Admin, 28 April 2026
នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026 ក្រុមហ៊ុន Geely បានសម្ពោធរថយន្ត Robotaxi គំរូដំបូងបង្អស់របស់ប្រទេសចិន ដែលមានឈ្មោះជាផ្លូវការថា Eva Cab។
ប្រព័ន្ធគណនា និងបញ្ញាសិប្បនិម្មិត (AI)
Eva Cab បំពាក់នូវម៉ូដែលភាសាខ្នាតធំ Step 3.5 ដែលមានប៉ារ៉ាម៉ែត្រដល់ទៅ 196 ប៊ីលាន និងប្រើប្រាស់ដំណោះស្រាយកម្រិតខ្ពស់ H9 ដែលមានកម្លាំងគណនាដល់ទៅ 1,400 TOPS។ ក្រុមហ៊ុន Geely អះអាងថា ម៉ូដែលខ្នាតធំនេះមានល្បឿនគណនាសម្រេចចិត្តលឿនជាងអ្នកបើកបរជាមនុស្សដល់ទៅ 3 ដង និងអាចដោះស្រាយស្ថានភាពធ្វើដំណើរប្រចាំថ្ងៃបានរហូតដល់ 99% រួមទាំងស្ថានភាពស្មុគស្មាញដូចជា ការបើកបរឆ្លងកាត់កន្លែងបង់ប្រាក់ដោយដៃ និងការ "ស្រមៃ" រកផ្លូវនៅលើផ្លូវជនបទដែលគ្មានគំនូសសញ្ញាចរាចរណ៍ជាដើម។
បច្ចេកវិទ្យាស្នូលរបស់វាគឺ World Action Model (WAM) ដែលធ្វើឱ្យរថយន្តអាច "គិត" និង "វិនិច្ឆ័យ" ដូចអ្នកបើកបរដែលមានបទពិសោធន៍ នៅពេលប្រឈមមុខនឹងផ្លូវដែលគ្មានរចនាសម្ព័ន្ធច្បាស់លាស់ ឬស្ថានភាពចរាចរណ៍ដែលត្រូវមានការយោគយល់គ្នា។
គ្រឿងបរិក្ខារចាប់សញ្ញា (Perception Hardware)
រថយន្តគំរូនេះបំពាក់ដោយសមាសភាគចាប់សញ្ញាចំនួន 43 គ្រាប់ រួមមានទាំង LiDAR និងកាមេរ៉ាកម្រិតច្បាស់ខ្ពស់ ដែលបង្កើតបានជាបណ្តាញចាប់សញ្ញា 360 ដឺក្រេ គ្មានចំណុចងងឹត (Blind spots)។ ប្រព័ន្ធនេះអាចកំណត់អត្តសញ្ញាណថ្មើរជើង យានយន្ត និងឧបសគ្គនានាដើម្បីចៀសវាងហានិភ័យ។ យោងតាមក្រុមហ៊ុន Geely រថយន្តនេះទទួលបានជោគជ័យដល់ទៅ 95% ក្នុងការធ្វើសមយុទ្ធបត់ត្រឡប់ក្រោយ (U-turn) ច្រើនតង់ ដែលជាសូចនាករសំខាន់នៃសមត្ថភាពបើកបរដូចមនុស្ស។
ការរចនា
Eva Cab បានបំបែកចោលនូវរចនាសម្ព័ន្ធកាប៊ីនរថយន្តបែបប្រពៃណី ដោយការលុបបំបាត់ចោលនូវចង្កូត និងសមាសភាគបញ្ជាធម្មតាៗទាំងអស់។ រថយន្តនេះក៏បានបញ្ចូលនូវបច្ចេកវិទ្យាគ្រោងឆ្អឹងឌីជីថល AI (AI digital chassis) របស់ Geely ដែលមានល្បឿនឆ្លើយតបត្រឹម 4 មីលីវិនាទី ដែលអនុញ្ញាតឱ្យមាន "ការចៀសវាងហានិភ័យដោយស្វ័យប្រវត្តិ" ក្នុងស្ថានភាពអាសន្នបំផុត ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរ។
កាលវិភាគដាក់ឱ្យប្រើប្រាស់ជាពាណិជ្ជកម្ម
Geely បានឱ្យដឹងថា កំណែដែលបានកែសម្រួលយ៉ាងស៊ីជម្រៅដោយសហការជាមួយ Caocao Mobility គ្រោងនឹងផលិតជាទ្រង់ទ្រាយធំក្នុងឆ្នាំ 2027 ដែលនៅពេលនោះប្រតិបត្តិការអាជីវកម្មនឹងចាប់ផ្តើម។ នេះនឹងនាំយកបច្ចេកវិទ្យាបើកបរដោយគ្មានមនុស្សបើកចូលទៅក្នុងស្ថានភាពដឹកជញ្ជូនជាក់ស្តែងជាបណ្តើរៗ។
កាលពីមុន មានសេចក្តីរាយការណ៍ថា ម៉ាក Zeekr របស់ Geely និងក្រុមហ៊ុន Waymo បានសហការគ្នាលើគម្រោង Robotaxi ផ្អែកលើម៉ូដែល Zeekr Mix ប៉ុន្តែហាក់ដូចជាដំណើរការមិនសូវរលូនឡើយ ហើយការលក់របស់ Zeekr Mix នៅក្នុងប្រទេសចិនបានធ្លាក់ចុះមកដល់សូន្យនៅឆ្នាំនេះ៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
