Admin, 17 May 2026
ក្រុមហ៊ុន Honda កំពុងពន្លឿនការកែសម្រួលចង្វាក់ផលិតកម្មនៅក្នុងប្រទេសចិន ដោយសារម៉ូដែលប្រើសាំង និងម៉ូដែលប្រើថាមពលអគ្គិសនីមួយចំនួន រួមមាន ZR-V, Fit, Accord e:PHEV និង e:NS1 កំពុងឈានចូលដំណាក់កាលលក់តែទំនិញដែលមានស្រាប់ក្នុងស្តុក (inventory-only) បិទការទទួលការបញ្ជាទិញ ឬកាត់បន្ថយការបែងចែកទំនិញ ខណៈដែលការលក់របស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ នៅក្នុងប្រទេសចិនបន្តធ្លាក់ចុះក្នុងខែមេសា ឆ្នាំ 2026។
យោងតាមរបាយការណ៍ពី Sina Finance ការលក់រថយន្តសរុបរបស់ Honda ក្នុងខែមេសា ឆ្នាំ 2026 មានចំនួន 22,595 គ្រឿង ដែលធ្លាក់ចុះ 48.3% ធៀបនឹងឆ្នាំមុន។ ការលក់សរុបពីខែមករាដល់ខែមេសា សម្រេចបាន 145,065 គ្រឿង ធ្លាក់ចុះ 28% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រាល់ប្រតិបត្តិការរបស់ Honda នៅក្នុងប្រទេសចិន គឺធ្វើឡើងតាមរយៈក្រុមហ៊ុនរួមទុនចំនួនពីរគឺ៖ GAC Honda និង Dongfeng Honda។
សញ្ញានៃការបញ្ឈប់ផលិតកម្មលើម៉ូដែលជាច្រើន
- Honda ZR-V: រថយន្ត SUV ខ្នាតតូចរបស់ GAC Honda មួយនេះ បានបាត់មុខភាគច្រើនពីបណ្តាញផ្សព្វផ្សាយលក់រាយ ខណៈដែលដេប៉ូចែកចាយកំពុងបន្តលក់បង្ហើយរថយន្តដែលនៅសល់ក្នុងស្តុក។ ទិន្នន័យពីវេបសាយរថយន្តចិនដូចជា Dongchedi និង Autohome បង្ហាញថា មិនមានការបែងចែកផលិតកម្មថ្មីនៅក្នុងប្រព័ន្ធបញ្ជាទិញរបស់ដេប៉ូនោះទេ ខណៈដែលរថយន្តក្នុងស្តុកត្រូវបានបញ្ចុះតម្លៃយ៉ាងខ្លាំងមកត្រឹមប្រហែល 11,700 ដុល្លារ ពីតម្លៃដំបូងប្រហែល 29,000 ដុល្លារ។
- Honda Fit: រថយន្តប្រភេទ Hatchback ដែលចាប់ផ្ដើមផលិតក្នុងប្រទេសចិនតាំងពីឆ្នាំ 2003 មួយនេះ បានឈានចូលដំណាក់កាលបិទការទទួលការបញ្ជាទិញ (order-closure)។ ប្រភពព័ត៌មានបង្ហាញថា ការទទួលការបញ្ជាទិញថ្មីត្រូវបានបញ្ឈប់តាំងពីដើមឆ្នាំ 2026 មកម៉្លេះ។ ចំណែកឯម៉ូដែលបងប្អូនរបស់វាគឺ Dongfeng Honda LIFE ក៏ត្រូវបានដកចេញពីផែនការផលិតកម្មសកម្មផងដែរ។
- Accord e:PHEV: រថយន្ត Sedan ប្រភេទដោតសាកអគ្គិសនីនេះ បានឈានចូលដំណាក់កាលលក់បង្ហើយ និងកម្រិតការផ្សព្វផ្សាយ បន្ទាប់ពីមានយុទ្ធនាការបញ្ចុះតម្លៃកាលពីខែកុម្ភៈ ឆ្នាំ 2026 ដែលបញ្ចុះតម្លៃមកត្រឹម 20,280 ដុល្លារ សម្រាប់អតិថិជនដែលគ្រប់លក្ខខណ្ឌ និងមានចំនួនកំណត់ត្រឹមតែ 1,000 គ្រឿងប៉ុណ្ណោះ។
- Honda Integra: ក៏ត្រូវបានកាត់បន្ថយវិសាលភាពផលិតកម្មក្នុងឆ្នាំ 2026 នេះដែរ ដោយជម្រើសប្រើលេខដៃ (manual-transmission) ត្រូវបានដកចេញពីបញ្ជីផលិតផល។
- Honda e:NS1: រថយន្ត SUV អគ្គិសនីដែលដាក់លក់ក្នុងឆ្នាំ 2022បានឃើញវត្តមានទីផ្សាររបស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីម៉ាករថយន្តអគ្គិសនីក្នុងស្រុករបស់ចិន។
ការបិទរោងចក្របន្តបន្ទាប់
ការកាត់បន្ថយផលិតកម្មនេះ ធ្វើឡើងស្របពេលជាមួយនឹងការរៀបចំរចនាសម្ព័ន្ធឡើងវិញនូវមូលដ្ឋានផលិតកម្មរបស់ Honda នៅក្នុងប្រទេសចិន៖
- រោងចក្រ Huangpu របស់ GAC Honda ក្នុងទីក្រុង Guangzhou ដែលផលិតម៉ូដែល ZR-V, Fit និង Integra គ្រោងនឹងបញ្ឈប់ការផលិតនៅខែមិថុនា ឆ្នាំ 2026។
- រោងចក្ររបស់ Dongfeng Honda ក្នុងទីក្រុង Wuhan ក៏គ្រោងនឹងបិទទ្វារនៅឆ្នាំ 2027 ផងដែរ។ សមត្ថភាពផលិតរថយន្តប្រើម៉ាស៊ីនចំហេះក្នុងរបស់ Honda នៅក្នុងប្រទេសចិន រំពឹងថានឹងធ្លាក់ចុះពី 1.2 លានគ្រឿងក្នុងមួយឆ្នាំ មកត្រឹម 720,000 គ្រឿង បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ។
បរិបទនៃការលក់
កាលពីឆ្នាំ 2025 Honda លក់រថយន្តបាន 645,345 គ្រឿងក្នុងប្រទេសចិន ដែលធ្លាក់ចុះ 24.28% ធៀបនឹងឆ្នាំ 2024 និងទាបជាងឆ្ងាយពីកម្រិតខ្ពស់បំផុតក្នុងឆ្នាំ 2020 ដែលធ្លាប់លក់បានដល់ទៅ 1.6 លានគ្រឿង។
យោងតាម China EV DataTracker មិនមែនតែ Honda ទេដែលជួបបញ្ហា សូម្បីតែការលក់របស់ Toyota នៅក្នុងប្រទេសចិន ក៏នៅតែទាបជាងកម្រិតឆ្នាំមុនផងដែរនៅក្នុងដើមឆ្នាំ 2026 នេះ ដោយក្នុងខែមីនា ឆ្នាំ 2026 Toyota លក់បាន 126,068 គ្រឿង ធ្លាក់ចុះ 8.0% ធៀបនឹងឆ្នាំមុន។
Honda ZR-V 2025
Honda FIT e:HEV 2025
Honda Accord e:HEV 2025
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
