Admin, 03 November 2026

           ការលក់រថយន្ត Lexus នៅក្នុងប្រទេសចិន បានធ្លាក់ចុះពីកម្រិតកំពូលប្រហែល 227,000 គ្រឿង ក្នុងឆ្នាំ 2021 មកត្រឹម 182,458 គ្រឿង ក្នុងឆ្នាំ 2025។ រថយន្ត Sedan ម៉ូដែល ES ត្រូវ បានរាយការណ៍ថាកត់ត្រាការលក់រថយន្តបានប្រហែល 57,800 គ្រឿង ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ 2026 ដែលធ្លាក់ចុះប្រហែល 26% ធៀបនឹងឆ្នាំមុន។ ដេប៉ូចែកចាយមួយចំនួន សូម្បីតែបានផ្តល់ជូនការបញ្ចុះតម្លៃជាសាច់ប្រាក់លើសពី 7,000 ដុល្លារអាមេរិក។

ការផលិតក្នុងស្រុក នឹងអនុញ្ញាតឱ្យ Lexus គេចផុតពីពន្ធគយ 15% លើការនាំចូលរថយន្តអ្នកដំណើរ ដែលផ្តល់ឱ្យខ្លួននូវភាពបត់បែនខាងតម្លៃកាន់តែច្រើន ប្រកួតប្រជែងជាមួយម៉ាកយីហោរថយន្តអគ្គិសនីប្រណីតក្នុងស្រុក ដូចជា Nio និង Zeekr ជាដើម។ តម្លៃជាក់ស្តែងសម្រាប់រថយន្ត SUV នេះ នៅតែមិនទាន់ត្រូវ បានលាតត្រដាងនៅឡើយ។

យុទ្ធសាស្ត្រនៅប្រទេសចិន មានភាពខុសប្លែកពីប្រទេសអូស្ត្រាលី

Lexus បានប្រើប្រាស់វិធីសាស្ត្រខុសគ្នានៅក្នុងប្រទេសអូស្ត្រាលី ដែលនៅទីនោះការលក់ចម្រុះរបស់ខ្លួន នៅតែមានទម្ងន់ធ្ងន់លើម៉ូដែល Hybrid និង Plug-in Hybrid។ Lexus បានបញ្ឈប់ការផលិតម៉ូដែល UX 300e ខណៈដែលម៉ូដែល RZ បានប្រឈមមុខនឹងការបញ្ចុះតម្លៃយ៉ាងខ្លាំងពីដេប៉ូចែកចាយ។ លើសពី 90% នៃការលក់រថយន្ត Lexus នៅក្នុងប្រទេសអូស្ត្រាលី ត្រូវបានរាយការណ៍ថាបានមកពីម៉ូដែល Hybrid និង Plug-in Hybrid។

ផ្ទុយទៅវិញ យានយន្តថាមពលថ្មី (NEV) ក្តោបក្តាប់ប្រហែល 54% នៃទិន្នផលលក់រាយរថយន្តអ្នកដំណើរនៅក្នុងប្រទេសចិន នាឆ្នាំ 2025 យោងតាមទិន្នន័យពីសមាគមរថយន្តអ្នកដំណើរចិន (China Passenger Car Association)។ ភាពជាដៃគូក្នុងស្រុកដែលមានស្រាប់របស់ Toyota ក៏បានបង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យា និងក្រុមហ៊ុនផ្គត់ផ្គង់ដោយប្រទេសចិនផងដែរ៖ រថយន្ត FAW Toyota bZ3 ប្រើប្រាស់បច្ចេកវិទ្យាអាគុយរបស់ BYD ខណៈដែល GAC Toyota bZ3X មានបំពាក់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ ដែលអភិវឌ្ឍឡើងជាមួយ Momenta។

រោងចក្រនៅ Jinshan នឹងបង្កើតមូលដ្ឋានផលិតកម្មដាច់ដោយឡែកមួយ សម្រាប់ Lexus នៅក្នុងប្រទេសចិន។ រថយន្ត SUV ដំបូងបង្អស់របស់វា ត្រូវ បានកំណត់កាលវិភាគសម្រាប់ឆ្នាំ 2027 ទោះបីជាលក្ខណៈបច្ចេកទេស, តម្លៃ និងការកំណត់ទីតាំងទីផ្សាររបស់វា នៅតែមិនទាន់ត្រូវ បានលាតត្រដាងនៅឡើយទេ។



ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)