Admin, 16 hours ago
ក្រុមហ៊ុន Ducati បានបញ្ជាក់ថា ការប្រកួត Multistrada V4 Voyagers លើកទី 2 នឹងត្រឡប់ មកវិញនៅក្នុងខែមេសានេះ ដោយលើកទឹកចិត្តឱ្យអ្នកជិះម៉ូតូពីទូទាំងពិភពលោក មកចែក រំលែករឿងរ៉ាវរបស់ពួកគេ។
ការប្រកួត Multistrada V4 Voyagers បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ 2025 ហើយវា ត្រឡប់មកវិញជាមួយនឹងជម្រើសចំនួន 6 ផ្នែក រួមមាន៖ អ្នកជិះទោល (The Solo Rider), ការផ្សងព្រេងបំផុត (The Most Adventurous) និងការធ្វើដំណើរជាក្រុម (The Group Journey)។ ចំណែក 3 ផ្នែកទៀតគឺ៖ ការធ្វើដំណើររបស់ក្លឹបម្ចាស់ Ducati (The D.O.C. Journey), ការធ្វើដំណើរចម្ងាយឆ្ងាយបំផុត (The Longest Journey) និងការលើកសរសើរ ពិសេស (Special Mention)។ មិនថាអ្នកចង់ចូលរួមក្នុងផ្នែកណានោះទេ Ducati និយាយថា រាល់រឿងរ៉ាវដែលបានដាក់មកអំពីការធ្វើដំណើរជាមួយម៉ូតូ Multistrada V4 នឹងត្រូវបានរក្សា ទុក។ បន្ទាប់មក ក្រុមហ៊ុនដែលមានមូលដ្ឋាននៅតំបន់ Borgo Panigale មួយនេះ នឹងជ្រើស រើសអ្នកឈ្នះ ដើម្បីយកសាច់រឿងរបស់ពួកគេទៅចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ Ducati និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។
ជាឧទាហរណ៍ កាលពីឆ្នាំមុន អ្នកឈ្នះក្នុងផ្នែក "អ្នកជិះទោល" គឺលោក Oscar Garcia ដែលបានជិះម៉ូតូ Multistrada V4 S ឆ្លងកាត់ដំណាក់កាលខុសៗគ្នា ចំនួន 7 ដោយចាប់ ផ្តើមពីទីក្រុង Minneapolis រហូតទៅដល់តំបន់ Tuktoyaktuk នៃមហាសមុទ្រអាកទិក។ ចំណែកអ្នកឈ្នះផ្នែក "ការផ្សងព្រេងបំផុត" គឺលោក Pontus Hagen ដែលបានធ្វើដំណើរ ជាមួយម៉ូតូ Multistrada V4 Rally ពីប្រទេសមួយក្នុងតំបន់ភាគខាងកើតអាស៊ីអាគ្នេយ៏ ទៅកាន់ភ្នំអេវឺរ៉េស (Mount Everest)។ ការធ្វើដំណើរនោះមានចម្ងាយផ្លូវសរុបជាង 10,000 គីឡូម៉ែត្រ។ ក្នុងចន្លោះផ្លូវពីតំបន់អាស៊ីអាគ្នេយ៏ទៅ ភ្នំអេវឺរ៉េស លោក Hagen បានជិះកាត់ប្រទេសឡាវ ចិន និងទីបេ ដោយចំណាយពេល 28 ថ្ងៃដើម្បីបញ្ចប់ការធ្វើដំណើរនេះ។
សម្រាប់អ្នកដែលត្រូវបានជ្រើសរើសជាអ្នកឈ្នះ Ducati នឹងផ្តល់រង្វាន់ជាច្រើន រួមមាន៖ ឈុតសម្ភារធ្វើដំណើររបស់ Ducati, សំបុត្រចូលទស្សនា Borgo Panigale Experience និងសំបុត្រប្រភេទ Biker-pass រយៈពេល 3 ថ្ងៃ សម្រាប់កម្មវិធី World Ducati Week 2026 ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី 3 ដល់ទី 5 ខែកក្កដា នៅទីលានប្រណាំង Misano World Circuit Marco Simoncelli។
លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីការប្រកួត Multistrada V4 Voyagers ឆ្នាំ 2026 នៅលើគេហទំព័រផ្លូវការរបស់ Ducati៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
