Admin, 14 September 2026

            ក្រុមហ៊ុន Ducati ធ្លាប់បានបិទស្លាកសញ្ញារបស់ខ្លួនលើរថយន្ត ម៉ាស៊ីនឆុងកាហ្វេ និងផលិតផលជាច្រើនទៀតដែលអ្នកប្រហែលជាមិននឹកស្មានថានឹងឃើញស្លាកសញ្ញា Ducati នោះឡើយ។ នាពេលនេះ ក្រុមហ៊ុនកំពុងតែងាកមកចាប់អារម្មណ៍លើវិស័យនាវាចរណ៍វិញម្តង។

ក្រុមហ៊ុនផលិតម៉ូតូរបស់អ៊ីតាលីមួយនេះ បានចាប់ដៃគូជាមួយ Pirelli និង SACS Marine ដើម្បីបង្កើតម៉ូឌែលទូកល្បឿនលឿន Pirelli Speedboats ស៊េរីថ្មី ដែលទូកនេះត្រូវបានអភិវឌ្ឍឡើងដើម្បីអបអរសាទរខួបលើកទី 100 របស់ Ducati

មិនទាន់មានព័ត៌មានបច្ចេកទេសច្រើនត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែ Ducati បានឱ្យដឹងថា នាវាថ្មីនេះទទួលបានការបំផុសគំនិតចេញពីម៉ូតូដ៏ពិសេស និងកម្របំផុតមួយរបស់ខ្លួន ដោយមានបំពាក់នូវពណ៌គំនូរពិសេស ព្រមទាំងចំណុចលម្អិតនៃការរចនាដែលអភិវឌ្ឍឡើងដោយនាយកដ្ឋានរចនា Centro Stile របស់ Ducati ផ្ទាល់។

ទូកនេះផ្អែកលើត្រកូលទូក Pirelli Speedboats ដែលមានស្រាប់ ដែលត្រូវ បានផលិតឡើងតាមរយៈកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាង Pirelli និងក្រុមហ៊ុនផលិតនាវារបស់អ៊ីតាលី SACS Marine។ ក្រុមហ៊ុនទាំងពីរបានធ្វើការជាមួយគ្ន អស់រយៈពេលជាង 20 ឆ្នាំមកហើយ ដោយភាគច្រើនផលិតទូកប្រភេទ Maxi-RIBs (Rigid Inflatable Boats) សមត្ថភាពខ្ពស់។

ការរួមបញ្ចូលគ្នានៃអត្តសញ្ញាណម៉ូតូ និងសោភ័ណភាព

ការចូលរួមរបស់ Ducati មានន័យថា ម៉ូឌែលថ្មីនេះទទួលបានរូបរាងដែលបំផុសគំនិតយ៉ាងច្បាស់ចេញពីម៉ូតូ ដោយក្រុមហ៊ុនបានបញ្ជាក់ថា បេតិកភណ្ឌប្រណាំងរបស់ខ្លួនបានជួយជម្រុញដល់ខ្សែកោង, ជម្រើសពណ៌ និងចំណុចលម្អិតផ្សេងៗនៃទូក។

តើម៉ូតូម៉ូឌែលណាមួយរបស់ Ducati ដែលបានផ្តល់ជាការបំផុសគំនិតនោះ នៅតែជាការលាក់កំបាំងនៅឡើយ ដោយទូកថ្មីនេះត្រូវបានគ្រោងទុកថានឹងបង្ហាញខ្លួនជាសាធារណៈនៅក្នុងព្រឹត្តិការណ៍ 2026 Cannes Yachting Festival ចាប់ពីថ្ងៃទី 8 ដល់ថ្ងៃទី 13 ខែកញ្ញា។

គម្រោងនេះត្រូវបានដាក់បង្ហាញជាការជួបជុំគ្នានៃម៉ាកយីហោអ៊ីតាលីចំនួនបី ដោយបូកបញ្ចូលគ្នានូវការរចនាម៉ូតូ និងសមត្ថភាពរបស់ Ducati ជាមួយនឹងការចូលរួមរបស់ Pirelli ក្នុងកីឡាយានយន្ត (motorsport) និងបទពិសោធន៍របស់ SACS Marine នៅក្នុងពិភពនាវាចរណ៍។

សម្រាប់ Ducati នេះគឺជាឧទាហរណ៍មួយទៀតនៃកម្រិតដែលក្រុមហ៊ុនត្រៀមខ្លួនរួចរាល់ក្នុងការសន្ធឹងម៉ាកយីហោរបស់ខ្លួនឱ្យហួសពីដែនកំណត់នៃម៉ូតូ។ ក្រុមហ៊ុនផលិតរូបនេះធ្លាប់បានសហការលើផ្នែករថយន្ត រួមទាំងទំនាក់ទំនងរបស់ខ្លួនជាមួយ Lamborghini ខណៈដែលផលិតផលដែលមានម៉ាកសញ្ញា Ducati ក៏បានលេចមុខនៅក្នុងទីតាំងប្លែកៗជាច្រើនផងដែរ។ ឥឡូវនេះ អ្នកអាចបន្ថែមទូកល្បឿនលឿន (speedboat) ចូលទៅក្នុងបញ្ជីនេះបានហើយ។

លោក Claudio Domenicali អគ្គនាយកប្រតិបត្តិ (CEO) របស់ Ducati បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការថ្មីនេះថា៖

«សមត្ថភាព (Performance) គឺជាភាសាដែល Ducati, Pirelli និង SACS Marine និយាយជារៀងរាល់ថ្ងៃ នៅក្នុងពិភពរៀងៗខ្លួន។ ផលិតផលមានការផ្លាស់ប្តូរ ប៉ុន្តែវិធីសាស្ត្រគឺមិនផ្លាស់ប្តូរឡើយ៖ នោះគឺការស្វែងរកភាពល្អឥតខ្ចោះជាប្រចាំ, ការប្រាថ្នាចង់រុញច្រានព្រំដែន និងការយកចិត្តទុកដាក់ឥតសំចៃលើគ្រប់ចំណុចលម្អិតទាំងអស់។ វាគឺជាចក្ខុវិស័យរួមគ្នានេះហើយ ដែលបានធ្វើឱ្យវាក្លាយជារឿងធម្មជាតិសម្រាប់យើងក្នុងការឈានជើងចូលក្នុងដំណើរមួយនេះជាមួយគ្នា»

ព័ត៌មានលម្អិតទាំងស្រុងនៃម៉ូឌែល Pirelli Speedboats ដែលបំផុសគំនិតដោយ Ducati នឹងត្រូវ បានប្រកាសនៅក្នុងទីក្រុង Cannes រួមទាំងព័ត៌មានច្បាស់លាស់ថា តើម៉ូតូម៉ូឌែលណាដែលបានផ្តល់ការបំផុសគំនិតដល់ការរចនារបស់វា និងអ្វីដែលកិច្ចសហប្រតិបត្តិការបីភាគីរបស់អ៊ីតាលីមួយនេះបានផលិតចេញមកពិតប្រាកដ។



ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors