Admin, 25 July 2026

              កាលពីថ្ងៃទី 23 ខែកក្កដា ម៉ាកយីហោ Lynk & Co របស់ក្រុមហ៊ុន Geely បានដាក់លក់ជារូបវន្តជាផ្លូវការនូវរថយន្តប្រភេទ Wagon ខ្នាតមធ្យម ម៉ូដែល 07 GT។ ម៉ូដែលថ្មីនេះមានផ្តល់ជូនចំនួន 4 វគ្គជម្រើស ដោយមានកម្រិតតម្លៃចាប់ពី 23,200 ដុល្លារអាមេរិក ដល់ 30,700 ដុល្លារអាមេរិក។ ស៊េរីផលិតមានកំណត់ (limited edition) ចំនួន 1,007គ្រឿង ត្រូវបានលក់អស់ទាំងស្រុងក្នុងអំឡុងពេលនៃការកក់ទុកមុន។ ម៉ូដែលនេះត្រូវបានគេមើលឃើញជាលើកដំបូងនៅក្នុងឯកសារចុះបញ្ជីបទដ្ឋានគតិយុត្តកាលពីខែមុន។

រូបរាងខាងក្រៅ

ត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមការងាររចនានៅក្នុងប្រទេសចិន និងអឺរ៉ុប ម៉ូដែល 07 GT មានផលធៀបទទឹងទៅនឹងកម្ពស់ 1.28។ វិមាត្រយានយន្តមាន៖ បណ្តោយប្រវែង 4,846 មីឡីម៉ែត្រ (វែងបំផុតដល់ 4,866 មីឡីម៉ែត្រ), ទទឹងប្រវែង 1,900 មីឡីម៉ែត្រ និងកម្ពស់ 1,485 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ(Wheelbase) 2,843 មីឡីម៉ែត្រ។

រូបរាងខាងក្រៅមានជម្រើសពណ៌ចំនួន 6 ពណ៌ ដោយមានចំណុចលេចធ្លោគឺប្រព័ន្ធភ្លើងបើកបរពេលថ្ងៃ «Dawn» ដែលបំពាក់ដោយអំពូល LED ចំនួន 94 គ្រាប់។ នៅផ្នែកខាងក្រោយ ចង្កៀងរត់កាត់ «Energy Crystal» ប្រវែង 1,354 មីឡីម៉ែត្រ បានរួមបញ្ចូលគ្នានូវគ្រាប់ LED ចំនួន 204 គ្រាប់។

ម៉ូដែលបើកបរដោយកង់ពីរ (2WD) ផ្តល់នូវទំហំផ្ទុកឥវ៉ាន់ផ្នែកខាងក្រោយកម្រិតមូលដ្ឋាន 614 លីត្រ (អាចពង្រីកបានដល់ 1,665 លីត្រ) ខណៈដែលម៉ូដែលបើកបរវិលពេញកង់ (4WD) ផ្តល់ទំហំ 548 លីត្រ (អាចពង្រីកបានដល់ 1,599 លីត្រ) នៅពេលដែលកៅអីជួរក្រោយត្រូវបានបត់ក្នុងផលធៀប 4:6

បរិវេណខាងក្នុង

កាប៊ីនរថយន្តមានទម្រង់រចនាបែប «ស្រោបជុំវិញ» ជាមួយការតុបតែងសរសៃកាបូន (carbon fibre) និងមានជម្រើសពណ៌ចំនួន 5 ពណ៌។ បណ្តុំបច្ចេកវិទ្យាក្នុងឡាន ត្រូវបានដឹកនាំដោយអេក្រង់កុងទ័រ LCD ទំហំ 10.2 អ៊ីញ, អេក្រង់បញ្ជាកណ្តាលទំហំ 15.4 អ៊ីញ និងអេក្រង់ចាំងលើកញ្ចក់ AR-HUD ទំហំ 95 អ៊ីញ ដែលដំណើរការដោយប្រព័ន្ធ Lynk Flyme Auto 2.5។ រ៉ូបូតរូបវន្ត «Eva» ត្រូវបានបំពាក់មកជាមួយ សម្រាប់ធ្វើជាដៃគូកម្សាន្ត AI ឆ្លាតវៃ និងជួយរៀបចំផែនការធ្វើដំណើរ។

