Admin, 17 May 2026
ក្រុមហ៊ុន Lotus បានប្រកាសជាផ្លូវការអំពីការអភិវឌ្ឍរថយន្ត Supercar ម៉ាស៊ីនកណ្តាល V8 Hybrid ថ្មី ដែលមានកូដនាមផ្ទៃក្នុងថា Type 135 ហើយគ្រោងនឹងចេញលក់ក្នុងឆ្នាំ 2028។ នេះជាលើកដំបូងក្នុងរយៈពេល 24 ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ 2024 មក ដែលម៉ូដែលរបស់ Lotus នឹងត្រូវបំពាក់ដោយម៉ាស៊ីន V8 ឡើងវិញ។ ទន្ទឹមនឹងការប្រកាសផលិតផលនេះ ម៉ាកយីហោនេះក៏បានបញ្ជាក់ពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏ធំមួយ ដោយបោះបង់គោលដៅក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទាំងស្រុងត្រឹម2028 ដើម្បីងាកមកប្រើប្រាស់យុទ្ធសាស្ត្រចម្រុះ ដែលរួមមានទាំងម៉ាស៊ីនចំហេះក្នុង (ICE), រថយន្ត Hybrid និងរថយន្តអគ្គិសនី (EV)។
ការរចនា និងការផលិត
រថយន្ត Supercar ខាងមុខនេះ កំពុងត្រូវបានបង្កើតឡើងនៅមជ្ឈមណ្ឌលរចនា Coventry (Coventry Design Centre)។ ទោះបីជាព័ត៌មានលម្អិតពេញលេញមិនទាន់ត្រូវបានបង្ហាញ ប៉ុន្តែចំណុចសំខាន់ៗមួយចំនួនត្រូវបានបញ្ជាក់៖
- ការបំផុសគំនិតនៃការរចនា៖ រថយន្តនេះនឹងដកស្រង់ទម្រង់យ៉ាងច្រើនពីរថយន្តគំរូអគ្គិសនី Theory 1 ដែលបានបង្ហាញខ្លួនក្នុងឆ្នាំ 2024 ខណៈពេលដែលបញ្ចូលនូវរចនាបថបុរាណពីម៉ូដែល Esprit។
- សោភ័ណភាព៖ លក្ខណៈពិសេសដែលរំពឹងទុក រួមមាន រូបរាងបែប Aerodynamic ស្លាបកន្ទុយត្រីក្រោយខ្នាតធំ បន្ទះបំបែកខ្យល់ (diffuser) ដ៏រឹងមាំ និងបំពង់ស៊ីម៉ាំងដែលលេចធ្លោ ដើម្បីរក្សាសំឡេងម៉ាស៊ីនបែបស្ព័រ។
- ការផលិត៖ ការផលិតត្រូវបានកំណត់ធ្វើឡើងនៅក្នុងតំបន់អឺរ៉ុប ដែលទំនងជាខ្ពស់បំផុតគឺនៅរោងចក្រ Hethel ក្នុងខេត្ត Norfolk ចក្រភពអង់គ្លេស ជាកន្លែងដែលវានឹងប្រើប្រាស់ខ្សែសង្វាក់ផលិតកម្មរួមគ្នាជាមួយម៉ូដែល Emira និង Evija។
- ផ្នែកខាងក្នុង៖ កាប៊ីនត្រូវបានរំពឹងថានឹងផ្ដោតលើការរចនាបែប "racing-inspired" ដែលមានទម្ងន់ស្រាល បំពាក់ដោយប្រព័ន្ធអន្តរកម្មឌីជីថល និងកៅអីស្ព័រ។
សមត្ថភាព និងប្រព័ន្ធថាមពល
Type 135 មានគោលដៅក្លាយជារថយន្តមួយក្នុងចំណោមរថយន្តដែលមានកម្លាំងខ្លាំងបំផុតនៅក្នុងប្រវត្តិនៃការផលិតរបស់ម៉ាកនេះ។ ចំណុចលេចធ្លោផ្នែកបច្ចេកទេសរួមមាន៖
- ប្រព័ន្ធថាមពល៖ ម៉ាស៊ីន V8 ផ្គូរផ្គងជាមួយប្រព័ន្ធ Hybrid។
- កម្លាំងផលិតបាន៖ កម្លាំងសរុបនៃប្រព័ន្ធនេះត្រូវបានរំពឹងថានឹងលើសពី 1,000 សេះ។
- ប្រភពម៉ាស៊ីន៖ មានលទ្ធភាពខ្ពស់ដែល Lotus នឹងបន្តភាពជាដៃគូជាមួយ Mercedes-AMG ដោយប្រើប្រាស់ម៉ាស៊ីន 4.0T twin-turbo V8។
- ទម្រង់ Hybrid៖ របាយការណ៍ពី Autohome បានបង្ហាញថា រថយន្តនេះនឹងប្រើប្រាស់ប្រព័ន្ធ Hybrid ធម្មតា (HEV) ជាជាងប្រភេទដោតសាក (PHEV) ដើម្បីរក្សាប្រសិទ្ធភាពនៃទម្ងន់រថយន្តឱ្យនៅកម្រិតស្រាលបំផុត។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
