Admin, 02 November 2026
ក្រុមហ៊ុន GFG Style ដែលជាស្ទូឌីយោរចនាម៉ូដដែលមានមូលដ្ឋាននៅក្រុងទួរីន (Turin) ត្រូវបានបង្កើតឡើងដោយលោក Giorgetto និង Fabrizio Giugiaro ក្នុងឆ្នាំ 2015 បន្ទាប់ពីពួកគេបានចាកចេញពីក្រុមហ៊ុន Italdesign បានបង្ហាញនូវគម្រោងច្នៃម៉ូដរថយន្តពិសេស (coachbuilt project) ថ្មីមួយសម្រាប់អតិថិជនVIPពិសេសបំផុត។ រថយន្ត Peralta D គឺជាស្នាដៃផលិតឡើងតែមួយគត់ (one-off creation) ធ្វើអំពីស្ពាន់ដំដោយដៃ ស្រោបពីលើគ្រោងឆ្អឹងរបស់ Maserati។ ប្រសិនបើឈ្មោះនេះស្តាប់ទៅប្រហែលៗ នោះគឺដោយសារតែ Peralta D គឺជាម៉ូដែលបន្តវេនពីម៉ូដែល Peralta S កាលពីឆ្នាំមុន។
ម៉ូដែលទាំងពីរ ត្រូវ បានកុម្ម៉ង់ផលិតដោយលោក Carlos Peralta ដែលជាពាណិជ្ជករជនជាតិម៉ិកស៊ិក និងជាមិត្តភក្តិនៃគ្រួសារ Giugiaro ដោយម៉ូដែល S ត្រូវបានផលិតអោយកូនប្រុសរបស់លោក ហើយម៉ូដែល D ផលិតអោយកូនស្រីរបស់លោក។ ខណៈដែល Peralta S គឺផ្អែកលើម៉ូដែល Maserati MC20 ប្រភេទម៉ាស៊ីនតាំងនៅកណ្តាល និងមានតួខ្លួនធ្វើអំពីអាលុយមីញ៉ូម ម៉ូដែល Peralta D វិញ បានបំពាក់គ្រឿងក្រោមនៃម៉ូដែល GranTurismo ប្រភេទរថយន្ត កៅអី 2+2 ម៉ាស៊ីននៅផ្នែកខាងមុខ តួខ្លួនខាងក្នុងធ្វើអំពីស្ពាន់។ យោងតាម GFG Style ស្ពាន់គឺជា «សម្ភារៈដ៏ថ្លៃថ្នូរ អាចពត់ពេនបាន និងមានភាពផ្ចិតផ្ចង់» ហើយត្រូវបានដំដោយដៃទាំងស្រុង។
រថយន្ត one-off មួយនេះ ត្រូវ បានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ 2026 Pastejé Automotive Invitational កាលពីថ្ងៃទី 24 ខែតុលា ហើយឥឡូវនេះវាបានក្លាយជាផ្នែកមួយនៃកែវប្រមូលរបស់លោក Carlos Peralta។ GFG Style មិនបានចែករំលែកពីតម្លៃនោះទេ ប៉ុន្តែរថយន្ត one-off ដែលគូររចនាដោយអ្នកឌីហ្សាញល្បីៗ គឺតម្លៃមិនដែលទាបនោះឡើយ។
ការរចនា ដើរតាមគោលការណ៍ដូចគ្នានឹងរថយន្តពិសេស coachbuilt មុនៗ ដោយមានខ្សែបន្ទាត់ស្រួច និងផ្ទៃស្អាត ដើម្បីបង្កើតនូវអ្វីដែល Giugiaro ហៅថា «សុខដុមរមនាផ្នែកធរណីមាត្រ»។ ម៉ូដែលនេះ មានបំពាក់ចង្កៀង LED រត់កាត់ពេញទទឹងនៅចុងសងខាង, ទម្រង់បណ្តាញសំបុកឃ្មុំនៅលើកាងមុខ, កញ្ចក់មើលក្រោយដំឡើងលើកាង, គម្របរន្ធចាក់ប្រេងរាងប្រាំមួយជ្រុង និងបន្ទះបែកខ្យល់ខាងក្រោយ (diffuser) ដ៏ស្អាត ជាមួយបំពង់ស៊ីម៉ាំងបួន។