កៅអីជួរមុខទាំងសងខាង ផ្តល់នូវការកែសម្រួលដោយអគ្គិសនី 12 ទិសដៅ, មុខងារកម្តៅ, ខ្យល់បក់សម្រួល និងប្រព័ន្ធម៉ាសារ។ បទពិសោធន៍សំឡេង ត្រូវបានផ្តល់ជូនតាមរយៈប្រព័ន្ធបាសប្រណីត Harman Kardon ចំនួន 23 គ្រាប់ ជាមួយកម្លាំងទិន្នផលវ៉ាត់ 1,600W

ប្រព័ន្ធថាមពល និងសមត្ថភាព

ម៉ូដែល 07 GT ប្រើប្រាស់ប្រព័ន្ធ Hybrid ប្រភេទ EM-P ដោយរួមបញ្ចូលគ្នានូវម៉ាស៊ីនសាំង 1.5T, ម៉ូទ័រអគ្គិសនី និងប្រអប់លេខ 3-speed DHT។ ម៉ាស៊ីនសាំងផ្តល់កម្លាំងអតិបរមា 120kW (161 សេះ)។

កម្រិតសមត្ថភាពមានពីរជម្រើស៖

  • ម៉ូទ័រទោល (Single motor)៖ កម្លាំងអតិបរមាសរុបរួមគ្នា ៣០០ kW (៤០២ សេះ) ធ្វើសន្ទុះស្ទុះពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 5.5 វិនាទី។
  • ម៉ូទ័រឌុប (Dual motor - 4WD)៖ កម្លាំងអតិបរមាសរុបរួមគ្នា 390 kW (523 សេះ) ធ្វើសន្ទុះស្ទុះពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 4 វិនាទី។

គ្រប់ម៉ូដែលទាំងអស់ ត្រូវបានបំពាក់ដោយកញ្ចប់អាគុយ «Energee Golden Brick» ទំហំ 28.3 kWh។ ម៉ូដែល 2WD ផ្តល់នូវចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធតាមស្តង់ដារ CLTC ចំនួន 200 គីឡូម៉ែត្រ និងចម្ងាយបើកបរសរុប 1,422 គីឡូម៉ែត្រ។ ចំណែកឯម៉ូដែល 4WD ផ្តល់នូវចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធ 170 គីឡូម៉ែត្រ និងចម្ងាយបើកបរសរុប 1,315 គីឡូម៉ែត្រ។

ប្រព័ន្ធបូមប្រើប្រាស់ប្រភេទ MacPherson struts នៅខាងមុខ និងប្រព័ន្ធបូមឯករាជ្យ Multi-link នៅខាងក្រោយ។ ខណៈដែលគ្រប់ម៉ូដែលទាំងអស់រួមបញ្ចូលនូវប្រព័ន្ធបូមធារាសាស្ត្រ FSD variable damping adaptive suspension ប៉ុន្តែម៉ូដែល 4WD ត្រូវបានដំឡើកម្រិតទៅជាប្រព័ន្ធបូម MRC magnetorheological suspension

ប្រព័ន្ធឆ្លាតវៃ

វគ្គតុបតែងលំដាប់ខ្ពស់ ត្រូវបានបំពាក់ដោយដំណោះស្រាយ G-ASD G-Pilot H7 ដំណើរការដោយបន្ទះឈីប Nvidia Thor-U និងសេនស័រចំនួន 27 គ្រាប់ រួមទាំងប្រព័ន្ធ LiDAR ផងដែរ។ ឧបករណ៍ទាំងនេះ អនុញ្ញាតឱ្យមានប្រព័ន្ធតម្រង់ទិសផ្លូវឆ្លាតវៃពី «ទ្វារមួយទៅទ្វារមួយ» (Door-to-Door - D2D) និងប្រព័ន្ធបើកបរស្វ័យប្រវត្តក្នុងក្រុង (Urban NOA)



ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)