Admin, 20 November 2026
អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla លោក Elon Musk បានមានប្រសាសន៍នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាសាធារណៈលើកដំបូងរបស់លោកទៅកាន់ទីក្រុងសិនជិន (Shenzhen) ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះ នឹងបន្តបង្កើនការផលិតនៅក្នុងប្រទេសចិន។ លោក Musk បានធ្វើការកត់សម្គាល់បែបនេះនៅថ្ងៃនេះ ក្នុងអំឡុងពេលជំនួបនៅទីក្រុងសិនជិន ជាមួយលោក Ren Hongbin ប្រធានក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ និងជាប្រធាននៃកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ APEC ឆ្នាំ 2026 (APEC CEO Summit 2026) នេះបើយោងតាមរបាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយ Yuyuan Tantian ដែលជាប្រព័ន្ធផ្សព្វផ្សាយឱ្យទូរទស្សន៍មជ្ឈិមចិន (CCTV)។
នៅក្នុងអំឡុងពេលជំនួបនោះ លោក Musk បានពិពណ៌នាខ្លួនឯងថាជាអ្នកគាំទ្រដ៏ងប់ងល់ (super fan) ម្នាក់របស់ប្រទេសចិន ដោយបានកោតសរសើរចំពោះស្ថាបត្យកម្ម ទេសភាពធម្មជាតិ និងប្រព័ន្ធផ្លូវដែករបស់ប្រទេសនេះ។លោក Musk បានមកដល់ទីក្រុងសិនជិន កាលពីថ្ងៃទី 18 ខែវិច្ឆិកា ជាមួយគណៈប្រតិភូសហរដ្ឋអាមេរិក ដើម្បីចូលរួមព្រឹត្តិការណ៍នានាពាក់ព័ន្ធនឹងសប្តាហ៍នៃមេដឹកនាំសេដ្ឋកិច្ច APEC ឆ្នាំ 2026 ដែលប្រារព្ធឡើងនៅក្នុងទីក្រុងនេះ។ ដោយចូលរួមពីចម្ងាយនៅក្នុងបទសម្ភាសន៍នៃកម្មវិធីទូរទស្សន៍មួយរបស់សហរដ្ឋអាមេរិក លោកបានហៅទីក្រុងសិនជិនថាជាមជ្ឈមណ្ឌលដ៏ធំបំផុតរបស់ប្រទេសចិនសម្រាប់បច្ចេកវិទ្យាទំនើប និងបាននិយាយថា ការរក្សាបាននូវពាណិជ្ជកម្ម និងទំនាក់ទំនងល្អរវាងប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាផលប្រយោជន៍ដ៏ល្អមួយកម្រិតសម្រាប់ពិភពលោក។
បន្ទាប់មក អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ បានហោះហើរពីទីក្រុងសិនជិន ទៅកាន់ទីក្រុងស៊ាងហៃ ដើម្បីជួបជាមួយក្រុមការងាររោងចក្រ Giga Shanghai នេះបើយោងតាមការបង្ហោះលើបណ្តាញសង្គម Weibo ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយអនុប្រធានក្រុមហ៊ុន គឺអ្នកស្រី Grace Tao។ អ្នកស្រី Tao បានសរសេរថា៖ «ដំណើរទស្សនកិច្ចរយៈពេលខ្លីត្រឹម 24 ម៉ោងរបស់លោក Musk នៅក្នុងប្រទេសចិន រួមបញ្ចូលទាំងជើងហោះហើរពិសេសពីទីក្រុងសិនជិន ទៅកាន់ទីក្រុងស៊ាងហៃ»។ អ្នកស្រីបាននិយាយថា លោកបានកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពផលិតកម្មនៃរោងចក្រ Shanghai Gigafactory ក៏ដូចជាការអនុវត្តការងារ និងស្តង់ដារផលិតកម្មដែលបង្ហាញដោយក្រុមការងារចិន។
Elon Musk met with the Giga Shanghai team
Elon Musk met with the Giga Shanghai team
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
