Admin, 29 January 2026
សម្រាប់ការចាប់ផ្ដើមឆ្នាំ 2026 នេះ ម៉ូដែល Kawasaki Stockman ដែលមានរូបរាងរឹង មាំមហិមានេះប្រហែលជាមិនមែនជាអ្វីដែលយើងរំពឹងទុកពីក្រុមហ៊ុនជប៉ុនមួយនេះឡើយ។ ម៉ូតូថ្មីនេះត្រូវបានរចនាឡើងជាពិសេសសម្រាប់កសិករ ឬអ្នកចិញ្ចឹមសត្វ និងការងារ ស្រដៀងៗគ្នា ប៉ុន្តែវាគួរឱ្យស្តាយសម្រាប់យើង វានឹងមានលក់តែនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ប៉ុណ្ណោះ។ នៅក្រោមតួខ្លួនដ៏បង្រួមរបស់វា គឺជាម៉ាស៊ីនស៊ីឡាំងតែមួយ កម្លាំង 233cc ត្រជាក់ដោយខ្យល់ ដែលផលិតកម្លាំងបាន 14 គីឡូវ៉ាត់ (18.7 សេះ) @7,600rpm និងកម្លាំងបង្វិល 14.7 ផោន-ហ្វីត (Ib-ft) (20N.m) @6,100rpm។ ម៉ាស៊ីនដែលប្រើប្រាស់ប្រព័ន្ធចាក់ប្រេងអេឡិចត្រូនិចនេះ ត្រូវបានផ្គូផ្គងជាមួយប្រអប់លេខដៃ 6 វគ្គល្បឿន។
ទោះបីជាវាមានរូបរាងខាងក្រៅសាមញ្ញ និងរឹងមាំក៏ដោយ ក៏ Stockman មកជាមួយនូវមុខងារគួរឱ្យចាប់អារម្មណ៍មួយចំនួន។ មុខងារមួយក្នុងចំណោមមុខងារទាំងនោះគឺ យន្តការចាក់សោដងអំប្រ៊ីយ៉ា (clutch lever locking mechanism) ដែលអនុញ្ញាតឱ្យអ្នកជិះអាចបញ្ឈប់ម៉ូតូទាំងកំពុងចូលលេខ ដោយមិនចាំបាច់ច្របាច់ដៃអំប្រ៊ីយ៉ា។ ម៉ូតូថ្មីនេះក៏ទទួលបានរបាំងការពារដៃដែលផលិតពីអាលុយមីញ៉ូម ដែលជាការបន្ថែមដ៏ល្អសម្រាប់ការជិះកាត់តំបន់ដែលមានរបង ឬមែកឈើលយមកទាបៗ។ Rack ដាក់ឥវ៉ាន់ផ្នែកខាងក្រោយត្រូវបានរួមបញ្ចូលមកជាស្តង់ដារ ព្រមទាំងមានរបាំងការពារជុំវិញម៉ាស៊ីនផងដែរ។
ប្រព័ន្ធព្យួរ (បូម) ខាងមុខគឺជាប្រភេទ telescopic forks ទូទៅ ទំហំ 37mm ខណៈផ្នែកខាង ក្រោយប្រើប្រាស់បូមទោល monoshock ដែលអាចលៃតម្រូវកម្រិតភាពតឹង (preload) បាន។ ម៉ូតូនេះបំពាក់កង់មុខទំហំ 21 អ៊ីញ និងកង់ក្រោយ 18 អ៊ីញ ខណៈដែលប្រព័ន្ធហ្វ្រាំង គឺជាហ្វ្រាំងឌីសទាំងមុខនិងក្រោយ។ កម្រិតបូមមុខអាចរលោះឡើងចុះបានប្រវែង 158mm ចំណែកបូមក្រោយអាចរលោះឡើងចុះរបានវែងជាងបន្តិចគឺ 168mm។
ជាមួយគ្នានេះដែរ Stockman មានទម្ងន់ប៉ាន់ស្មាន 130 គីឡូក្រាម កម្ពស់កៅអី 845mm និងកម្ពស់បាតត្រឹមតែ 220mm។ ធុងសាំងអាចផ្ទុកឥន្ធនៈបានរហូតដល់ 7.5 លីត្រ៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
