៅចន្លោះកាប៊ីន និងកង់ក្រោយ។

ព័ត៌មានលេចឮបានឱ្យដឹងថា P34 នឹងត្រូវបានកំណត់ទីតាំងនៅចន្លោះម៉ូដែល Artura និង 750S — ទោះបីជាម៉ូដែលជំនួស 750S អាចនឹងត្រូវដាក់ចេញតាមក្រោយ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំខាងមុខនេះក៏ដោយ។ កម្លាំងសរុបរួមគ្នា ត្រូវបានគេនិយាយថានឹងកើនឡើងដល់ប្រហែល 810 សេះ (810 ponies) នេះបើយោងតាមតំណាងដេប៉ូចែកចាយ McLaren មួយរូបបានប្រាប់ទៅ AN ដែលធ្វើឱ្យវាកាន់តែមានកម្លាំងខ្លាំងជាងរថយន្ត 750S ដែលប្រើម៉ាស៊ីន V-8 ទៅទៀត។

ក្រុមតំណាងដេប៉ូចែកចាយ ដែលបានចូលរួមក្នុងកិច្ចប្រជុំឯកជនជាមួយក្រុមហ៊ុនផលិតរថយន្ត បានពិពណ៌នារថយន្តនេះប្រាប់ AN ថា មានប្រវែងវែងជាង Artura និងមានក្បាលមុខរចនាបែប wedge ដកស្រង់ចេញពីរថយន្តប្រណាំង McLaren F1។ យោងតាមក្រុមតំណាងដេប៉ូ ម៉ាស៊ីននឹងត្រូវ បានគ្របដណ្តប់នៅក្រោមគម្របកញ្ចក់ស្កុត (tempered-glass cover) ខណៈដែលផ្នែកខាងក្នុងនឹងប្រើប្រាស់ការរចនាបែបប្រណីតជាងមុន បើធៀបនឹងស្រឡាយផលិតផលបច្ចុប្បន្នភាគច្រើន។

ការផ្លាស់ប្តូរទៅរកផ្នែកខាងក្នុងដែលផ្តោតលើភាពប្រណីត ដោយមានកៅអីស្បែក, អេក្រង់កម្សាន្តព័ត៌មានខ្នាតធំ និងបណ្តុំកុងទ័រឌីជីថលទំនើបជាងមុន គឺជាផ្នែកមួយនៃគោលដៅរបស់លោក Nick Collins អគ្គនាយកប្រតិបត្តិ McLaren ក្នុងការកែលម្អរូបភាព និងសារៈសំខាន់នៃម៉ាកយីហោនៅលើកម្រិតសកល។ ថ្នាក់ដឹកនាំរូបនេះបានប្រាប់សារព័ត៌មានកាលពីខែសីហាថា៖ «ខ្ញុំចង់ក្លាយជាម៉ាកយីហោដែលមនុស្សគ្រប់គ្នាកំពុងនិយាយដល់ ជាផលិតផលដែលមនុស្សស្រឡាញ់ និងប្រតិព័ទ្ធ។ ខ្ញុំមិនអង្គុយនៅទីនោះ ហើយនិយាយថា 'នៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេល 24 ខែទៀត យើងចង់លក់រថយន្តឱ្យបាន X គ្រឿង' នោះទេ។ ខ្ញុំចង់ឱ្យបំណងប្រាថ្នា, ការចូលរួម និងការយល់ដឹងកើនឡើង ក្នុងអំឡុងពេលនោះ»។ បរិក្ខារប្រណីតទាំងនោះ ទំនងជានឹងត្រូវ បានរកឃើញនៅលើរថយន្ត McLaren ទ្វារបួន ដែលត្រូវ បានរំពឹងថានឹងមកដល់បន្ទាប់ពីម៉ូដែល P34 ខណៈដែល McLaren ឈានជើងចូលទៅក្នុងពិភពរថយន្ត Super SUV

តម្លៃសម្រាប់ P34 ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅប្រហែល 315,000 ដុល្លារអាមេរិក ដោយ McLaren មានផែនការផលិតរថយន្តនេះឱ្យបានប្រហែល 1,000 គ្រឿង នៅក្នុងឆ្នាំដំបូង។ ការប្រគល់រថយន្ត ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅចុងរដូវក្តៅនាឆ្នាំមុខ។


ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)