Admin, 15 May 2026
Lamborghini គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ខ្ពស់ក្នុងពិភពរថយន្តផលិតមានកំណត់ (limited-production)។ ចាប់តាំងពីរថយន្តម៉ូដែល Reventón ដែលមានរូបរាងដូចឡាន Batmobile នាចុងទសវត្សរ៍ឆ្នាំ 2000 រហូតដល់ការរំលឹកវិញ្ញាណក្ខន្ធម៉ូដែល Countach ក្នុងឆ្នាំ 2022 ក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីមួយនេះ បានបង្ហាញពីជំនាញរបស់ខ្លួនក្នុងការបង្កើតរថយន្ត Supercar ចំនួនតិចតួចបំផុត ដោយផ្គូរផ្គងការរចនាដ៏ប្លែកភ្នែក ជាមួយនឹងប្រព័ន្ធថាមពលដ៏មានឥទ្ធិពល។ Fenomeno Roadster គឺជាសមិទ្ធផលពិសេសចុងក្រោយបង្អស់របស់ Lamborghini ដែលជាកំណែបើកដំបូលនៃម៉ូដែល Fenomeno Coupé ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុន ហើយមានត្រឹមតែ 15 គ្រឿងប៉ុណ្ណោះដែលនឹងត្រូវផលិតឡើង។
រូបរាងរបស់ Roadster មើលទៅប្លែកខ្លាំងដូចទៅនឹងកំណែ Coupé ដែរ ប៉ុន្តែចំណុចខុសគ្នាខ្លាំងបំផុតគឺការមិនមានដំបូល។ ផ្នែកខាងមុខមានចង្កៀងយ៉ាងមុតស្រួចដែលលេចចេញពីក្រោមបន្ទះពណ៌ខ្មៅធំៗនៅលើគម្របម៉ាស៊ីន ដែលជាកន្លែងដាក់បំពង់ស្រូបខ្យល់ ខណៈដែលកាងខាងមុខត្រូវបានតុបតែងដោយរន្ធខ្យល់ និងស្លាបខ្យល់ជាច្រើន។ រូបរាងទូទៅនៅតែរក្សាទម្រង់ក្រូចឆ្មារ (wedge) ដែលជាអត្តសញ្ញាណបុរាណរបស់ Lamborghini និងមានរន្ធស្រូបខ្យល់យ៉ាងជ្រៅនៅស្លាបកង់ក្រោយ។ ចង្កៀងក្រោយមានរាងអក្សរ "Y" នៅសងខាងបំពង់ស៊ីម៉ាំងដ៏ធំដែលស្ថិតនៅចំកណ្ដាល។
Lamborghini បានឱ្យដឹងថា Roadster មានការរៀបចំផ្នែក Aerodynamic ពិសេសខុសពីគេ ដើម្បីទូទាត់ការបាត់បង់ដំបូល ដែលអនុញ្ញាតឱ្យវាមានកម្លាំងសង្កត់ (downforce) ស្មើនឹងកំណែ Coupé ទោះបីជាផ្នែកតួខ្លួនខាងលើក្បាលអ្នកដំណើរត្រូវបានដកចេញក៏ដោយ។ បន្ទះការពារកម្ដៅនៅលើបន្ទប់ម៉ាស៊ីនត្រូវបានរចនាឡើងវិញ ហើយស្លាបខ្យល់ថ្មីនៅលើកញ្ចក់មុខជួយបង្ហូរខ្យល់ឱ្យរំលងពីលើកាប៊ីនបញ្ជា រួចចូលទៅក្នុងរន្ធខ្យល់ទាំងនោះ។
នៅក្រោមតួខ្លួនដ៏ទាក់ទាញនេះ Fenomeno បានខ្ចីប្រព័ន្ធថាមពល Hybrid V-12 ពីម៉ូដែល Revuelto។ ទោះជាយ៉ាងណាក៏ដោយ ក៏មានការផ្លាស់ប្តូរខ្លះៗដែរ ដោយ Fenomeno ផលិតកម្លាំងបានរហូតដល់ 1,065 សេះ (កើនឡើងពី 1,001 សេះ នៅក្នុង Revuelto)។ ការកើនឡើងនៃកម្លាំងនេះ មួយផ្នែកបានមកពីអាគុយថ្មីទំហំ 7 kWh ដែលអនុញ្ញាតឱ្យម៉ូទ័រអគ្គិសនីទាំងបីផលិតកម្លាំងបាន 241សេះ។ ម៉ូទ័រអគ្គិសនីទាំងនោះត្រូវបានផ្គូរផ្គងជាមួយម៉ាស៊ីន V-12 ចំណុះ 6.5 លីត្រ ដែលជួយរុញ Fenomeno Roadster ឱ្យស្ទុះពី 0 ដល់ 100គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 2.4 វិនាទី និងល្បឿនអតិបរមាលើសពី 340 គីឡូម៉ែត្រ/ម៉ោង។
Fenomeno Roadster ប្រើប្រាស់បូមប្រណាំងដែលអាចកែសម្រួលបានដោយដៃ ខណៈដែលហ្វ្រាំងប្រភេទកាបូន-សេរ៉ាមិច (carbon-ceramic) ជួយពន្យឺតល្បឿនរថយន្ត Supercar ដ៏លឿនមួយនេះ។ Fenomeno ក៏ត្រូវបានបំពាក់ដោយសំបកកង់ Bridgestone Potenza Sport ដែលផលិតឡើងជាពិសេស ជាមួយយ៉ាន់កង់ទំហំ 21 អ៊ីញនៅខាងមុខ និង 22 អ៊ីញនៅខាងក្រោយ។ Lamborghini និយាយថា ខ្លួនក៏នឹងផ្ដល់ជូននូវជម្រើសសំបកកង់ប្រភេទ semi-slick របស់ Bridgestone សម្រាប់ការបើកបរលើផ្លូវប្រណាំង ប៉ុន្តែវានៅតែអាចបើកបរលើផ្លូវសាធារណៈបានដោយស្របច្បាប់។
មិនទាន់មានការបញ្ជាក់ពីតម្លៃសម្រាប់ Fenomeno Roadster នៅឡើយទេ ប៉ុន្តែដោយសារម៉ូដែល Revuelto មានតម្លៃចាប់ពី 608,358 ដុល្លារទៅហើយ ហើយ Fenomeno Roadster ត្រូវបានផលិតត្រឹមតែ 15 គ្រឿងប៉ុណ្ណោះ ដូច្នេះតម្លៃរបស់វាត្រូវបានគេរំពឹងថា នឹងខ្ពស់ជាងមួយលានដុល្លារឆ្ងាយណាស់។ ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការរចនាដ៏អស្ចារ្យ និងបេះដូងម៉ាស៊ីន 12 ស៊ីឡាំង កម្លាំង 1,065 សេះបែបនេះ យើងជឿជាក់ថាវាពិតជាសមនឹងតម្លៃដ៏មហាសាលនេះជាក់ជាមិនខាន។
ប្រភព៖ United State
ប្រែសំរួល៖ Chea SokNang (AC Auto)
