Admin, 02 November 2026
ក្រុមហ៊ុន Lexus នឹងដាក់លក់យានយន្តផលិតនៅក្នុងប្រទេសចិនជាលើកដំបូងរបស់ខ្លួន នៅក្នុងឆ្នាំ 2027 ដើម្បីបញ្ចប់នូវការចាកចេញពីការពឹងផ្អែកលើការនាំចូលទាំងស្រុង អស់រយៈពេលជិតបីទសវត្សរ៍ សម្រាប់ស្រឡាយរថយន្តរបស់ខ្លួននៅក្នុងប្រទេសចិនដីគោក នេះបើយោងតាមការរាយការណ៍របស់ Autohome។ ម៉ូដែលនេះ នឹងជារថយន្ត SUV អគ្គិសនីប្រើអាគុយ (BEV) បង្កើតឡើងនៅឯរោងចក្រថ្មីផ្ទាល់ខ្លួនរបស់ Toyota នៅក្នុងស្រុក Jinshan នៃក្រុងស៊ាងហៃ ខណៈដែលម៉ាកយីហោប្រណីតមួយនេះ ប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើង ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុក។
រោងចក្រនេះ នឹងប្រើប្រាស់បច្ចេកវិទ្យាសពុម្ពអាលុយមីញ៉ូមខ្នាតធំ (aluminium gigacasting) និងប្លង់ដំឡើងដែលមិនប្រើប្រាស់ខ្សែសង្វាក់រ៉ក (conveyor-free assembly layout)។ ការផលិតដំបូង ត្រូវ បានរាយការណ៍ថាមានផែនការផលិតប្រហែល 1,000 គ្រឿង ក្នុងមួយខែ។ Lexus មិនទាន់បានលាតត្រដាងពីឈ្មោះ, តម្លៃ, សមត្ថភាពថាមពលអាគុយ, លក្ខណៈបច្ចេកទេសម៉ូទ័រ ឬចម្ងាយបើកបររបស់រថយន្ត SUV នេះនៅឡើយទេ។
រោងចក្រស៊ាងហៃ ប្រើប្រាស់បច្ចេកវិទ្យា Gigacasting
ការសាងសង់រោងចក្រនៅ Jinshan បានចាប់ផ្តើមនៅក្នុងឆ្នាំ 2025។ ប្រតិបត្តិការជាសហគ្រាសវិនិយោគបរទេសទាំងស្រុង (wholly foreign-owned enterprise) នឹងអនុញ្ញាតឱ្យ Toyota អាចផលិតយានយន្ត Lexus ដោយឯករាជ្យ ដោយមិនចាំបាច់ឆ្លងកាត់ក្រុមហ៊ុនរួមទុនចិនទាំងពីរដែលមានស្រាប់របស់ខ្លួនឡើយ។
រោងចក្រនេះ នឹងប្រើប្រាស់ពុម្ពរចនាសម្ព័ន្ធអាលុយមីញ៉ូមផ្នែកមុខ និងផ្នែកខាងក្រោយ ដោយបូកបញ្ចូលគ្នានូវគ្រឿងបង្គំជាច្រើន ឱ្យទៅជាបំណែកធំៗ ដើម្បីកាត់បន្ថយចំនួនគ្រឿងបន្លាស់ និងប្រតិបត្តិការដំឡើង។ យានយន្ត ក៏នឹងផ្លាស់ទីដោយស្វ័យប្រវត្តិរវាងស្ថានីយការងារ ដោយមិនចាំបាច់ដើរតាមខ្សែសង្វាក់ប្រពៃណីឡើយ។
គោលដៅដំបូងដែលបានរាយការណ៍ថាការផលិតចំនួន 1,000 គ្រឿង ក្នុងមួយខែ គឺស្មើនឹងប្រហែល 12,000 គ្រឿង ក្នុងមួយឆ្នាំ ប៉ុន្តែវាមិនទាន់ត្រូវបានបញ្ជាក់ថាជាសមត្ថភាពផលិតកម្មរយៈពេលវែងនៃរោងចក្រនោះទេ។ Toyota ក៏មិនទាន់បានលាតត្រដាងពីគោលដៅផលិតកម្មចុងក្រោយ ឬកាលវិភាគបង្កើនការផលិតរបស់ខ្លួននៅឡើយទេ។
ប្រតិបត្តិការដាច់ដោយឡែករបស់ Lexus កើតមានឡើងចំពេលដែល Toyota កំពុងរៀបចំរចនាសម្ព័ន្ធសម្របសម្រួលឡើងវិញ ឆ្លងកាត់ក្រុមហ៊ុនរួមទុនចិនទាំងពីររបស់ខ្លួន។ កាលពីថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2026 GAC បានស្នើសុំទិញយកភាគហ៊ុននៅក្នុង FAW Toyota ដែលកាន់កាប់ដោយ FAW Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ China FAW។ កាលពីថ្ងៃទី 8 ខែតុលា FAW, GAC និង Toyota បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្ព័ន្ធភាពយុទ្ធសាស្ត្រ ដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D), ការរៀបចំទិញ និងការផលិត។
ប្រតិបត្តិការដែលបានស្នើឡើងនេះ នៅតែស្ថិតក្រោមនីតិវិធីបទប្បញ្ញត្តិ និងនីតិវិធីផ្សេងៗទៀត។ FAW Toyota ត្រូវបានរំពឹងថានឹងបន្តប្រតិបត្តិការជាអង្គភាពឯករាជ្យ ដោយ FAW នឹងក្លាយជាម្ចាស់ភាគហ៊ុនយុទ្ធសាស្ត្រនៅក្នុង GAC។
សមាសធាតុគីមីនៃអាគុយ នៅតែមិនទាន់មានការបញ្ជាក់
Toyota និង Idemitsu Kosan កំពុងអភិវឌ្ឍអាគុយប្រភេទ Solid-state ផ្អែកលើស៊ុលហ្វីត ដោយ Toyota មានគោលដៅយកទៅអនុវត្តផ្ទាល់លើរថយន្តអគ្គិសនី ក្នុងឆ្នាំ 2027-2028 និងឈានទៅរកការផលិតពេញលេញនាពេលក្រោយមក។ កាលវិភាគនេះ មិនបានបញ្ជាក់ពីការប្រើប្រាស់អាគុយ Solid-state សម្រាប់រថយន្ត SUV របស់ Lexus នោះទេ។
របាយការណ៍មួយចំនួន បានចង្អុលបង្ហាញពីការប្រើប្រាស់កោសិកាអាគុយប្រភេទ Prismatic Ternary Lithium ឬ Lithium Iron Phosphate (LFP) សម្រាប់ម៉ូដែលដំបូង។ Lexus មិនទាន់បានបញ្ជាក់ពីសមាសធាតុគីមី, ក្រុមហ៊ុនផ្គត់ផ្គង់ ឬសមត្ថភាពថាមពលអាគុយនៅឡើយទេ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
