Admin, 28 March 2026

         ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន Leapmotor ដែលមានការគាំទ្រពីក្រុមហ៊ុន Stellantis បានដាក់សម្ពោធជាផ្លូវការនូវរថយន្ត SUV ធុនតូចម៉ូដែលថ្មីរបស់ខ្លួនគឺ A10 ដោយបាននាំ​យកបច្ចេកវិទ្យា LiDAR ដែលធ្លាប់តែមានតម្លៃថ្លៃ មកដាក់ក្នុងទីផ្សាររថយន្តតម្លៃធូរថ្លៃ។

រថយន្តថ្មីនេះបានវាយលុកទីផ្សារកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រភេទខ្ពស់បំផុត (Top-trim) ដែលបំពាក់ដោយ LiDAR មានតម្លៃក្រោម 13,020 ដុល្លារអាមេរិក ។ Leapmotor A10 ត្រូវ បានដាក់លក់ក្នុង 4 ជម្រើស។ ប្រភេទ 3 ម៉ូដែលដំបូងដែលមិនមាន LiDAR មានតម្លៃ ចាប់ពី 9,534​ដុល្លា, 10,113​ដុល្លា និង 11,128 ដុល្លា រៀងគ្នា។ ចំណែកឯ​ប្រភេទខ្ពស់បំផុតមានតម្លៃ ចាប់ពី 12,576 ដុល្លាអាមេរិក។


លក្ខណៈបច្ចេកទេស និងកម្លាំងម៉ាស៊ីន

Leapmotor A10 ជារថយន្ត SUV អគ្គិសនីសុទ្ធខ្នាតតូច 5កៅអី ដែលមានបណ្តោយប្រវែង 4,270mm, ទទឹង 1,810mm និងកម្ពស់ 1,635mm ជាមួយប្រវែងចន្លោះកង់មុខក្រោយ 2,605mm។ វាដំណើរការដោយម៉ូទ័រអគ្គិសនីដែលមានកម្លាំងបញ្ចេញអតិបរមា 90 គីឡូវ៉ាត់ (kW) និងកម្លាំងរមួលអតិបរមា 150 ញូតុនម៉ែត្រ (Nm) ដែលអាចឆ្លើយតបបានយ៉ាងល្អ សម្រាប់ការធ្វើដំណើរក្នុងក្រុង។

រថយន្តនេះផ្តល់ជូននូវជម្រើសទំហំអាគុយចំនួនពីរគឺ 39.8 គីឡូវ៉ាត់ម៉ោង (kWh) និង 53 kWh ដែលផ្តល់ចម្ងាយបើកបរបាន 403 គីឡូម៉ែត្រ និង 505 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC)។ ម៉ូដែលនេះក៏គាំទ្របច្ចេកវិទ្យាសាកភ្លើងលឿន ដោយចំណាយពេលត្រឹមតែ 16 នាទី ប៉ុណ្ណោះ ដើម្បីសាកពី 30% ទៅ 80%។


ភាពឆ្លាតវៃ និងបច្ចេកវិទ្យា

បញ្ញាសិប្បនិម្មិត (Intelligence) គឺជាចំណុចលេចធ្លោស្នូលនៃរថយន្តថ្មីនេះ។ Leapmotor A10 បំពាក់ដោយបន្ទះឈីបកាប៊ីន Qualcomm SA8155 ឬ SA8295 ព្រមទាំងបន្ទះឈីប ប្រព័ន្ធ ជំនួយការបើកបរទំនើប SA8650។

ប្រភេទខ្ពស់បំផុតមានសមាសធាតុសេនស័រចាប់សញ្ញាចំនួន 27 រួមទាំង LiDAR ផងដែរ។ ប្រព័ន្ធបើកបរឆ្លាតវៃរបស់វាមានសមត្ថភាពគណនាដល់ទៅ 200 TOPS ដែលគាំទ្រការបើក បរដោយជំនួយក្នុងក្រុង និងលើផ្លូវហាយវ៉េ ព្រមទាំងមុខងារចងចាំកន្លែងចតឡាន (Memory parking)។

កាប៊ីនខាងក្នុងត្រូវបានរចនាឡើងបែបសាមញ្ញ (Minimalist) ដោយមានអេក្រង់កុងទ័រទំហំ 8.88 អ៊ីញ និងអេក្រង់បញ្ជាកណ្តាលទំហំ 14,6 អ៊ីញ កម្រិត 2.5K។ ដើម្បីបង្កើនអន្តរកម្ម រវាងមនុស្ស និងម៉ាស៊ីន Leapmotor A10 ក៏បានរួមបញ្ចូលនូវម៉ូដែលភាសាខ្នាតធំ Qwen AI របស់ក្រុមហ៊ុន Alibaba ផងដែរ។


យុទ្ធសាស្ត្រទីផ្សារ និងគោលដៅអនាគត

Leapmotor A10 គឺជាម៉ូដែលយុទ្ធសាស្ត្រសកលដំបូងគេរបស់ក្រុមហ៊ុនដែលបង្កើតឡើង នៅលើ platform "A" ថ្មី។ វាមានឈ្មោះថា B03X សម្រាប់ទីផ្សារក្រៅប្រទេស ហើយធ្លាប់បាន បង្ហាញខ្លួននៅក្នុងពិព័រណ៍រថយន្ត Brussels រួចមកហើយ។ រថយន្តថ្មីនេះនឹងត្រូវប្រកួតប្រជែង ជាមួយម៉ូដែលពេញនិយមដូចជា BYD Yuan Up និង Geely Xingyuan។ ក្រុមហ៊ុនផលិត រថយន្តនេះកំពុងព្យាយាមរក្សាការរីកចម្រើនយ៉ាងខ្លាំងក្លា បន្ទាប់ពីសម្រេចបានប្រាក់ចំណេញ ពេញមួយឆ្នាំជាលើកដំបូងក្នុងឆ្នាំ 2025 ជាមួយនឹងការចែកចាយរថយន្តជិត 600,000 គ្រឿង។ ថ្នាក់ដឹកនាំក្រុមហ៊ុនបានបញ្ជាក់សារជាថ្មីនូវគោលដៅមហិច្ឆតារបស់ពួកគេក្នុងការចែកចាយរថយន្តឱ្យបានលើសពី 1លានគ្រឿងក្នុងឆ្នាំ 2026។ បន្ថែមពីលើ A10 ក្រុមហ៊ុន Leapmotor គ្រោងនឹងដាក់លក់រថយន្តថ្មីៗជាច្រើនទៀតនៅឆ្នាំនេះ រួមទាំងរថយន្ត SUV ខ្នាតធំម៉ូដែល D19 ដែលរំពឹងថានឹងវាយលុកទីផ្សារនៅពាក់កណ្តាល ឬចុងខែមេសាខាងមុខនេះ៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)