Admin, 21 July 2026
ក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា ស្រឡាយរថយន្ត Crossover ប្រភេទ EREV (Extended-Range Electric Vehicle ) ម៉ូដែល Xiaomi Skynomad បើកបរដោយថាមពលអគ្គិសនីសុទ្ធរហូតដល់ 505 គីឡូម៉ែត្រ ក្រោមលក្ខខណ្ឌស្តង់ដារ CLTC អរគុណដល់កញ្ចប់អាគុយប្រភេទ Ternary NMC ទំហំ 76 kWh ពីក្រុមហ៊ុន CALB។ ដោយឡែក រថយន្តបង្គោលលំដាប់កំពូលម៉ូដែល Skynomad N90 នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Chengdu Auto Show 2026 នៅថ្ងៃទី 21 ខែសីហាខាងមុខនេះ។
កាលពីថ្ងៃទី 16 ខែកក្កដា មន្ត្រីជាន់ខ្ពស់របស់ Xiaomi បានលាតត្រដាងថា រាល់រថយន្ត SUV ទាំងអស់នៅក្នុងស្រឡាយ Skynomad នឹងបំពាក់នូវកញ្ចប់អាគុយប្រភេទ Ternary NMC ទំហំ 76 kWh ដូចៗគ្នា។ ស្រឡាយនេះនឹងរួមបញ្ចូលទាំងម៉ូដែល Skynomad N70 ដែលជារថយន្ត Crossover ខ្នាតធំមាន 5 កៅអី និងម៉ូដែលបង្គោលលំដាប់កំពូល Skynomad N90 ដែលជារថយន្ត SUV មាន 6 កៅអី។ ពួកវានឹងមានសមត្ថភាពបើកបរបានចម្ងាយរហូតដល់ 505គីឡូម៉ែត្រ រាល់ពេលសាកថ្មពេញម្តង ក្រោមលក្ខខណ្ឌ CLTC។
កាលពីមុន ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បានរាយការណ៍ថា ម៉ូដែល Skynomad N70 មានចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធតាមស្តង់ដារ WLTC ពី 370 ដល់ 380 គីឡូម៉ែត្រ អាស្រ័យលើប្រភេទប្រព័ន្ធបើកបរ។ ចំណែកឯម៉ូដែលខ្នាតធំជាង Skynomad N90 មានចម្ងាយបើកបរតាមស្តង់ដារ WLTC ចំនួន 363 គីឡូម៉ែត្រ។ កញ្ចប់អាគុយទំហំ 76 kWh នេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន CALB ដែលវាមានទម្ងន់ស្រាលប្រហាក់ប្រហែល 400 គីឡូក្រាមប៉ុណ្ណោះ។
ផ្អែកលើព័ត៌មានកន្លងមក រថយន្ត Xiaomi Skynomad N70 ស៊ីប្រេងឥន្ធនៈចន្លោះពី 6.1 ដល់ 6.26 លីត្រ ក្នុងចម្ងាយផ្លូវ 100 គីឡូម៉ែត្រ នៅពេលដែលអាគុយអស់ថាមពល (drained battery)។ ចំណែកឯម៉ូដែលខ្នាតធំ N90 មានកម្រិតស៊ីប្រេងដល់ 6.28 លីត្រ ក្នុង 100 គីឡូម៉ែត្រ។ បច្ចុប្បន្ន មិនទាន់មានព័ត៌មានលម្អិតអំពីទំហំធុងសាំងរបស់ម៉ូដែលទាំងនេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ទាំង N70 និង N90 សុទ្ធតែប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ កូដ M15DRE ដែលផលិតដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Changan គឺក្រុមហ៊ុន Harbin Dongang។ ម៉ាស៊ីននេះមានកម្លាំងអតិបរមា 112 kW (150 សេះ) ដោយម៉ាស៊ីនចំហេះក្នុង (ICE) មួយនេះ ដើរតួជាម៉ាស៊ីនភ្លើង (generator) សម្រាប់បញ្ជូនថាមពលទៅកាន់អាគុយប៉ុណ្ណោះ។
រថយន្ត SUV ប្រភេទ 5 កៅអី Skynomad N70 មានវិមាត្រ៖ បណ្តោយប្រវែង 4,960mmទទឹង ប្រវែង 1,998mm និងកម្ពស់ 1,785mm ជាមួយប្រវែងចន្លោះកង់មុខក្រោយ 2,950mm។ វគ្គជម្រើសកម្រិតដំបូង (entry-level) របស់វា ផ្តល់ជូននូវម៉ូទ័រអគ្គិសនីទោលនៅអ័ក្សកង់ខាងក្រោយ ផលិតកម្លាំងបាន 210 kW (282 សេះ) ផ្គូរផ្គងជាមួយកញ្ចប់អាគុយប្រភេទ LFP ទំហំ 52 kWh ផលិតដោយក្រុមហ៊ុន Sunwoda ដែលអាចបើកបរបានចម្ងាយ 270 គីឡូម៉ែត្រ ក្រោមស្តង់ដារ WLTC។ ចំណែកឯវគ្គតុបតែងប្រភេទបើកបរវិលពេញកង់ (AWD) នៃម៉ូដែល N70 មានបន្ថែមម៉ូទ័រអគ្គិសនីកម្លាំង 100 kW (134 សេះ) នៅអ័ក្សកង់ខាងមុខ ធ្វើឱ្យកម្លាំងទិន្នផលសរុបកើនឡើងដល់ 310 kW ( 416 សេះ) ជាមួយកញ្ចប់អាគុយទំហំ 76 kWh ដែលបានរៀបរាប់ខាងលើ។
ដោយឡែក រថយន្ត Xiaomi Skynomad N90 គឺជារថយន្ត Crossover ខ្នាតធំពេញតួ (full-size) ដែលមានវិមាត្រ៖ បណ្តោយប្រវែង 5,285mm, ទទឹងប្រវែង 1,998mm និងកម្ពស់ 1,825mm។ វាដំឡើងមកជាស្តង់ដារជាមួយម៉ូទ័រអគ្គិសនីចំនួនពីរ ផលិតកម្លាំងបាន 310 kW (416 សេះ)។ ថ្នាក់ដឹកនាំរបស់ Xiaomi បានចែករំលែកថា ម៉ូដែល Skynomad N90 នឹងបង្ហាញខ្លួនផ្ទាល់ជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តអន្តរជាតិ Chengdu International Motor Show លើកទី 29 នៅថ្ងៃទី 21 ខែសីហានេះ។
យោងតាមទិន្នន័យពី China EV DataTracker បរិមាណលក់របស់ក្រុមហ៊ុន Xiaomi Auto សម្រេចបានចំនួន 15,055 គ្រឿង នៅក្នុងឆមាសទី 1 នៃឆ្នាំ 2026 (H1 2026) ដែលកើនឡើង 17.2% ធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុនផលិតរថយន្តវ័យក្មេងមួយនេះ បានកំណត់គោលដៅលក់ដ៏មានមហិច្ឆតាសម្រាប់ឆ្នាំ 2026 សរុបចំនួន 550,000 គ្រឿង។ វាហាក់បីដូចជាក្រុមហ៊ុន Xiaomi រំពឹងទុកថា ស្រឡាយរថយន្ត Skynomad នឹងប្រែខ្លូនទៅជាក្បាលម៉ាស៊ីនជម្រុញការលក់ថ្មីរបស់ម៉ាកយីហោ ដើម្បីធ្វើឱ្យគោលដៅនេះអាចសម្រេចទៅបាន។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
