Admin, 06 December 2025

លោក Elon Musk បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមម្តងទៀត ដើម្បីបដិសេធពាក្យ​ចចាមអារ៉ាមដែលថា ក្រុមហ៊ុន Tesla នឹងបង្កើតម៉ូតូនៅថ្ងៃណាមួយ។ លោកថែមទាំងបាន​ចង្អុលបង្ហាញអំពីហេតុផលយ៉ាងច្បាស់ នៅពីក្រោយការ​សម្រេចចិ​ត្ត​នេះ។

នេះមិនមែនជាលើកទីមួយទេដែលមហាសេដ្ឋី Musk បានបដិសេធពាក្យចចាមអារ៉ាមអំពីម៉ូតូ Tesla ដោយមហាសេដ្ឋីរូបនេះបានហៅពាក្យចចាមអារ៉ាមអំពីម៉ូតូ Tesla ថាជាព័ត៌មានមិនពិ​ត​តាំង​ពីឆ្នាំ 2019 មកម្ល៉េះ។ ការដាក់ឱ្យដំណើរការរថយន្ត Cybertruck និង ATV ដែលអាចភ្ជាប់មកជាមួយគ្នា វាហាក់បីដូចបានបន្ថែមសាំងលើភ្លើងសម្រាប់​ពាក្យចចាម​អារ៉ាមទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ លោក Musk បានពន្លត់ភ្លើងទាំងនោះយ៉ាងលឿន ដោយនិយាយថា៖ "យើងនឹងមិនផលិតម៉ូតូសម្រាប់បើកបរលើផ្លូវទេ ព្រោះវាគ្រោះថ្នាក់ពេក។ ខ្ញុំធ្លាប់ត្រូវបានរថយន្តដឹកទំនិញបុក ហើយស្ទើរតែស្លាប់លើម៉ូតូកាលពីអាយុ 17 ឆ្នាំ"។

រូបភាព Ai បែបកំពុងពេញនិយម (Viral Ai images) ដែលជារឿយៗត្រូវបានគេហៅថា Deep Fakes បានលេចឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបង្ហាញលោក Elon Musk ឈរក្បែរវត្ថុ​អ្វីមួយ​​ដែលអ្នកបង្កើតរូបភាពហៅថា ម៉ូតូ Tesla។ ការបង្ហោះដែលបានចែករំលែកនៅ​លើ​វេទិកា​ 'X' របស់លោក Musk ផ្ទាល់បានជំរុញឱ្យលោកលលើកឡើងថា៖

"វាគ្មានថ្ងៃកើតឡើងទេ ព្រោះយើងមិនអាចធ្វើឱ្យម៉ូតូមានសុវត្ថិភាពបាន"។

"សម្រាប់ @CommunityNotes បទពិសោធន៍ជិតស្លាប់របស់ខ្ញុំគឺនៅលើផ្លូវម៉ូតូ(Road Bike)"។

"ម៉ូតូនៅលើដី (Dirt Bikes) មានសុវត្ថិភាព ប្រសិនបើអ្នកជិះដោយប្រុងប្រយ័ត្ន ព្រោះអ្នកមិនអាចត្រូវបានរថយន្តដឹកទំនិញបុកទេ"។

លោក Elon Musk បានបញ្ចេញព័ត៌មានខ្លះៗថា Tesla អាចនឹងឈានចូលទៅក្នុងប្រភេទ ATV កាន់តែស៊ីជម្រៅ ដោយលោកថែមទាំងបានចង្អុលបង្ហាញថា យានយន្តអគ្គិសនី Side-by-side អាចជាគំនិត "សប្បាយ" ផងដែរ៕

ប្រភព៖ United State News.

ប្រែសំរួល៖ AC Motors