Admin, 12 November 2026
រថយន្តអគ្គិសនីថ្មីរបស់ Maserati ដែលត្រូវបានបង្កើតឡើងដោយរួមគ្នាជាមួយក្រុមហ៊ុន Huawei និង JAC របស់ចិន ត្រូវបានរាយការណ៍ថាបានបញ្ចប់ការរចនា(Design)ផ្នែកខាងក្រៅរួចហើយ។ គម្រោងនេះ ដែលត្រូវបានគេហៅថា "Maserati Design" កំពុងរៀបចំទៅរកការផលិតជាទ្រង់ទ្រាយធំនៅត្រីមាសទី 4 នៃឆ្នាំ 2027 នេះបើយោងតាមការផ្សព្វផ្សាយកាលថ្ងៃទី 9 ខែវិច្ឆិកា ដោយប្រព័ន្ធផ្សព្វផ្សាយចិន Yicai។ គម្រោងនេះពាក់ព័ន្ធនឹងក្រុមហ៊ុនចំនួនបីគឺ Huawei, JAC និងក្រុមហ៊ុនមេរបស់ Maserati គឺ Stellantis រថយន្តទាំងនេះត្រូវបានរាយការណ៍ថានឹងត្រូវផលិតដោយ JAC និងប្រើប្រាស់បច្ចេកវិទ្យារបស់ Huawei។ ពួកវាត្រូវបានគេរំពឹងថានឹងត្រូវដាក់លក់ក្រោមម៉ាកយឺហោ Maextro នៅក្នុងប្រទេសចិន និងពាក់ស្លាកសញ្ញា Maserati នៅក្នុងទីផ្សារក្រៅប្រទេស។ ទោះបីយ៉ាងណាក៏ដោយ កាលបរិច្ឆេទការចាប់ផ្តើមផលិត និងកាលវិភាគលក់លើទីផ្សារមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនោះទេ។
ដូចដែលគេហទំព័រចិនមួយបានរាយការណ៍កាលពីរខែកញ្ញា Maserati កំពុងគ្រោងផលិតរថយន្តអគ្គិសនីចំនួនពីរម៉ូដែលជាមួយដៃគូចិនរបស់ខ្លួនគឺ រថយន្ត GT អគ្គិសនីខ្នាតធំ និងរថយន្ត SUV អគ្គិសនីពីខ្នាតមធ្យមទៅខ្នាតធំ។ រថយន្ត GT ត្រូវបានគេរាយការណ៍ថាជារថយន្តដែលទាក់ទាញពេលចេញផ្សាយជាលើកដំបូង ទោះបីជារបាយការណ៍ចុងក្រោយបំផុតមិនបានបញ្ជាក់ថាតើម៉ូដែលមួយណាដែលបានបញ្ចប់ការរចនាផ្នែកខាងក្រៅតួរខ្លួនរបស់វារក៏ដោយ។ ក្រោមការបែងចែកនិងទំនួលខុសត្រូវដែលបានស្នើឡើងដោយ Huawei នឹងផ្តល់បច្ចេកវិទ្យារថយន្តអគ្គិសនី រួមទាំងកាប៊ីនដែលផ្អែកលើ HarmonyOS និងប្រព័ន្ធបញ្ជាបញ្ញាសិប្បនិម្មិត Qiankun។ JAC នឹងគ្រប់គ្រងការអភិវឌ្ឍន៍ និងការផលិតរថយន្តនៅកន្លែងរបស់ខ្លួនក្នុងទីក្រុង Hefei ខេត្ត Anhui ខណៈដែល Maserati នឹងចូលរួមចំណែកដល់ការរចនារូបរាងរថយន្ត និងបណ្តាញការលក់នៅទីផ្សារអន្តរជាតិរបស់ខ្លួន។ ការរៀបចំផលិតនៅក្រៅប្រទេសក៏អាចពាក់ព័ន្ធនឹងការផលិតនៅក្នុងប្រទេសអ៊ីតាលីផងដែរ យោងតាមរបាយការណ៍ពីមុន តួររថយន្តនឹងត្រូវផលិតនៅក្នុងប្រទេសចិន ហើយត្រូវបានដឹកជញ្ជូនទៅប្រទេសអ៊ីតាលីសម្រាប់ការដំឡើងដំណាក់កាលចុងក្រោយ រួមទាំងការដំឡើងផ្ទៃខាងក្នុង ដែលរោងចក្ររបស់ Maserati នៅទីក្រុង Modena និង Cassino ដែលត្រូវជាអ្នកទទួលការតំឡើងជាសក្តានុពលនៃកិច្ចសហប្រតិបត្តិការមួយនេះ។ Maserati កំពុងប្រឈមមុខនឹងការលក់ធ្លាក់ចុះ និងការខាតបង់ហិរញ្ញវត្ថុដ៏ច្រើន ដែលក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីមួយនេះបានលក់ រថយន្តតិចជាង 8,000 គ្រឿងទូរទាំងជាសកលនៅក្នុងឆ្នាំ 2025 បើធៀបនឹង 49,000 គ្រឿងដែលជាចំណុចកំពូលការលក់របស់ខ្លួននៅឆ្នាំ 2017។ Maserati ក៏បានខាតបង់ទឹកប្រាក់ក្នុងប្រតិបត្តិការការប្រមូលរថយន្តមកកែសម្រួលប្រហែល 230 លានដុល្លារអាមេរិក នៅក្នុងឆ្នាំ 2025កន្លងទៅផងដែរ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
