Admin, 13 September 2026
ម៉ាកយីហោ Galaxy របស់ក្រុមហ៊ុន Geely Auto បានដាក់លក់រថយន្ត Sedan អគ្គិសនី Galaxy TT ជាផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ដោយមានតម្លៃចាប់ផ្តើមទាបជាងកម្រិតតម្លៃលក់មុន ខណៈពេលដែលវាចូលរួមប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្ត Sedan អគ្គិសនីរបស់ប្រទេសចិន។
រថយន្ត Sedan ខ្នាតមធ្យមទៅធំមួយនេះ ដែលត្រូវបានរចនាឡើងដោយផ្តោតលើសមត្ថភាពបញ្ជាបើកបរបែបស្ព័រ មានផ្តល់ជូនចំនួន 5 វគ្គជម្រើស ជាមួយតម្លៃពិសេសក្នុងរយៈពេលកំណត់ចាប់ពី 19,170 ដុល្លារអាមេរិក ដល់ 27,719 ដុល្លាអាមេរិក។
តម្លៃចាប់ផ្តើមនៃស្រឡាយរថយន្តនេះ គឺទាបជាង 2,385 ដុល្លាអាមេរិក ឬជិត 11% ធៀបនឹងតម្លៃ 21,755 ដុល្លាអាមេរិក ដែលបានប្រកាសនៅពេលចាប់ផ្តើមការលក់មុនកាលពីខែសីហា។ ចម្ងាយបើកបរតាមស្តង់ដារ CLTC នៃវគ្គជម្រើសកម្រិតចាប់ផ្តើម ក៏បានកើនឡើងដល់ 640 គីឡូម៉ែត្រ ផងដែរ ពីកម្រិត 540គីឡូម៉ែត្រ កាលពីពេលលក់មុន។
ស្រឡាយនៃការដាក់លក់នេះ រួមមាន 4 វគ្គជម្រើសប្រភេទបើកបរកង់ក្រោយ (RWD) និង 1វគ្គជម្រើស Ultra ប្រភេទបើកបរ (AWD) ដោយផ្តល់នូវចម្ងាយបើកបរតាមស្តង់ដារ CLTC ចំនួន 640 គីឡូម៉ែត្រ, 725 គីឡូម៉ែត្រ និង 650 គីឡូម៉ែត្រ។
- វគ្គជម្រើសបើកបរកង់ក្រោយ (RWD) ចំនួន 3៖ ដែលមានចម្ងាយបើកបរ 640គីឡូម៉ែត្រ មានតម្លៃ 19,369 ដុល្លាអាមេរិក, 20,860 ដុល្លាអាមេរិក និង 22,351អាមេរិក រៀងៗខ្លួន។
- វគ្គជម្រើសបង្គោលលំដាប់កំពូល (Flagship) បើកបរកង់ក្រោយ (RWD)៖ មានចម្ងាយបើកបរ 725 គីឡូម៉ែត្រ មានតម្លៃ 23,842 ដុល្លាអាមេរិក។
- វគ្គ Ultra៖ មានតម្លៃ 27,719 ដុល្លាអាមេរិក ដែលទាបជាងតម្លៃលក់មុន 31283 អាមេរិក ដែលបានប្រកាសកាលពីខែកក្កដា។
រាល់វគ្គជម្រើសទាំងអស់របស់ Galaxy TT ដំឡើងមកជាស្តង់ដារជាមួយស្ថាបត្យកម្មអគ្គិសនីវ៉ុលខ្ពស់ 800V និងអាគុយប្រភេទលីចូមអាយអនហ្វូសហ្វាត (LFP) Shenxing TT កែច្នៃតាមតម្រូវការពីក្រុមហ៊ុន CATL (ដែលគាំទ្រការសាកភ្លើងល្បឿនលឿនខ្លាំង 6C Fast charging។
វគ្គជម្រើសចំនួន 3 ដែលមានចម្ងាយបើកបរ 640គីឡូម៉ែត្រ ប្រើប្រាស់អាគុយទំហំ 63.8 kWh ខណៈដែលវគ្គជម្រើសចម្ងាយបើកបរ 725 គីឡូម៉ែត្រ មានកញ្ចប់អាគុយទំហំ 75.2 kWh។ ការសាកភ្លើងពី 10% ឡើងដល់ 80% ចំណាយពេល 11.8 នាទី និង 11.6 នាទី រៀងៗខ្លួន។
រាល់វគ្គជម្រើសបើកបរកង់ក្រោយ (RWD) ទាំង 4 បំពាក់ម៉ូទ័រទោល ដែលមានកម្លាំងទិន្នផលអតិបរមា 245 kW (329 សេះ) និងកម្លាំងរមួលកំពូល 320 Nm។ វគ្គនីមួយៗអាចស្ទុះល្បឿនពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 6.5 វិនាទី។
ចំណែកឯវគ្គ Ultra មានបំពាក់ប្រព័ន្ធបើកបរវិលពេញកង់ម៉ូទ័រឌុប (dual-motor AWD) ជាមួយនឹងកម្លាំងទិន្នផលសរុប 425 kW ដែលអនុញ្ញាតឱ្យស្ទុះពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 3.8 វិនាទី។ វាមានកញ្ចប់អាគុយទំហំ 75.2 kWh និងចម្ងាយបើកបរតាមស្តង់ដារ CLTC ចំនួន 650 គីឡូម៉ែត្រ។
