Admin, 17 March 2026

               ក្រុមហ៊ុនផលិតម៉ាស៊ីនបូមធូលីរបស់ចិន Dreame បានដាក់បង្ហាញអាគុយប្រភេទ Solid-state របស់ខ្លួននៅក្នុងពិព័រណ៍ Appliance & Electronics World Expo (AWE) ឆ្នាំ 2026 ក្នុងទី ក្រុងស៊ាងហៃ។ ការចែកចាយក្នុងបរិមាណតិចតួចនឹងចាប់ផ្តើមនៅឆ្នាំនេះ ខណៈដែលការ ផលិតទ្រង់ទ្រាយធំត្រូវបានគ្រោងទុកសម្រាប់ឆ្នាំ 2027។

Dreame គឺជាក្រុមហ៊ុនផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះរបស់ចិនដែលបង្កើតឡើងដោយ លោក Yu Hao និងបានក្លាយជាផ្នែកមួយនៃ "ខ្សែសង្វាក់ប្រព័ន្ធអេកូឡូស៊ី Xiaomi" (Xiaomi Ecological Chain) ក្នុងឆ្នាំ 2017។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានប្រកាសពីការ ឈានជើង ចូលក្នុងវិស័យយានយន្ត ដោយបានបង្ហាញរថយន្តគំរូ (Concept cars) ជាច្រើនក្រោម ម៉ាកសញ្ញា Kosmera, Star Motor និង Nebula។ រថយន្តភាគច្រើនទាំងនេះបានក្លាយ ជាចំណងជើងព័ត៌មានក្តៅគគុក ដោយសារតែរូបរាងរបស់វាមានលក្ខណៈស្រដៀងទៅ នឹងរថយន្ត Bugatti, Rolls-Royce និង M-Hero។

កន្លងមក Dreame បានបង្ហើបថា រថយន្តគំរូ Nebula Next 01 របស់ខ្លួនមានភាពរឹងមាំនៃតួខ្លួន (Torsional stiffness) ជាង 45,000 Nm/deg និងមានមេគុណទប់ខ្យល់ (Drag coefficient) កម្រិត 0.185 Cd។ប្រព័ន្ធបញ្ជូនកម្លាំងរបស់វាត្រូវបានគេរាយការណ៍ថាមានម៉ូទ័រអគ្គិសនីចំនួន 4 ដែលម៉ូទ័រនីមួយៗមានកម្លាំង ៤៦៩ សេះ។ កម្លាំងសរុបបញ្ចូលគ្នាឡើងដល់ 1,903 សេះ។ នៅថ្ងៃទី 12 ខែមីនា Dreame បានបង្ហាញរថយន្តប្រភេទ Crossover ម៉ូដែល Nebula Next 01X ដោយបានបង្ហើបអំពីបច្ចេកវិទ្យាអាគុយ Solid-state នេះ។


អាគុយ Solid-state របស់ Dreame

Dreame បានបញ្ចេញអាគុយ Solid-state នេះនៅក្នុងពិព័រណ៍ AWE ឆ្នាំ 2026 នៅស៊ាងហៃ។ មន្ត្រីរបស់ម៉ាកសញ្ញានេះបានហៅកញ្ចប់អាគុយនេះថា “Starry Sky Crystal Core Power Battery”។ Dreame មិនបានចែករំលែកព័ត៌មានលម្អិតស៊ីជម្រៅអំពីបច្ចេកវិទ្យានេះទេ ហើយក៏មិនទាន់ច្បាស់ដែរថា តើអាគុយនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនផលិត ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះនេះផ្ទាល់ ឬយ៉ាងណា។ ទោះជាយ៉ាងណាក៏ដោយ Dreame បានសង្កត់ធ្ងន់ថា នេះគឺជាកញ្ចប់អាគុយដំបូងគេដែលត្រៀមរួចជាស្រេចសម្រាប់ការ ផលិតទ្រង់ទ្រាយធំ។

អាគុយ Solid-state របស់ Dreame ប្រើប្រាស់កោសិកាដែលមានសមត្ថភាព 60 Ah (Ampere-hours)។ ថ្នាក់ដឹកនាំក្រុមហ៊ុនបានអះអាងថា Dreame នឹងចាប់ផ្តើមចែកចាយក្នុងបរិមាណ តិចតួចនៅឆ្នាំនេះ ហើយការផលិតទ្រង់ទ្រាយធំនឹងចាប់ផ្តើមនៅឆ្នាំ 2027។

សារព័ត៌មាន CarNewsChina រំពឹងថា ក្រុមហ៊ុន GAC Group អាចនឹងក្លាយជាអ្នកផ្គត់ផ្គង់ កោសិកាអាគុយឱ្យ Dreame ដោយសារក្រុមហ៊ុននេះបានបញ្ចប់ខ្សែសង្វាក់ផលិតកម្ម កោសិកាអាគុយ Solid-state កម្លាំងខ្ពស់ដំបូងគេបង្អស់របស់ខ្លួននាពេលកន្លងមក។ កោសិកាទាំងនោះមានសមត្ថភាព 60 Ah និងដង់ស៊ីតេទំហំរហូតដល់ 7.7 mAh/cm²។ មន្ត្រីរបស់ GAC កាលពីមុនធ្លាប់បានចែករំលែកថា រថយន្តដែលបំពាក់កោសិកា Solid-state អាចបង្កើនចម្ងាយបើកបរបានជិតទ្វេដង បើធៀបនឹងអាគុយធម្មតា។


មតិរបស់អ្នកសម្របសម្រួល (Editor’s comment)

Dreame បានក្លាយជាការវិវត្តន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយនៅក្នុងឧស្សាហកម្មរថយន្ត របស់ចិន។ ក្រុមហ៊ុននេះបានបង្កើតភាពភ្ញាក់ផ្អើលជាមួយនឹងរថយន្តគំរូជាច្រើន និងរឿង អាស្រូវជុំវិញការចម្លងរចនាប័ទ្ម (Plagiarism)។ Dreame នៅតែបន្តបង្ហាញម៉ូដែលថ្មីៗ នៅក្នុង ការពិព័រណ៍ផ្សេងៗ ព្រមទាំងបង្ហាញបច្ចេកវិទ្យាថ្មីៗក្នុងពេលតែមួយ។ ប៉ុន្តែរហូត មកដល់ ពេលនេះ អ្វីដែលយើងបានឃើញមានត្រឹមតែ "សំបកក្រៅដ៏ស្រស់ស្អាត" ជាមួយនឹងការ សង្ស័យអំពីការចម្លងបច្ចេកវិទ្យាពីគេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតម៉ាស៊ីន បូមធូលីមួយនេះនៅតែអាចរក្សាការចាប់អារម្មណ៍ និងបង្កើតចំណងជើងព័ត៌មានបាន ជាបន្ត បន្ទាប់។ ប៉ុន្តែ យើងនៅមិនទាន់អាចវាយតម្លៃដោយវត្ថុបំណងនូវរថយន្ត ឬបច្ចេកវិទ្យារបស់ ក្រុមហ៊ុននេះបាននៅឡើយទេ៕


ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)