Admin, 28 October 2026

            ម៉ាកយីហោលំដាប់ខ្ពស់ Luxeed របស់ក្រុមហ៊ុន Chery មានផែនការដាក់លក់រថយន្ត NEV ចំនួន 6 ម៉ូដែល ក្នុងទូទាំងសកល។ បញ្ជីឈ្មោះយានយន្តថ្មីៗទាំងនេះ រួមមាន៖ រថយន្ត Minivan ខ្នាតធំ LLounge, រថយន្ត SUV បែបស្ព័រ Stormax និងរថយន្ត Crossover ចំនួន 4 ម៉ូដែលទៀត។ ពួកវានឹងបង្កើតបានជាខ្សែស្រឡាយផលិតផលចំនួន បី ដោយផ្តល់ជូនជម្រើសប្រព័ន្ធថាមពលចំនួន បី ប្រភេទ។

Luxeed ត្រូវ បានដាក់លក់ដំបូងក្នុងឆ្នាំ 2023 ជាគម្រោងបណ្តាក់ទុនរវាង Chery និង Huawei។ ស្រឡាយម៉ូដែលក្នុងស្រុកបច្ចុប្បន្នរបស់វា រួមមានរថយន្ត Sedan ម៉ូដែល S7, រថយន្ត Crossover Coupe ម៉ូដែល R7, រថយន្ត Minivan ម៉ូដែល V9 និងរថយន្ត SUV ម៉ូដែល RX។ នៅចុងខែតុលា Luxeed បានលាតត្រដាងផែនការជាផ្លូវការ ក្នុងការឈានជើងចូលទីផ្សារសកល។ ដើមឡើយ វានឹងណែនាំម៉ូដែលចំនួនពីរនៅក្រៅប្រទេសចិន៖ រថយន្ត Minivan ម៉ូដែល V9 និងរថយន្ត SUV ម៉ូដែល RX។ ឈ្មោះអន្តរជាតិរបស់ពួកវា គឺ LLounge និង Stormax រៀងៗខ្លួន។ ប្រទេសដំបូងគេមួយដែលទទួលបានរថយន្តផលិតដោយ Chery ទាំងពីរនេះ គឺប្រទេសអូស្ត្រាលី។

យោងតាមផ្ទាំងស្លាយពីបទបង្ហាញរបស់ Luxeed ដែលបានចែករំលែកតាមអនឡាញនាពេលថ្មីៗនេះ ម៉ាកយីហោរបស់ Chery មានផែនការអភិវឌ្ឍខ្សែស្រឡាយម៉ូដែលចំនួន បី ក្នុងកម្រិតសកល។ Stormax និង LLounge ដំណាងឱ្យខ្សែស្រឡាយផ្ទាល់ខ្លួនរបស់ពួកវា។ ទន្ទឹមនឹងនេះដែរ Luxeed ក៏នឹងដាក់លក់ស៊េរីរថយន្ត SUV ដែលរួមមាន 4 ម៉ូដែល ក្រោមឈ្មោះបណ្តោះអាសន្ន 3, 5, 7 និង 9។ ពួកវានឹងត្រូវ បានកំណត់ទីតាំងជារថយន្តប្រណីតជាងម៉ូដែល Stormax ដែលផ្តោតលើការបើកបរ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ស្រឡាយម៉ូដែលក្នុងស្រុករបស់ Luxeed មិនមានរាប់បញ្ចូលរថយន្តដែលបានរៀបរាប់ខាងលើនោះទេ។ នេះមានន័យថា Chery នឹងអភិវឌ្ឍម៉ូដែលទាំង 4 នោះ ជាពិសេសសម្រាប់ទីផ្សារសកល។ ពួកវានឹងមានផ្តល់ជូនសម្រាប់អតិថិជាន ជាមួយនឹងជម្រើសប្រព័ន្ធថាមពលចំនួន បី ប្រភេទដូចជា BEV, PHEV និង EREV។ ព័ត៌មានបន្ថែមអំពីរថយន្តដែលជិតចេញលក់ទាំងនេះ នឹងត្រូវប្រកាសនៅឆ្នាំក្រោយ។

Luxeed Stormax

និយាយអំពីយានយន្តដែលបានឈានជើងចូលទីផ្សារចិនរួចហើយ Luxeed Stormax (RX) ជារថយន្ត SUV ខ្នាតធំ 5 កៅអី ដែលរចនាឡើងដោយលោក Werner Gruber។ ជាមួយនឹងតម្លៃចន្លោះពី 38,900 ដល់ 58,370 ដុល្លារអាមេរិក នៅក្នុងស្រុក Luxeed RX ផ្តល់នូវវិមាត្រ៖ ប្រវែង 5,020 មីឡីម៉ែត្រ, ទទឹង 2,007មីឡីម៉ែត្រ និងកម្ពស់ 1,585 មីឡីម៉ែត្រ។ ប្រវែងចន្លោះកង់មុខក្រោយ(Wheelbase)ឡើងដល់ 3,000 មីឡីម៉ែត្រ។ Luxeed RX ប្រើប្រាស់យ៉ាន់កង់ទំហំ 20 ឬ 22 អ៊ីញ ជាមួយការរៀបចំទំហំសំបកកង់ខុសគ្នា (255 មីឡីម៉ែត្រ នៅខាងមុខ និង 275 មីឡីម៉ែត្រ នៅខាងក្រោយ)។ បណ្តុំចង្កៀងក្រោយរបស់វា ប្រើប្រាស់ធាតុផ្សំបែបគ្រីស្តាល់រៀបចំដោយចំនួន 10,000 គ្រាប់។