រថយន្ត Galaxy TT មានវិមាត្រ៖ ប្រវែង 4,999 មីឡីម៉ែត្រ, ទទឹង 1,919 មីឡីម៉ែត្រ និងកម្ពស់ 1,479 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ(wheelbase) 2,920 មីឡីម៉ែត្រ។ វាមានរូបរាងរចនាបថបែប fastback និងមានស្លាបខ្យល់សកម្មនៅផ្នែកខាងក្រោយ (active rear spoiler)។
រាល់វគ្គជម្រើសទាំងអស់ ដំឡើងមកជាស្តង់ដារជាមួយប្រព័ន្ធបូមឯករាជ្យខាងមុខប្រភេទដៃបត់ឌុបធ្វើអំពីអាលុយមីញ៉ូមទាំងស្រុង (all-aluminum front double-wishbone) និងប្រព័ន្ធបូមឯករាជ្យខាងក្រោយប្រភេទ five-link។ វគ្គជម្រើសមួយចំនួនក៏មានផ្តល់ជូននូវប្រព័ន្ធបូមសម្រួលកម្រិតរំញ័រ CCD (CCD variable-damping suspension) ដើម្បីបង្កើនប្រសិទ្ធភាពនៃការបញ្ជាបើកបរផងដែរ។
សម្រាប់ការប្រព័ន្ធជំនួយការបើកបរ រាល់វគ្គជម្រើសទាំងអស់ លើកលែងតែម៉ូដែលកម្រិតចាប់ផ្តើម ត្រូវបានបំពាក់ដោយប្រព័ន្ធសេនស័រ LiDAR។ Galaxy TT មានផ្តល់ជូននូវប្រព័ន្ធបើកបរឆ្លាតវៃ Geely Afari Smart Driving (G-ASD) ប្រភេទ H5 ឬ H7។
ប្រព័ន្ធ H5 ប្រើប្រាស់បន្ទះឈីប J6M របស់ក្រុមហ៊ុន Horizon Robotics ខណៈដែលប្រព័ន្ធ H7 ប្រើប្រាស់បន្ទះឈីប Thor-U របស់ក្រុមហ៊ុន Nvidia។ មុខងារដែលមានផ្តល់ជូន រួមមាន៖ ប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តក្នុងក្រុង និងលើផ្លូវហាយវេ (NOA), ប្រព័ន្ធជំនួយការបើកបរពីចំណតមួយទៅចំណតមួយ និងប្រព័ន្ធចូលចតស្វ័យប្រវត្តិ។
កាប៊ីនខាងក្នុងមានបំពាក់ប្រព័ន្ធ Flyme Auto 2 និងប្រព័ន្ធ AI Super Eva អមដោយអេក្រង់កុងទ័រទំហំ 10.2 អ៊ីញ, ក្រង់បញ្ជាកណ្តាល Touchscreen ទំហំ 15.4 អ៊ីញ និងអេក្រង់ចាំងលើកញ្ចក់បង្កើនតថភាពពិត (AR-HUD) ទំហំ 25.6 អ៊ីញ។
រថយន្ត Sedan នេះក៏មានផ្តល់ជូននូវប្រព័ន្ធបាសចំនួន 23 គ្រាប់ និងមុខងារផាសុកភាព រួមមាន៖ មុខងារម៉ាសារកៅអី, ប្រព័ន្ធខ្យល់បក់ និងប្រព័ន្ធកម្តៅ។
Galaxy TT បានពង្រីកស្រឡាយរថយន្ត Sedan អគ្គិសនីរបស់ Galaxy ខណៈដែលក្រុមហ៊ុន Geely កំពុងប្រឈមមុខនឹងសម្ពាធក្នុងអាជីវកម្មក្នុងស្រុក ប៉ុន្តែការលក់នៅក្រៅប្រទេសមានការកើនឡើងយ៉ាងឆាប់រហ័ស។
យោងតាមទិន្នន័យដែលប្រមូលដោយ CnEVPost ក្រុមហ៊ុន Geely Auto លក់រថយន្តបានចំនួន 270,194 គ្រឿង ក្នុងខែកក្កដា ដែលកើនឡើង 8.01% ធៀបនឹងឆ្នាំមុន និងជាកម្រិតកំពូលថ្មីប្រចាំឆ្នាំ។
ការនាំចេញបានកើនឡើង 205% ធៀបនឹងឆ្នាំមុន រហូតដល់ 110,094 គ្រឿង ដែលស្មើនឹងប្រហែល 41% នៃបរិមាណលក់សរុប។ នោះមានន័យថា ការលក់ក្នុងស្រុកមានចំនួន 160,100 គ្រឿង សម្រាប់ខែនោះ ដែលធ្លាក់ចុះប្រហែល 25% ធៀបនឹងឆ្នាំមុន។
Galaxy គឺជាសសរទ្រទ្រង់ដ៏សំខាន់នៃអាជីវកម្មរបស់ Geely។ ម៉ាកយីហោមួយនេះលក់រថយន្តបានចំនួន 119,115 គ្រឿង ក្នុងខែកក្កដា ដែលកើនឡើង 7.63% ធៀបនឹងឆ្នាំមុន និងកើនឡើង 10.50% ធៀបនឹងខែមិថុនា។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