លំហកញ្ចក់ជុំវិញ (greenhouse) លាតសន្ធឹងពីអ័ក្សកង់មុខរហូតដល់ផ្នែកខាងក្រោយរាងជ្រុង ឆ្លងកាត់ខ្សែដំបូលរាងស៊ក (wedge-shaped)។ ផ្ទៃកញ្ចក់ដ៏ធំ ត្រូវបានជ្រលក់ពណ៌ស្ពាន់ ខណៈដែលយ៉ាន់កង់ស្ពាន់ retro-futuristic ត្រូវបានបំពាក់ពណ៌ខ្មៅ anthracite។ ដើម្បីចូលទៅកាន់កាប៊ីនកៅអី 2+2 ដំបូលផ្នែកខាងមុខអាចបត់ជើងឡើងទៅមុខ ដោយមានទ្វារបើកឡើងលើរាងស្លាបស៊ីដេក (gullwing doors) ចំនួនបួន បង្កើតបានជាច្រកចូលបន្ថែម។
កាប៊ីនខាងក្នុង មានលក្ខណៈពិសេសច្នៃឡើងផ្ទាល់ខ្លួនជាច្រើន ដោយផ្គូរផ្គងបណ្តុំកុងទ័រឌីជីថល និងប្រអប់បញ្ជាកណ្តាលរបស់ Maserati ជាមួយនឹងអេក្រង់បន្ថែមសម្រាប់អ្នកដំណើរ, កញ្ចក់ឆ្លុះមុខដ៏ធំដែលមានភ្លើងនៅលើប្រអប់ដៃ និងប្រអប់ដាក់ដបស្រាសំប៉ាញនៅចន្លោះកៅអីក្រោយ។ ស្រទាប់តុបតែងពណ៌មាស/ស្ពាន់ចាំងផ្លេក ត្រូវបានបូកបញ្ចូលគ្នាជាមួយនឹងស្បែកពណ៌ត្នោត និងស្នាមដេរផ្គុំផ្លាស់ប្តូរពណ៌។
គ្រឿងក្រោម Maserati
បន្ទះតួខ្លួនច្នៃផ្ទាល់ ត្រូវបានទ្រដោយរចនាសម្ព័ន្ធកាបូនហ្វៃបឺ និងគ្រោងឆ្អឹងអាលុយមីញ៉ូម។ GFG Style មិនបានលាតត្រដាងពីលក្ខណៈបច្ចេកទេសនោះទេ ប៉ុន្តែ Maserati GranTurismo មានបំពាក់ម៉ាស៊ីនចំណុះ 3.0 លីត្រ Twin-turbo V6 ដែលបង្កើតកម្លាំងបាន 483 សេះ (360 kW / 490 PS) ឬ 543 សេះ (405 kW / 550 PS) អាស្រ័យលើជម្រើស។ រថយន្តផ្តល់ជូន ដើមឡើយក៏មានជាទម្រង់អគ្គិសនីសុទ្ធផងដែរ ប៉ុន្តែបំពង់ស៊ីម៉ាំងខាងក្រោយ បង្ហាញពីវត្តមាននៃម៉ាស៊ីនចំហេះក្នុងនៅក្រោមគម្របមុខដ៏វែង។
លោក Fabrizio Giugiaro បានមានប្រសាសន៍ថា៖ «Peralta D កើតចេញពីថាមពលវិជ្ជមាន និងកិច្ចសហការបង្កើតថ្មីដែលបានបង្កើតឡើងជាមួយលោក Carlos Peralta ក្នុងអំឡុងពេលអភិវឌ្ឍរថយន្ត Peralta S។ យើងចង់បន្តបង្កើតលើដំណើររចនានោះ ដោយរុករកពីភាពបញ្ចេញរូបរាងនៃសម្ភារៈដ៏ទាក់ទាញ និងស្មុគស្មាញដូចជាស្ពាន់។ បញ្ហាប្រឈម គឺការរួមបញ្ចូលគ្នានូវសោភ័ណភាពបែបសាមញ្ញ (minimalist) — ដែលមានលក្ខណៈសម្គាល់ដោយខ្សែបន្ទាត់ស្អាត និងព័ត៌មានលម្អិតដ៏ប្រណីត — ជាមួយនឹងដំណោះស្រាយមុខងារទំនើបបំផុត ដើម្បីបង្កើតបានជារថយន្ត Coupe 2+2 Gran Turismo ពិតប្រាកដ»។
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