Luxeed Stormax មានបំពាក់សេនស័រចំនួន 98 និងពោងខ្យល់ចំនួន 27 នៅក្នុងកៅអីជួរមុខ។ កៅអីសម្រួលរចនាសម្ព័ន្ធទ្រទ្រង់របស់វា តាមពេលវេលាជាក់ស្តែង ផ្អែកលើលក្ខខណ្ឌបើកបរ និងឥរិយាបថរបស់រាងកាយអ្នកជិះ ហើយរួមបញ្ចូលទាំងមុខងារទប់ផ្នែកចំហៀងសកម្ម (active side-bolster function) ផងដែរ។ ឃ្លុបក្រោយផ្តល់នូវចំណុះស្តង់ដារ 622 លីត្រ បូកបន្ថែមលំហផ្ទុកលាក់ខ្លួន 30 លីត្រ និងគាំទ្រមុខងារបើកដោយមិនបាច់ប្រើដៃ «Knock Knock»។

ម៉ូទ័រអគ្គិសនីទោល ផ្តល់ថាមពលដល់ Luxeed Stormax កម្រិតចាប់ផ្តើមសម្រាប់ទីផ្សារក្នុងស្រុក។ វា ស្ថិតនៅលើអ័ក្សកង់ក្រោយ ដោយមានកម្លាំងទិន្នផល 277 kW (371 សេះ)។ វគ្គបើកបរវិលពេញកង់ (AWD) ម៉ូទ័រឌុប ផ្តល់កម្លាំងកំពូល 437 kW (586 សេះ)។ មានជម្រើសអាគុយចំនួន បី គឺ 81.1 kWh, 100.25 kWh និង 100.42 kWh ដែលសក្តិសមសម្រាប់ចម្ងាយបើកបរពី 700 ដល់ 852 គីឡូម៉ែត្រ តាមស្តង់ដារ CLTC (574 ដល់ 699 គីឡូម៉ែត្រ WLTP)។

Luxeed LLounge

Luxeed LLounge (V9) ជារថយន្ត Minivan ខ្នាតធំ ជាមួយនឹងវិមាត្រ៖ បណ្តោយប្រវែង 5,359 មីឡីម៉ែត្រ, ទទឹង 2,009 មីឡីម៉ែត្រ និងកម្ពស់ 1,879 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ (wheelbase) 3,250 មីឡីម៉ែត្រ។ កៅអីចំនួន 7 ជាមួយទម្រង់ប្លង់ 2+2+3។ កៅអីជួរទីពីរនៃ LLounge ប្រើប្រាស់ពោងសុវត្ថិភាពការពារក្បាល (helmet airbags)។ លក្ខណៈពិសេសផ្សេងទៀត រួមមាន៖ បាសចំនួន(speaker) 25 គ្រាប់, សេនស័រ LiDAR កម្រិត 896 បន្ទាត់, ប្រព័ន្ធបូមខ្យល់ថង់ឌុប (dual-chamber air suspension) និងប្រព័ន្ធបត់ជើងកង់ក្រោយ (rear-wheel steering)។ រចនាបថរូបរាងខាងក្រៅនៃ LLounge ត្រូវ បានកែសម្រួលបន្ថែម។

Luxeed LLounge មកជាស្តង់ដារជាមួយនឹងប្រព័ន្ធថាមពល EREV។ វា ប្រើប្រាស់ម៉ាស៊ីនសាំង 1.5 លីត្រ កម្លាំង 115 kW (154 សេះ) range-extender ដែលបញ្ជូនថាមពលទៅកាន់អាគុយប្រភេទ Ternary NMC ទំហំ 53.4 kWh ចម្ងាយបើកបរពី 285 ដល់ 305 គីឡូម៉ែត្រ តាមស្តង់ដារ CLTC (234 ដល់ 250 គីឡូម៉ែត្រ WLTP)។ វគ្គបើកបរកង់ក្រោយ (RWD) នៃ LLounge មានម៉ូទ័រអគ្គិសនីកម្លាំង 227 kW (304 សេះ)។ វគ្គបើកបរវិលពេញកង់ (AWD) ម៉ូទ័រឌុប ប្រើប្រាស់ម៉ូទ័រពីរ ជាមួយកម្លាំងទិន្នផលកំពូល 382 kW (512 សេះ)។ តម្លៃក្នុងស្រុកនៃ LLounge គឺស្ថិតនៅចន្លោះពី 58,370 ដល់ 77,840 ដុល្លារអាមេរិក។



ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)