Admin, 7 hours ago
យោងតាមការចុះផ្សាយរបស់ Autohome ម៉ាក Haval របស់ក្រុមហ៊ុន GWM បានដាក់ឈ្មោះជាផ្លូវការនូវរថយន្ត SUV កំពូល (Flagship) ជំនាន់ថ្មីរបស់ខ្លួនថា Great Wall H10 (លេខកូដអភិវឌ្ឍន៍ HX)។ រថយន្តដែលមានរូបរាងប្រអប់ដ៏រឹងមាំនេះ ត្រូវបានដាក់ទីតាំងស្ថិតនៅពីលើម៉ូដែល H9 នៅក្នុងស្រឡាយរថយន្តរបស់ប្រ៊េនមួយនេះ។
ការរចនា និងការដាក់ទីតាំង
Great Wall H10 ប្រើប្រាស់ភាសារចនាបែប "Boxy" (រាងប្រអប់ជ្រុង) ដែលជាការពេញនិយមយ៉ាងខ្លាំងសម្រាប់រថយន្ត SUV បែប Off-road នៅក្នុងប្រទេសចិន។ រូបរាងខាងក្រៅមានលក្ខណៈអង់អាច ខ្ពស់ស្រឡះ និងមានច្រមុះខ្លី ដែលរួមបញ្ចូលគ្នានូវសមាមាត្របែបបុរាណ ជាមួយធាតុរចនានៃរថយន្តថាមពលថ្មី ដូចជាប៉ាណាខាងមុខបែបបិទជិតពាក់កណ្តាលជាដើម។
- ផ្នែកខាងមុខ: បំពាក់ចង្កៀងមុខបែប Matrix និងមានឧបករណ៍ LiDAR នៅលើដំបូល ដែលបញ្ជាក់ពីការគាំទ្រប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់។
- ផ្នែកខាងក្រោយ: មានចង្កៀងក្រោយរៀបជាជួរឈរ, ទ្វារកន្ទុយឡានបើកចំហៀង និងមានកន្លែងសម្រាប់បំពាក់កង់សារគួរខាងក្រៅ ដែលស័ក្តិសមជារថយន្ត SUV សម្រាប់ដំណើរកម្សាន្ត និងការបើកបរ Off-road កម្រិតស្រាល។
វិមាត្រ និងការរៀបចំកាប៊ីន
យោងតាមការចុះបញ្ជី រថយន្ត H10 មានប្រវែងពីរជម្រើសគឺ 5,138mm ឬ 5,299mm (អាស្រ័យលើការកំណត់រចនាសម្ព័ន្ធ) ជាមួយទទឹង 2,050mm និងកម្ពស់ 1,970mm។ វាមានប្រវែងចន្លោះកង់មុខក្រោយ 3,000mm។ ប្រវែងទាំងពីរនេះត្រូវបានគេរំពឹងថានឹងត្រូវគ្នាជាមួយជម្រើស 5 កៅអី និង 6 កៅអី។
កម្លាំងម៉ាស៊ីន និង Platform
H10 ត្រូវបានបង្កើតឡើងនៅលើ platform Guiyuan របស់ GWM និងផ្តល់ជូននូវម៉ាស៊ីនប្រភេទ Plug-in Hybrid ក្រោមប្រព័ន្ធ Hi4 ដែលមានពីរជម្រើស៖
- ម៉ាស៊ីន 1.5T: ផ្តល់កម្លាំងអតិបរមា 123 គីឡូវ៉ាត់ (kW)។
- ម៉ាស៊ីន 2.0T: ផ្តល់កម្លាំងអតិបរមា 175 គីឡូវ៉ាត់ (kW)។
អាគុយ និងសមត្ថភាព៖
- ប្រើអាគុយប្រភេទ LFP ចំណុះ 42.8 kWh។
- អាចបើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយរហូតដល់ 180 គីឡូម៉ែត្រ (CLTC)។
- រថយន្តនេះក៏ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ប្រព័ន្ធភ្លើង 800V និងមានមុខងារ "ដើរបែបក្ដាម" (Crab-walking mode) ដូចដែលបានបង្ហើបកាលពីមុន។
បរិបទទីផ្សារ និងស្ថានភាពលក់
ការដាក់លក់ H10 កើតឡើងក្នុងពេលដែល Haval កំពុងស្វែងរកការពង្រឹងវត្តមានរបស់ខ្លួនឡើងវិញ បន្ទាប់ពីការលក់ក្នុងស្រុកមានការប្រែប្រួលខ្លាំង។ យោងតាមទិន្នន័យ ការលក់របស់ Haval បានធ្លាក់ចុះមកត្រឹមប្រហែល 12,000 គ្រឿងក្នុងខែកុម្ភៈ ឆ្នាំ 2026 មុនពេលងើបឡើងវិញដល់ 24,000 គ្រឿងក្នុងខែមីនា។
Great Wall H10 នឹងត្រូវប្រកួតប្រជែងក្នុងទីផ្សាររថយន្ត SUV អគ្គិសនីខ្នាតធំ ដែលអតិថិជនតែងតែស្វែងរកការបញ្ចូលគ្នារវាងរូបរាង Off-road, ប្រព័ន្ធ Plug-in Hybrid និងបច្ចេកវិទ្យាជំនួយការបើកបរទំនើបៗ។ ជាមួយទំហំដ៏ធំ និងជម្រើសកៅអីដល់ទៅ 6 ម៉ូដែលនេះមានគោលដៅទាក់ទាញទាំងក្រុមគ្រួសារ និងអ្នកដែលចូលចិត្តការធ្វើដំណើរផ្សងព្រេង (Outdoor)។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
