Admin, 13 May 2026
Freelander 8 ដែលជាម៉ូដែលដំបូងគេក្រោមម៉ាកយីហោ Freelander ដែលត្រូវបានរស់ឡើងវិញដោយក្រុមហ៊ុនបណ្តាក់ទុនរួម Chery Jaguar Land Rover ត្រូវបានបង្ហាញខ្លួននៅថ្ងៃនេះ ក្នុងឯកសារចុះបញ្ជីពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) នៃប្រទេសចិន។ រថយន្តនេះ ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026 ត្រូវបានកំណត់ទីតាំងជា "រថយន្ត SUV បច្ចេកវិទ្យាប្រណីតសម្រាប់គ្រប់ស្ថានភាពផ្លូវ" (luxury tech all-terrain SUV) ហើយត្រូវបានរំពឹងថានឹងដាក់លក់ជាផ្លូវការនៅឆមាសទីពីរនៃឆ្នាំនេះ។
រថយន្ត Freelander 8៖ ការរចនា និងលក្ខណៈបច្ចេកទេស
Freelander 8 ប្រើប្រាស់រចនាបថរាងប្រអប់បែបបុរាណ (boxy silhouette) ដែលមានបន្ទាត់ត្រង់ៗរឹងមាំ និងមានប៉ាណាខាងមុខជិត។ លក្ខណៈបច្ចេកទេសសំខាន់ៗរួមមាន៖
- វិមាត្រ៖ បណ្តោយប្រវែង 5,118mm (ឬ 5,185mm អាស្រ័យលើស៊េរី), ទទឹងប្រវែង 2,050mm និងកម្ពស់ 1,898mm។
- ប្រវែងចន្លោះកង់មុខក្រោយ (wheelbase)៖ 3,040mm។
- គ្រោងតួ (Platform)៖ បង្កើតឡើងនៅលើស្ថាបត្យកម្ម iMax ថ្មី ដែលគាំទ្រទាំងប្រព័ន្ធ BEV, EREV និង PHEV។
សម្រាប់ទីផ្សារប្រទេសចិន Freelander 8 នឹងមកជាមួយប្រព័ន្ធអគ្គិសនីកម្លាំងខ្លាំង 800V ប្រភេទ EREV ជាស្តង់ដារ។ វាបំពាក់អាគុយ Hybrid ប្រភេទ Freevoy ដែលបង្កើតឡើងរួមគ្នាជាមួយ CATL ដែលមានសមត្ថភាពបញ្ចេញថាមពលក្នុងកម្រិត 6C និងកម្លាំងសាកថ្មអតិបរមា 350 kW។
ភាពឆ្លាតវៃកម្រិតខ្ពស់ និងកិច្ចសហការ
Freelander 8 ត្រូវបានបំពាក់ដោយប្រព័ន្ធ LiDAR នៅលើដំបូល ហើយនឹងក្លាយជាម៉ូដែលដំបូងគេដែលប្រើប្រាស់ប្រព័ន្ធបើកបរឆ្លាតវៃ Huawei Qiankun ADS V4.1 ជាស្តង់ដារ។ ផ្នែកខាងក្នុងនៃរថយន្តនេះ ក៏នឹងក្លាយជាផលិតផលដំបូងគេក្នុងលោក ដែលប្រើប្រាស់ឈីប Qualcomm Snapdragon 8397 ផងដែរ។
ចំណុចដែលគួរឱ្យកត់សម្គាល់ យោងតាមព័ត៌មានចុះបញ្ជី Freelander 8 មានទម្ងន់ឡានទទេ 2,980 គីឡូក្រាម និងទម្ងន់ផ្ទុកសរុបអតិបរមា 3,495 គីឡូក្រាម ពោលគឺខ្វះតែ 5 គីឡូក្រាមទៀតប៉ុណ្ណោះនឹងគ្រប់ 3.5 តោន។ ដោយសារវាជាម៉ូដែលសម្រាប់លក់ជាសកល ដូច្នេះនៅក្នុងតំបន់អឺរ៉ុប អ្នកមិនចាំបាច់មានប័ណ្ណបើកបររថយន្តធុនធ្ងន់ (ឡានដឹកទំនិញ) ដើម្បីបើកបរវានោះទេ។
នៅក្នុងប្រទេសចិន រយៈពេល 12 ខែចុងក្រោយនេះ ម៉ាកយីហោ Land Rover លក់រថយន្តបានជាមធ្យមប្រហែល 1,000 គ្រឿងក្នុងមួយខែ។ ការលក់ខ្ពស់បំផុតបានកើតឡើងក្នុងខែឧសភា ឆ្នាំ 2025 ជាមួយនឹងចំនួន 1,297 គ្រឿង ខណៈដែលការលក់ទាបបំផុតគឺនៅក្នុងខែកញ្ញា ឆ្នាំដដែល ដែលលក់បានត្រឹមតែ 573 គ្រឿងប៉ុណ្ណោះ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
