Admin, 19 March 2026

               រឿងដែលគួរឱ្យរំពឹងទុក៖ ក្រុមហ៊ុន Infiniti កំពុងត្រៀមខ្លួនចាក់ "ថ្នាំប៉ូវ" ដល់រថយន្តម៉ូដែល QX80 ជាទ្វេដង។ យោងតាមរបាយការណ៍ថ្មីមួយពី Automotive News (AN) បានឱ្យដឹងថា Infiniti កំពុងរៀបចំបន្ថែមនូវម៉ូដែលពង្រឹងសមត្ថភាព (Performance variants) ថ្មីចំនួនពីរ ទៅក្នុងស្រឡាយរថយន្តកំពូល QX80 របស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

យោងតាមរបាយការណ៍ ក្រុមហ៊ុនផលិតរថយន្តនេះមិនមានគម្រោងចេញលក់ម៉ូដែលទាំងពីរ ក្នុងពេលតែមួយនោះទេ។ ផ្ទុយទៅវិញ Infiniti នឹងចាប់ផ្តើមដោយការរស់រានឡើងវិញនូវ ស្លាកសញ្ញា Red Sport ជាមួយនឹងម៉ូដែល QX80 Red Sport ដែលមានកម្លាំងប្រហែល 600 សេះ នៅរដូវផ្ការីកឆ្នាំក្រោយ។ បន្ទាប់មក វានឹងត្រូវបន្តវេនដោយម៉ូដែលដែលមានកម្លាំង កាន់តែខ្លាំងជាងនេះ ដែលផ្អែកលើរថយន្តគំរូ QX80 Track Spec ដែលបានបង្ហាញខ្លួនកាល ពីឆ្នាំមុន។


QX80 Red Sport និង Track Spec

លោក Brian Maragno នាយកផ្នែកទីផ្សារផលិតផលរបស់ Infiniti បានប្រាប់សារព័ត៌មានថា កំណែ Red Sport នឹងបន្ថែម "កម្រិតនៃសមត្ថភាពបន្ថែម"។ ប៉ុន្តែ បើតាមការបញ្ជាក់របស់ លោកនាយក ម៉ូដែលពិសេសនេះនឹងមិនទាន់ប្រើប្រាស់សមត្ថភាពរបស់ platform QX80 ដល់កម្រិតកំណត់នៅឡើយទេ។ ផ្ទុយទៅវិញ វានឹងទទួលបានប្រព័ន្ធហ្វ្រាំងធំជាងមុន, ដង្កៀបហ្វ្រាំង (Calipers) ពណ៌ក្រហមដែលមានទំហំធំ, ស្លាកសញ្ញាអក្សរ "S" ពណ៌ក្រហម និងអាចបំពាក់កង់ទំហំ 24 អ៊ីញ។

សម្រាប់អតិថិជនដែលស្វែងរក QX80 ដែលមានលក្ខណៈស្ព័របំផុត នឹងត្រូវរង់ចាំរហូតដល់ឆ្នាំ 2028 នៅពេលដែលម៉ូដែល Track Spec (ដែលមិនទាន់មានឈ្មោះផ្លូវការ) ចូលរួមក្នុង ស្រឡាយផលិតកម្ម។ យោងតាមរបាយការណ៍របស់ AN កំណែនេះត្រូវបានគេកំណត់ ថានឹងផលិតកម្លាំងបានរហូតដល់ 680 សេះ និងមានការរចនាកាន់តែរឹងមាំ (Aggressive) ជាមួយស្លាបកង់ (Fenders) ធំជាងមុន។ វាក៏ត្រូវបានគេរំពឹងថានឹងមានការសម្រួលប្រព័ន្ធបូម (Suspension) ពិសេស និងបំពង់ស៊ីម៉ាំងបែប Active exhaust ផងដែរ។


ចំនួនផលិតមានកំណត់

ម៉ូដែលទាំងពីរនេះ ត្រូវបានគេរំពឹងថានឹងមិនលក់ក្នុងបរិមាណច្រើននោះទេ។ យោងតាម AN ក្រុមហ៊ុន Infiniti សង្ឃឹមថានឹងលក់ QX80 Red Sports បានប្រហែល 600គ្រឿងក្នុងមួយឆ្នាំ។ សារព័ត៌មានមិនបានផ្តល់តួលេខប៉ាន់ស្មានការលក់សម្រាប់ម៉ូដែល Track Spec នោះទេ ប៉ុន្តែម៉ូដែលនោះនឹងមានលក្ខណៈផ្តាច់មុខ និងកម្រជាងនេះទៅទៀត។

អ្នកតំណាងក្រុមហ៊ុន Infiniti បានបដិសេធមិនបញ្ជាក់ពីរបាយការណ៍របស់ AN ទៅកាន់សារព័ត៌មានផ្សេងនោះទេ ប៉ុន្តែបានផ្តល់សេចក្តីថ្លែងការណ៍ដូចខាងក្រោម៖

"Infiniti តែងតែស្វែងរកឱកាសដើម្បីពង្រីកផលិតផលរបស់យើង និងផ្តល់នូវកម្រិត​ថ្មីនៃ​សមត្ថភាព និងសិល្បៈនៃការផលិតសម្រាប់អតិថិជនរបស់យើង។ ទោះបីជាយើងមិនមាន​ព័ត៌មានលម្អិតដើម្បីចែករំលែកនៅថ្ងៃនេះទាក់ទងនឹងកំណែអនាគតនៃ QX80 ក៏ដោយ ក៏ការផ្តោតអារម្មណ៍របស់យើងនៅតែបន្តលើការផ្តល់ជូននូវរថយន្ត SUV កំពូលដែល​កំណត់ស្តង់ដារខ្ពស់បំផុតសម្រាប់សមត្ថភាព បច្ចេកវិទ្យា និងភាពប្រណីត៕



ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)